ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មានរឿងព្រេងដំណាលអ្វីខ្លះ? ទើប​​​ហៅ​«ប្រាសាទ​នាងខ្មៅ»

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖​ ប្រាសាទនាងខ្មៅ​ ជា​ប្រាសាទ​បុរាណ​សាងសង់​ឡើង​អំពី​ថ្មភក់ និង​ឥដ្ឋ ក្នុង​រចនាបថ​កោះកែ សម័យ​អង្គរ​សតវត្ស​ទី​១០​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ នៃ​គ្រឹ​ស្ត​សករាជ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ក្នុង​ព្រហ្មញ្ញសាសនា ។…

ខេត្តតាកែវ ៖​ ប្រាសាទនាងខ្មៅ​ ជា​ប្រាសាទ​បុរាណ​សាងសង់​ឡើង​អំពី​ថ្មភក់ និង​ឥដ្ឋ ក្នុង​រចនាបថ​កោះកែ សម័យ​អង្គរ​សតវត្ស​ទី​១០​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ នៃ​គ្រឹ​ស្ត​សករាជ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ក្នុង​ព្រហ្មញ្ញសាសនា ។ ប្រាសាទ​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ ជាប់​ផ្លូវជាតិ​លេខ​២ ចម្ងាយ​ប្រមាណ​៥២​គីឡូម៉ែត្រ​ពី​ភាគ​ខាងត្បូង រាជ​ភ្នំពេញ ២៧​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​តាកែវ និង​៣​គីឡូ​ម៉ែត្រ​​​ ពី​ភ្នំ​ជី​សូរ ។ បានជា​ហៅ​ថាវ​ត្ដ​ប្រាសាទនាងខ្មៅ ព្រោះ​ក្នុង​វត្ដ​នោះ​មាន​ប្រាសាទបុរាណ​ពីរ ឈ្មោះ​ប្រាសាទនាងខ្មៅ នៅ​ខាងលិច​វិហារ ចំ​ខ្លោងទ្វារវត្ដ​ទិសបស្ចឹម​។ ប្រាសាទ​ទាំង​ពីរ​នោះ​ធ្វើ​ពី​ថ្ម​ផង ឥដ្ឋ​ផង ទំហំ​៤​ម៉ែត្រ​៤​ជ្រុង កម្ពស់​១០​ម៉ែត្រ កំពូល​ស្រួច​ដូច​ចេតិយ​ខ្ពស់ត្រដែត ។

ដើម​កំណើត​នៃ​ប្រាសាទនាងខ្មៅ​មានរឿង​ព្រេង​តំណាល​ថា ​៖ ក្នុង​អតីតកាល​កន្លង​យូរ​ទៅ​ហើយ មាន​ស្ដេច​មួយ​ព្រះ​អង្គ​ទ្រង់មាន​ព្រះ​នាម​ព្រះបាទ​សុរិយោ​វង្ស គង់នៅ​ភ្នំ​ជី​សូរ ជា​ស្ដេច​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធិ មានបុណ្យ​ច្រើន​ទ្រង់​បាន​សាង​ប្រាសាទប្រាំ និង​ទ្រង់​ឱ្យ​ជីក​ស្រះ​បួន​នៅ​លើ​ភ្នំ​នោះ គ្រប់​ជ្រុង​ប្រាសាទ ទ្រង់មាន​បុត្រី​មួយ​ព្រះ​អង្គ​ព្រះ​នាម​នាង​ខ្មៅ ។ ភ្នំ​ជី​សូរ​អំពី​កំពូល​ចុះ​មក​ដល់​ដី ជម្រាល​ជើងភ្នំ​ខាងក្រោម ប្រហែល​៧០០​ម៉ែត្រ​មាន​ទន្លេ​៤ គ្រប់​ជ្រុង​ទាំង​៤ គឺ​ទន្លេ​អុំ​មួយ ទន្លេ​ស្ងួត​មួយ ទន្លេ​ប្រ​ទ្រុ​ន​មួយ និង​ទន្លេ​ទ្រុ​ន​មួយ ។ ទន្លេ​ទាំង​៤​ជា​កន្លែង​សម្រាប់​ក្រសាល​របស់​ស្ដេច​អង្គ​នោះ ។ លុះ​ព្រះ​បុត្រី​មាន​វ័យ​វឌ្ឍនាការ​ចម្រើន​ឡើង​បាន​ព្រះ​ជន្ម​១៦​ឆ្នាំ ព្រះ​នាង​មាន​រូបឆោម​លោម​ពណ៌​ល្អ​ដាច់​ស្រី​ក្នុង​ព្រះ​នគរ ។ ថ្ងៃមួយ​ព្រះ​នាង​នឹកភ្នក​ចង់ទៅ​លេង​ទ​ន្ល​ប្រ​ទ្រុ​ន បាន​ចូល​ទៅ​ថ្វាយបង្គំ​លា​ព្រះ​បិតា ។ ព្រះរាជា​ក៏​ទ្រង់​ព្រះ​រាជានុញ្ញាត ហើយ​ទ្រង់​ចាត់​មនុស្ស​បម្រើ​ឱ្យ​រៀបចំ​ហែហម ព្រះរាជ​ដំណើរ​ព្រះ​នាង​ទៅ​ក្រសាល​ក្នុង​វេលា​ថ្ងៃរសៀល ។

គ្រានោះ​មាន​បុរស​ម្នាក់​ឈ្មោះ​បណ្ឌិត ស្រី ទើបនឹង​សឹក​ពី​សាមណេរ មាន​រូបឆោម​ល្អល្អះ​ស្អាតបាត​ជាង​ប្រុស​ឯទៀត ចេះ​មន្ដអាគម​វិជ្ជាការ ។ បណ្ឌិត​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​មួយ​ខាងលិច​ភ្នំ​ជំ​សូរ ជិត​ផ្លូវ​ដែល​ចុះ​ទៅ​ទន្លេ​ប្រ​ទ្រុ​ន​។ ថ្ងៃនេះ​បណ្ឌិត​ស្រី មាន​សេចក្ដី​អផ្សុក​ចេញ​ទៅ​លេង​ជិត​ផ្លូវ​នោះ បានឃើញ​ព្រះ​នាង​ខ្មៅ​ចុះ​ពីលើ​ភ្នំ ជាមួយនឹង​ស្រី​ជា​បរិវារ ក៏​មាន​សេចក្ដី​ប្រតិព័ទ្ធ​ជាប់​ចិត្ដនឹង​ព្រះ​នាង​ក្រៃពេក ។បណ្ឌិត​នោះ​ពិចារណា​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​មាន​លាភ​ធំ​ណាស់​ឱ្យ​បាន​ជួបនឹង​ស្រី​គ្រប់លក្ខណ៍ តែ​អាត្មាអញ​ជា​កូន​រាស្ដ្រ​កម្សត់ ធ្វើ​ម្ដេច​នឹង​បាន​នាង​នោះ​ហ្ន៎​! នាង​នេះ​មិនមែន​ជា​ស្រី​សាមញ្ញ​ទេ​គឺជា​ព្រះរាជ​បុត្រី​របស់​ស្ដេច អាត្មា និង​នាង​នេះ​ពុំ​សមសក្ដិ​គ្នា​សោះ បើ​ដូច្នេះ​អញ​ត្រូវធ្វើ​យ៉ាងណា​ទៅ?

បណ្ឌិត​ចេះ​តែ​ស្រលាញ ់ខ្លាំង​ឡើង​ៗ គិត​ថា «​នឹង​ចូល​ស្ដីដណ្តឹង​តាម​ច្បាប់ ក៏​ពុំ​សម នឹង​ប្រ ព្រឹ​ត្ដ​ខុស​ក៏​មុខជា​ស្ដេច​យកទោស​ដល់​ស្លាប់​» ។ទើប​នឹក​ដល់​មន្ដ​វិជ្ជាការ​ដែល​ខ្លួន​ចេះ​ទាំង​ប៉ុន្មាន ក៏​បេះ​ស្លឹកឈើ​យក​មក​សូត្រ​ផ្លុំ​មន្ដ​វិជ្ជាការ​នោះ ហើយ​ឡើងដើមឈើ​ផ្លុំស្លឹក​បន្លឺ​ឡើង ។ ឯ​សូរ​សំឡេង​ស្លឹក​ដែល​បណ្ឌិត​ផ្លុំ​នោះ​ទៅ​ចុច​ចំ​បេះដូង​ព្រះ​នាង​នោះ ។ ព្រះ​នាង​ក៏​ភ័ន្ត​ភាំង​ស្មារតី លុះ​ភ្ញាក់​ឡើង​គិត​ថា «​អាត្មាអញ​កូន​ស្ដេច ធ្លាប់​ស្ដាប់ភ្លេង​តូរ្យតន្ដ្រី​សព្វថ្ងៃ ដែល​ពុំ​មាន​ភ្លេង​អ្វី​ធ្វើ​ចិត្ដ​អញ​ឱ្យ​ស្លុត​ដូច​សំឡេង​ស្លឹក​នេះ​សោះ​»ព្រះ​នាង​សញ្ជឹងគិត យូរ​ៗ​ទៅ សំឡេង​នោះ​រឹតតែ ពីរោះ​ឡើង​ៗ​ព្រះ​នាង​អត់ទ្រាំ​មិន​បាន​ក៏​លាន់​ព្រះ​ឱស្ឋ​ថា «​យី​អី​ហ្ន៎​! សំឡេង​នេះ​ជា​សំឡេង​ប្លែក​ណាស់ គួរតែ​អញ​ទៅ​តាម​ស្ដាប់​មើល​ឱ្យ​ឃើញច្បាស់ តើ​អ្នក​នោះ​ដូច​ម្ដេច បាន​ចេះ​ផ្លុំ​ពីរោះ​ដល់​ម្លុ​ឹ​ង ?

ព្រះ​នាង​ក៏​ទៅ​រក​មើល​ឱ្យ​ឃើញ​ឱ្យ​ព្រះ​អង្គ​ឯង ។ លុះ​ព្រះ​នាង​ទៅ​ជួប​ឃើញ​រូបឆោម​បណ្ឌិត​នោះ ក៏​រឹតតែ​មាន​សេចក្ដី​ប្រតិព័ទ្ធ​ខ្លាំង​ឡើង បាន​សាកសួរ​សន្ទនា​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ប្រពៃណី​របស់​ប្រុស និង​ស្រី​ដែល​ស្រឡាញ់​គ្នា ។ អ្នក​ទាំង​ពីរ​បាន​និយាយ​ណាត់​នឹង​គ្នា​ថា «​ថ្ងៃក្រោយ​ឱ្យ​យើង​នឹង​មក​ជួប​គ្នា​ទៀត​» ហើយ​បែក​គ្នា​រៀងខ្លួន​។ចំណែក​ព្រះ​នាង​តាំងពី​បែក​បណ្ឌិត​នោះ​ទៅ មានទឹក​ព្រះ​ភ្រ័​ក្ដ​ប្លែក​ពី​ប្រក្រតី ចេះ​តែ​ក្រៀមក្រំ​ពុំ​រួសរាយ​រក​ពួក​បរិវារ​ពួក​បរិពារ​មាន​សន្ទិះ​សង្ស័យ ។ ថ្ងៃ​ក្រោយមក ព្រះ​នាង​ចូល​លា​ព្រះរាជា​ម្ដងទៀត ព្រះរាជា​ក៏​ទ្រង់​អនុញ្ញាត​ឱ្យ​ព្រះ​នាង​ទៅ ទ្រង់​ចាត់​មនុស្ស​បម្រើ​ហែហម​ជូន​ដំណើរ​ព្រះ​នាង​ដូច​ថ្ងៃមុន លុះ​ទៅ​ដល់​កន្លែង​នោះ ព្រះ​នាង​និយាយ​ប្រាប់​បរិវារ​ថា​«​អ្នក​រាល់គ្នា​ត្រូវ​ឈប់​ចាំ​ខ្ញុំ ខ្ញុំ​មាន​កិ​ច្ចា​ការ​ទៅ​នោះ​បន្ដិច​»​។ និយាយ​ប្រាប់​ហើយ​ព្រះ​នាង​ដើរ​សំដៅ​ទៅ​កន្លែង​ដែល​បណ្ឌិត​ស្រី​មក​ជួប លុះ​បាន​ជួប​គ្នា​ហើយ ទាំង​ពីរ​រូប​ក៏​សម្រេចសេចក្ដី​ប្រាថ្នា​របស់​ខ្លួន ។ ពួក​បរិវារ​សង្ស័យ​ក៏​ទៅ​លបមើល​ឃើញ​កិរិយា​មិនល្អ មាន​សេចក្ដី​ភិតភ័យ ខ្លាចក្រែង​ស្ដេច​យកទោស​ដល់​ជីវិត​ក៏​ជំនុំ​ពិគ្រោះគ្នា​ថា «​យើង​គួរតែ​ក្រាបទូល​ស្ដេច​កុំ​ខាន​» ។
លុះ​ត្រលប់​ទៅ​វិញ​ពួក​បរិវារ ក៏​ចូល​ទៅ​គាល់​ទូល​ស្ដេច​សព្វគ្រប់​តាម​ដំណើរ ។

ស្ដេច​ទ្រង់​ខ្ញាល់​ជា​ខ្លាំង​ក៏​ទ្រង់​ហៅ​ពេជ្ឈឃាត​មក​ប្រាប់​ថា «​ត្រូវ​យក​កូន​អញ​ទៅ​សម្លាប់​ឱ្យ​ឆាប់​» ។ ព្រះ​អគ្គមហេសី​ជា​មាតា ក្រាបទូល​សុំ​ទោស​ព្រះ​ស្វាមី​ថា «​សូម​ព្រះករុណា​ទ្រង់​ព្រះ​មេត្ដាប្រោស ព្រះ​រាជទាន​ទោស​ដល់​កូន​យើង​តែ​មួយ បើទុកជា​មានទោស​ខុស យ៉ាងណា​ៗ សូម​ព្រះ​អង្គ​កុំ​សម្លាប់ គ្រាន់តែ​បំបរបង់​ចេញ​អំពី​ទី​នេះ​ចុះ​សូម​ទ្រង់​អនុញ្ញាត​ឱ្យទាន​» ។ស្ដេច​ក៏​ទ្រង់​អនុញ្ញាត​តាម​សេចក្ដី​សុំ​របស់​ព្រះ​នាង​ជា​ព្រះ​មាតា ទើប​ទ្រង់​បង្គាប់​សេនាបតី ឱ្យធ្វើ​ប្រាសាទ​ពីរ ចម្ងាយ​អំពី​ព្រះ​ដំណាក់​ទៅ​បី​យោជន៍ ។ ពួក​សេនាបតី​ក៏​ទទួល​ធ្វើ​តាម​ព្រះរាជ​បញ្ជា រួច​ហើយ​ស្ដេច​ទ្រង់​បង្គាប់​ឱ្យ​នាំ​ព្រះ​នាង​ខ្មៅ​ទៅ​នៅ​ទីនោះ ប្រាសាទ​នោះ​នៅ​ខាងលិច​ភ្នំ​ជី​សូរ ។ តាំងពី​ថ្ងៃនេះ​ទៅ ព្រះ​នាង​កើតទុក្ខ​ជា​ទម្ងន់ ណាមួយ​ព្រះ​បិតា​បំបរបង់​ចោល​ឱ្យ​នៅ​ម្នាក់ឯង ណា​មួយ​​បែក​ពី​សង្សារ​លែង​បាន​មក​ជួប​សោះ មិន​បាន​ជ្រាប​ទៅ​ទីណា ។ គ្រានោះ​មាន​ភិក្ខុ​មួយ​ព្រះ​អង្គ​ឈ្មោះ​កែវ លោក​និមន្ដ​ពី​ស្រុក​លោក​ទៅ​រៀន​មន្ដ​វិជ្ជាការ​នៅ​ឯ​ស្រុក​ក្រៅ លោក​បាន​រៀន​ចេះ​ពូកែ​ណាស់ លោក​ត្រលប់​មក​ស្រុក​វិញ គង់នៅ​ទី​មួយ (​ក្នុង​ខេត្ដតាកែវ​) ទីនោះ​អត់​ទឹក អ្នកស្រុក​នាំ​គ្នា​ជីក​ស្រះ​មួយ​ប្រគេន​លោក ។ ឱ្យ​ស្រះ​នោះ​ជា​របស់​លោកគ្រូ​កែវ ទើប​មានឈ្មោះ​ថា ស្រះ​កែវ​ៗ​រហូត​ដល់​សព្វថ្ងៃ​។

លោកគ្រូ​អង្គ​នោះ គង់នៅ​យូរ​ប​ន្ដិ​ទៅ មាន​កិត្ដិ​ស័ព្ទ​ល្បី​គ្រប់​ស្រុកភូមិ ។ ព្រះ​នាង​បានលឺ​ដំណឹង​ថា លោកគ្រូ​ទើប​និមន្ដ​មក​ពី​ស្រុក​ក្រៅ ចេះ​មន្ដ​វិជ្ជាការ​ល្បីល្បាញ​ដូច្នោះ មាន​បំណង​ចង់​ជួបនឹង​លោក ដើម្បី​ចង់​ដឹង​អំពី​ទុក្ខ​របស់​ព្រះ​នាង​ថា «​តើ​ថ្ងៃ​ណា​នឹង​បាន​ស្រាកស្រាន្ដ​ស្បើយ​ល្ហើយ​» ព្រះ​នាង​ក៏​ប្រាប់​អ្នកបម្រើ​ឱ្យ​រៀប​ព្រះ​ទីនាំង​ដំរី ដើម្បី​ទៅ​ថ្វាយបង្គំ​លោកគ្រូ​កែវ ។ លុះ​ធ្វើ​ព្រះរាជ​ដំណើរ​ទៅ​ដល់ទី​ក​ន្លែ​លោកគ្រូ​នាះ​ហើយ ព្រះ​នាង​ចូល​ទៅ​ថ្វាយបង្គំ​លោក​តាម​ទំនៀម ទ្រង់​បានឃើញ​លក្ខណៈ​លោកគ្រូ​នោះ​សព្វគ្រប់ ក៏​បែកចិត្ដ​ចេញពី​សង្សារ​ចាស់ មក​ជាប់​នឹង​លោកគ្រូ​កែវ​នោះ​វិញ ពីព្រោះ​លោក​អង្គ​នោះ​មាន​រូបឆោម​ស្អាត​ជាង​បណ្ឌិត​ស្រី ពេញ​លក្ខណៈ​ប្រុស​គួរ​ឱ្យ​ស្រលាញ់ ។

ព្រះ​នាង​តំណាល​សេចក្ដី​ទុក្ខ​របស់​ទ្រង់​ទូល​លោកគ្រូ​សព្វគ្រប់​ហើ យ​ក៏​សំដែង​អាការ​ស្និទ្ធស្នាល​ហាក់ដូចជា​ទុកចិត្ដ​គ្នា​យូរ​មក​ហើយ​។ អាការ​ដែល​ព្រះ​នាង​ពណ៌នា​រឿងរ៉ាវ​របស់​ទ្រង់​នោះ នាំ​ឱ្យ​លោកគ្រូ​កែវ​អត់ទ្រាំ​ពុំ​បាន ក៏​មានចិត្ដ​ទោរទន់​ទៅ​រក​ព្រះ​នាង ហើយ​មាន​ពុទ្ធដីកា​ទន់ភ្លន់​ទៅ​រក ។ កាលបើ​ព្រះ​នាង​បានលឺ​ពុទ្ធដីកា​លោក​ផ្អែម​ល្អែ​ម​ទន់ភ្លន់​មក​រក​ដូច្នោះ ក៏​នឹក​សង្ឃឹមថា តទៅ​មុខ​អញ​នឹង​មាន​អាង លែង​កើតទុក្ខ​តាំងពី​ថ្ងៃនេះ​ទៅ​ហើយ ។ ចាប់តាំងពី​ថ្ងៃ​នោះ​មក ព្រះ​នាង​មាន​ពណ៌​សំបុរ​ស្រស់បំព្រង​ដូច​ស្រី​ទេពអប្សរ ។ចំណែកឯ​លោកគ្រូ​កែវ​វិញ លោក​ខំប្រឹង​ពិចារណា​ធម៌ ដើម្បី​ដកចិត្ដ​អំពី​ព្រះ​នាង​នោះ​ខ្លាំង​ណាស់​ដែរ តែ​លោក​ដក​ពុំ​រួច​សោះ​។ ពេល​ក្រោយមក​ព្រះ​នាង​ត្រលប់​មក​ថ្វាយបង្គំ សុំ​លោកគ្រូ​ស្រោច​ទឹក ដើម្បី​ឱ្យ​មាន​សិរី​សួស្ដី ។

ពេល​ទៅ​ស្រោច​ទឹក​នោះ​ព្រះ​នាង​រឹតតែ​សម្តែង​ការ​រាក់ទាក់​ទៅ​រក​លោកគ្រូ​កែវ​ខ្លាំង​ឡើង​ថែម​ទៀត ហើយ​ព្រះ​នាង​ទូល​លោក​ថា សូម​ឱ្យ​លោក​ម្ចាស់​គង់នៅ​សប្បាយ​ចុះ ។ កាលបើ​ឮ​ពាក្យ​នោះ លោកគ្រូ​កែវ ក៏​ក្រៀមក្រំ​ស្រពោន​មុខ​កើតទុក្ខ​ដោយ​សំដី​ព្រះ​នាង ។ អាការ​របស់​លោក​ជា​អាការ​ប្រាប់​នាង​ឱ្យ​ជ្រាប​ច្បាស់​ថា លោក​កើតទុក្ខ​ពីព្រោះ​ព្រះ​នាង ។ ព្រះ​នាង​ក៏​រឹតតែ​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ឡើង​ទៀត ។ ដល់​ព្រះ​នាង​ត្រលប់​ទៅ​ដំណាក់​វិញ កើតទុក្ខ​ផ្ទុំ​ពុំ​លក់ សោយ​ក្រ​យាស​ពុំ​បាន អត់ទ្រាំ​ពុំ​បាន ក៏​ចាត់​បម្រើ​ឱ្យ​រៀបចំ​ព្រះ​ទីនាំង​ដំរី​ទៅ​និមន្ដ​លោក​មក​ដំណាក់​ព្រះ​នាង ។ ឯ​លោកគ្រូ​កែវ​កាលបើ​ឃើញ​អ្នកបម្រើ​ទៅ​និមន្ដ ក៏​សប្បាយ​ព្រះ​ទ័យ​ណាស់ បាន​រៀបចំ​ធ្វើ​ដំណើរ​និមន្ដ​មក​ជា​ប្រញាប់ ។ ព្រះ​នាង​ក៏​ទំនុកបម្រុង​ភោជន សុទ្ធតែ​របស់ ប្លែក​ៗ ។ លុះ​លោក​និមន្ដ​ទៅ​ដល់​ព្រះ​នាង​លើក​មក​ប្រគេន​លោក​ផ្ទាល់​ព្រះ​អង្គ ។ លោកគ្រូ​កែវ​ឆាន់​ពុំ​បាន ។ អាការ​ដែល​លោក​ឆាន់​ពុំ​បាន​នោះ ជា​អាការ​ប្រាប់​ព្រះ​នាង​ឱ្យ​ជ្រាប​រឹតតែ​ច្បាស់ ព្រះ​នាង​ក៏​រឹតតែ​កើតទុក្ខ​ខ្លាំង​ឡើង​អត់ទ្រាំ​កេរ្ដិ៍ខ្មាស​ពុំ​បាន ក៏​ចូល​ទៅ​ទូល​លោក​ថា សូម​លោក​ម្ចាស់​សឹក​ចាក​សិក្ខាបទ​ចុះ ហើយ​ព្រះ​នាង​ប្រគេន​សំពត់​ស្លៀកពាក់ ព្រមទាំង​ប្រដាប់ប្រដារ​សព្វគ្រប់ ។

លោក​ទទួល​តាម​សំដី​ព្រះ​នាង​និមន្ដ ហើយ​ក៏​សឹក​ចាក​សិក្ខាបទ នៅ​រួមសុខទុក្ខ​ជាមួយ​ព្រះ​នាង​ខ្មៅ នៅ​ក្នុង​ប្រាសាទ​នោះ​រហូត​មក ។ចំណេរ​កាល​ខាងក្រោយ មាន​ពុទ្ធបរិស័ទ​ជ្រះថ្លា​ស្ថាបនា​វត្ដ​នៅ​ទីនោះ​ឡើង វត្ដ​នោះ​មាន​ព្រះ​នាម​ថា វត្ដ​ប្រាសាទនាងខ្មៅ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ នៅ​ក្នុង​វត្ត​ប្រាសាទនាងខ្មៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​លោក​ម្ចាស់​ភ​ទ្ទ​ប​ណ្ឌិ​តោ​ភិន វុ​ទ្ធី ជា​ព្រះ​ចៅអធិការ​វត្ត និង​ម្ចាស់​ម​និ​បា​លោ​ជួន កក្កដា ជា​អគ្គនាយក​វិទ្យុ​ពន្លឺ​ត្រៃរត្ន ជា​វិទ្យុ​អប់រំ​ព្រះ​វិន័យ​តាម​វិស័យ​ពុទ្ធសាសនា និង​នាយក​សាលា​ពុទ្ធិកបឋមសិក្សា ។ បើ​តាម​សង់​ដីកា​ភ​ទ្ទ​ប​ណ្ឌិ​តោ​ភិន វុ​ទ្ធី ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​នៅ​ពេល​នេះ​ម្ចាស់​គ្រូ​ម​និ​បា​លោ​ជួន កក្កដា ស្ថិត​នៅ​ឯ​ក្រៅប្រទេស វិទ្យុ និង​សាលា ព្រះ​គុណ​ម្ចាស់​ជា​អគ្គនាយករង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ។ សមណ​សិស្ស​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​រាល់​ថ្ងែ​មាន​ចំនួន​៣១០​អង្គ ។ ចំពោះ​ចង្ហាន់​សម្រាប់​ប្រគេន​ដល់​សមណ​សិស្ស​ទាំង​អង្ករ ក៏​ដូច​ម្ហូបអាហារ​បាន​មក​ពី​ការ​ជួយ​ឧ​ប​ត្ថ​ម​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយសារ​មានការ​ទាក់ទង​ល្អ​ពី​គុណ​ម្ចាស់​ម​និ​បា​លោ​ជួន កក្កដា »​។ ព្រះ​ចៅអធិការ​វត្ត​ប្រាសាទនាង​ខ្មៅ​មាន​សង់​ដីកា​បន្ត​ទៀត​ថា​ចំពោះ​ស្ថានីយ​វិទ្យុ​ពន្លឺ​ត្រៃរត្ន​ជា​វិទ្យុ​អប់រំ​ព្រះ​វិន័យ​តាម​វិស័យ​ព្រះ​ពុទ្ធ​សាសនា​មាន​សាខា​ចំនួន​នៅ​ខេត្តតាកែវ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ត្បូងឃ្មុំ​សម្រាប់​ផ្សព្វផ្សាយ​សិក្សាអប់រំ​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ៕

អត្ថបទសរសេរ ដោយ