ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រៃសណីយ៍​ប្រកាស​ស្វែងរក​ស្ត្រី​ឆ្នើម​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​បើក​នូវ​កម្មវិធី​ថ្មី​សន្លាង​មួយ​ឈ្មោះ​ថា «​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨» ក្នុង​គោលបំណង​លើកទឹកចិត្ត​ស្ត្រី​ឱ្យ​ចូលរួម​កាន់តែ​ច្រើន​ផុសផុល​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ពាំនាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​បើក​នូវ​កម្មវិធី​ថ្មី​សន្លាង​មួយ​ឈ្មោះ​ថា «​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨» ក្នុង​គោលបំណង​លើកទឹកចិត្ត​ស្ត្រី​ឱ្យ​ចូលរួម​កាន់តែ​ច្រើន​ផុសផុល​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ពាំនាំ និង​កែប្រែ​កម្ពុជា​ឱ្យ​ក្លាយទៅជា​ប្រទេស​មួយ​ដែល​មាន​សក្តានុពល និង​រីក​ចម្រើន​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​នេះ ក៏​ដូច​ជា​បង្ហាញ​​ពី​ការ​តាំងចិត្ត​របស់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​ឌី​ជី​ថ​ល​ក្នុង​វិស័យ​យេ​ន​ឌ័​រ​។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

កម្មវិធី​នេះ​ផ្តោត​លើ​ប្រធានបទ «​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​តាម​រយៈ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​» នឹង​ប្រកាស​ស្វែងរក​បេក្ខភាព​ជា​ស្ត្រី ចាប់ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភ​: ឆ្នាំ​២០១៨ ។ បន្ទាប់​មក​ក្រសួង​នឹង​ធ្វើការ​ជ្រើសរើស ហើយ​វាយតម្លៃ​រក​ស្ត្រី​ឆ្នើម​ដែល​មានគុណ​សម្បត្តិ​គ្រប់គ្រាន់ ។ អ្នក​ជ័យ​លា​ភី​ចំនួន​៣​រូប នឹង​ត្រូវ​ផ្តល់​កិត្តិយស​ទទួល​ពានរង្វាន់​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ ។

ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កម្មវិធី​នេះ លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា ៖« កន្លង​មក យើង​មើលឃើញ​ថា ស្ត្រី​កម្ពុជា​មាន​ចំនួន​តិចតួច​ណាស់​ដែល​បាន​ចាប់​យក​ជំនាញ និង​ធ្វើការ​ក្នុង​វិស័យ​នេះ ទោះជា​ពួក​គាត់​មាន​សមត្ថភាព និង​ការ​ច្នៃប្រឌិត​ប្លែក​ៗ​មិន​ចាញ់​បុរស​ក៏​ដោយ » ។

លោក​បន្ដ​ថា ៖« ដើម្បី​ជំរុញ​ការ​ចូលរួម​បន្ថែម​ទៀត យើង​ចាំបាច់​ត្រូវ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​នានា ។ ជា​លទ្ធផល ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​បំផុសទឹកចិត្ត​ឱ្យ​ស្ត្រី​ដទៃ​ទៀត​ចាប់អារម្មណ៍ និង​ចូលរួម​ជា​បន្តបន្ទាប់ » ។

កម្មវិធី​នេះ មាន​ពានរង្វាន់​ផ្នែក​បច្ចេកវិទ្យា​ចំនួន​៣​ប្រភេទ​គឺ ៖
១-​សហគ្រិន​ឆ្នើម​ស្ត្រី​ក្នុង​បច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award)

២-​វិស្វករ​ស្ត្រី​ជោគជ័យ​ក្នុង​ជំនាញ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា (Cambodian Woman ICT Engineer Award)

៣-​ស្ត្រី​ដែល​បាន​ចូលរួម​ជំរុញ​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម ឬ​សហគមន៍ (Cambodian Woman ICT For Community Award)

សូម​បញ្ជាក់​ថា ស្ត្រី​ឆ្នើម​នៅ​កម្ពុជា​ទាំង​៣​ប្រភេទ​ដែល​បាន​ជ្រើសរើស ត្រូវ​តែ​ជា​ក្រុម​ស្ត្រី​កម្ពុជា​ដែល​មាន​សក្តានុពល​ក្នុង​ផ្នែក​បច្ចេកវិទ្យា មាន​ភាព​ជា​អ្នកដឹកនាំ​ខ្ពស់ ព្រមទាំង​បាន​ប្រើប្រាស់​នូវ​ជំនាញ​របស់​ខ្លួន ដើម្បី​បម្រើ​ការ​ក្នុង​ស្ថាប័ន ក៏​ដូច​ជា​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ ក្រៅពី​នេះ ពួក​គាត់​ក៏​ត្រូវ​តែ​ជា​ស្ត្រី​កម្ពុជា​ដែល​​បាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ផ្នែក​ណាមួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា សម្រាប់​​យក​មក​បម្រើ​ផលប្រយោជន៍​ក្នុង​សង្គម​កម្ពុជា​ជា​រួម ។

សាធារណជន​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ដែរ ដោយ​ស្នើ​បេក្ខភាព​ស្ត្រី​ដែល​លោក​អ្នក​គិត​ថា ជា​ស្ត្រី​ឆ្នើម ឬ​ស្ត្រី​គំរូ​ក្នុង​វិស័យ​នេះ ។ ការ​ស្នើ​បេក្ខភាព​អាច​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់ http://cbrd.gov.kh/nominations ដើម្បី​បំពេញ​បែប​បទ​ស្នើ​បេក្ខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ