រាជធានីភ្នំពេញ ៖ ទីផ្សារការិយាល័យនៅកម្ពុជា កាន់តែធ្វើពិពិធកម្មជាមួយទស្សនទាននៃការអភិវឌ្ឍបែបថ្មីមួយ ដែលធ្វើឲ្យទីផ្សារនេះប្រឈមនឹងការសាកល្បងថ្មី និងប្រកួតប្រជែងកាន់តែច្រើនជាងមុន ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia បានបង្ហាញកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០១៨នេះ អគារការិយាល័យប្រើប្រាស់រួមទំហំ៦ម៉ឺនម៉ែត្រការ៉េទៀតនឹងដាក់ចូលទីផ្សារ ខណៈដែលអគារចំនួន២ គឺអគារ Key Stone ទំហំ១,៥ម៉ឺនម៉ែត្រការ៉េ និងគម្រោងអគារ Oral Office Tower ទំហំ៥ពាន់ម៉ែត្រការ៉េ គ្រោងនឹងបើកដំណើរការ ។
ទោះជាយ៉ាងនេះក្ដី បើតាមរបាយការណ៍បញ្ជាក់ថា គិតរហូតមកដល់ដំណាច់ឆ្នាំ២០១៧កន្លងមកនេះ នៅកម្ពុជាមានការិយាល័យសរុបទំហំ៣៣ម៉ឺន៥ពាន់ម៉ែត្រការ៉េ ក្នុងនោះអគារការិយាល័យកម្រិតA មានចំនួន១៦%, កម្រិតB មានទំហំ២០% និងកម្រិតC មាន៦៤% ។
របាយការណ៍ដដែលបានបង្ហាញថា អគារការិយាល័យកម្រិតA មានតម្លៃជួលចន្លោះពី២៨ ដល់៣០ដុល្លារ, កម្រិតB មានតម្លៃជួលចន្លោះ១៨ទៅ២៥ដុល្លារ និងកម្រិតC មានតម្លៃជួលចន្លោះពី១០ ទៅ១៥ដុល្លារក្នុង១ម៉ែត្រការ៉េ ។
ទាក់ទងនឹងអគារការិយាល័យកម្រិតA អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេស នៃក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា នៅកម្ពុជាមានអគារការិយាល័យកម្រិត A តែ២ប៉ុណ្ណោះ គឺអគារ Watanac Capital និងអគារ Exchange Square ដែលស្ថិតនៅក្បែរគ្នា ។
អគារការិយាល័យ Watanac Capital បច្ចុប្បន្ន មានអ្នកជួល៧០%ហើយនៃផ្ទៃក្រឡាជួលសរុបប្រមាណ២ម៉ឺន៦ពាន់ម៉ែត្រការ៉េ ។ នេះបើតាមការបញ្ជាក់ពីលោក លឹម ភូស៊ីថាវរិទ្ធ ប្រធានផ្នែកជួលនៃអគារ Watanak Capital ។ ទោះជាយ៉ាងណា លោកមិនបានអត្ថាធិប្បាយលម្អិតនោះទេ ។
ចំណែកអ្នកនាង អាន សុធីតា បានថ្លែងថា ៖« ការប្រើប្រាស់អគារសហកម្មសិទ្ធិ ជាការអភិវឌ្ឍថ្មីមួយនៅកម្ពុជា ដែលអ្នកប្រើប្រាស់ភាគច្រើនមិនសូវពេញចិត្ត ព្រោះពួកគេចង់បានការិយាល័យបែបឯកជនច្រើនជាង » ។ អ្នកនាងបន្តថា ៖« ប៉ុន្តែទស្សនទាននៃការអភិវឌ្ឍបែបនេះ ទទួលបានជោគជ័យនៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីក្រុងហុងកុង ជាដើម» ។
លោក Chenyi Chiu នាយកគ្រប់គ្រងទូទៅនៃអគារ TK Royal One ជាអគារអភិវឌ្ឍន៍ចម្រុះ មានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បានថ្លែងថា អគារនេះនឹងបើកដំណើរការនៅអំឡុងខែឧសភា ខាងមុខ។ លោកថា អគារនេះមានការិយាល័យសរុបទំហំ៧ពាន់ម៉ែត្រការ៉េ និងខុនដូចំនួន១៤៦យូនីត។ ពេលនេះ ការិយាល័យមានទំហំចន្លោះពី៨០ ទៅ១៨០ម៉ែត្រការ៉េបានលក់អស់ហើយ ហើយអតិថិជនបានដាក់ការិយាល័យមកក្រុមហ៊ុនវិញ ដើម្បីដាក់ជួលជូនអតិថិជនបន្ត ។
លោកបន្តថា ៖« ដោយសារវាជាអគារបែបសហកម្មសិទ្ធិថ្មី ការសាងសង់និងរចនា គឺផ្តោតលើគុណភាពខ្ពស់ ។ ដូច្នេះ ខ្ញុំជឿជាក់ថា អគារការិយាល័យនេះនឹងទទួលបានជោគជ័យក្នុងទីផ្សារ ដោយសារយើងមានបទពិសោធន៍ អភិវឌ្ឍន៍បែបនេះ ហើយយើងតែងទទួលបានជោគជ័យ » ៕
ចែករំលែកព័តមាននេះ