រាជធានីភ្នំពេញ ៖ តបតាមសំណើរបស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១៩ ធ្នូ ២០១២នេះ បានបញ្ជូនកងវិស្វកម្មកម្ពុជា ២១៨នាក់ នៃកងពលលេខ៦១២ ចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសលីបង់ ។ អញ្ជើញជូនដំណើរកងវិស្វកម្មកម្ពុជា ២១៨នាក់ ដល់ព្រលានយន្តហោះយោធានាព្រឹកថ្ងៃពុធនេះ មានលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក Douglas Broderick មន្រ្តីសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងមន្រ្តីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ ព្រមទំាងក្រុមគ្រួសារសាច់ញាតិកងវិស្វកម្មកម្ពុជាទំាង២១៨នាក់ជាច្រើនរូបទៀត ។
គួរបញ្ជាក់ថា កងវិស្វកម្មកម្ពុជា ២១៨នាក់ នៃកងពលលេខ៦១២ ដែលចេញដំណើរនៅព្រឹកមិញនេះ នឹងទៅជំនួសកន្លែងកងវិស្វកម្មលេខ៦០៣ ចំនួន២១៨នាក់ ដែលត្រូវធ្វើមាតុភូមនិវត្តន៍មកពីប្រទេសលីបង់វិញនៅយប់នេះ ដោយមានការទទួលពីលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងវិស្វកម្ម ក៏ដូចជាកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិទៅកាន់ប្រទេសជាច្រើន តាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលនេះមានចំនួន ១.២៣៧នាក់ហើយ ដែលបេសកកម្មទាំងនោះ ទៅកាន់ប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្រ្វិកកណ្តាល, លីបង់ និងស៊ីរី ហើយរាល់បេសកកម្មរបស់ពួកគេ គឺក្នុងរយៈពេលមួយឆ្នាំនិងទទួលបានជោគជ័យដោយមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិនោះថែមទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ