រាជធានីភ្នំពេញ ៖ គួរឱ្យអាណិតណាស់ កុមារាម្នាក់អាយុ១០ឆ្នាំអង្គុយនៅការ៉ាសសាំងសូគីម៉ិច ទីដែលងងឹតមានមូសមកចោមរោមខាំឃើញហើយខ្លោចចិត្ត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីម៉ោង១១យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចការ៉ាសសាំងសូគីម៉ិច ច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
កុមារាខាងលើឈ្មោះ ឆៃ ប៊ុនឈីន អាយុ១០ឆ្នាំ មានស្រុកកំណើតនៅក្រុងព្រះសីហនុ បានរៀបរាប់ប្រាប់ឱ្យដឹងថា ឪពុកមានឈ្មោះ ដាំ ដូង និងម្ដាយឈ្មោះ យឹម សុភា មានបងប្អូនចំនួន៣នាក់ ប្រុស២ ស្រីម្នាក់ ហើយខ្លួនជាកូនទី២ ។
កុមារាកំសត់បានបន្តថា មូលហេតុដែលរូបគេត្រូវបានឪពុកម្តាយនាំពីក្រុងព្រះសីហនុមកដល់ភ្នំពេញរយៈពេល៤ថ្ងៃមកហើយ ហើយរូបគេជាកូនទី២ក្នុងគ្រួសារ ។ ខណៈពេលដែលឪពុកម្តាយប្រើរូបគេទៅទិញស្ករបានប៊ីចេង ឬក៏ទៅទិញនេះបាននោះ ព្រោះខួរក្បាលរបស់គេមិនសូវល្អធ្វើឲ្យឪពុកម្តាយមិនពេញចិត្ត ទើបឪពុកម្តាយនាំរូបគេជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុមកភ្នំពេញ ចំណែកបងប្អូនគេ២នាក់ទៀតមិនបានយកមកទេ ។ ពេលជិះមកដល់ចុះពីលើរថយន្តនោះ គាត់បានឲ្យរូបគេដើរពីខាងមុខ លុះពេលដើរបានបន្តិច ស្រាប់តែបាត់ឪពុកម្តាយរកលែងឃើញតែម្តង រូបគេចេះតែដើរសុំអីគេហូប យប់កន្លែងណាដេកកន្លែងនោះ។
សមត្ថកិច្ចបានប្រាប់ថា បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញកុមារាខាងលើអង្គុយយំ និងមានមូសរោមខាំពេញខ្លួនទាំងយប់អធ្រាត្របែបនេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយសមត្ថកិច្ចក៏ចុះទៅសួរនាំ ទើបដឹងថា កុមារាដ៏កំសត់ត្រូវបានឪពុកម្តាយយកបោះបង់ចោល ហើយបច្ចុប្បន្ននេះសមត្ថកិច្ចក៏បានដឹកយកទៅសម្រាកនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ៕
ចែករំលែកព័តមាននេះ