អាមេរិក ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់ ផុងខ្លួនជ្រុលលក់អ្វីគ្រប់យ៉ាង ដើម្បីសម្រេចក្តីស្រមៃចង់ជិះទូកដើរផ្សងព្រេងលើសមុទ្រ។ ត្រឹមតែពេល២ថ្ងៃទូករបស់គេលិចបាត់ចូលក្នុងសមុទ្រ ព្រោះតែមិនមានបទពិសោធន៍បើកទូកគ្រប់គ្រាន់។
Tanner Broadwell និង Nikki Walsh ធុញថប់នឹងការងារនៅកន្លែងធ្វើការយ៉ាងខ្លាំង ហើយតែងតែគិតថា មិនចង់រត់ដេញតាមលុយនោះទេ។ ពួកគេចង់ធ្វើរឿងដែលមានន័យក្នុងជីវិត ហើយអាចសម្រេចក្តីស្រមៃជិះទូកផ្សងព្រេងលើសមុទ្រតែពីរនាក់។
ដោយសារតែហេតុនេះហើយ ទើបពួកគេសម្រេចចិត្តលក់អ្វីគ្រប់យ៉ាងដែលគេមាន ហើយលាឈប់ពីការងារ។ ក្រោយពីបានលុយច្រើនហើយ ពួកគេបានទៅទិញទូកចាស់ ដែលមានអាយុកាល៤៩ឆ្នាំមកហើយ ក្នុងតម្លៃ៥០០០ដុល្លារ។ វាថោកពិតមែន តែពួកគេត្រូវជួសជុលដោយប្រើប្រាស់លុយជាច្រើន។
ក្រោយពីទូកធ្វើបានសម្រេច ពួកគេក៏ចុះទូកចេញពីកោះ Anclote Key កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងមកនេះ។ ទើបតែបានពីរថ្ងៃ Tanner រកឃើញថា ទូករបស់ខ្លួនធ្លុះបាត ហើយនឹងលេចក្នុងពេលឆាប់ៗនេះ។ ពួកគេបានទូរស័ព្ទហៅក្រុមជួយសង្គ្រោះដែរ តែគេថា ទាល់តែ៤០នាទី ទើបទៅជួយកើត។ ដោយសារតែបែបនេះ ពួកគេក៏សម្រេចចិត្តហែលចោលទូក ហើយទុកឲ្យវាលិចទៅ។
អ្វីដែលគួរឲ្យហួសចិត្តនោះ គឺពួកគេគ្មានលុយឲ្យអ្នកជួយសង្គ្រោះ ដើម្បីស្ទូចទូកចេញពីទឹក។ គេទារ១ម៉ឺនដុល្លារសម្រាប់ការយកម៉ាស៊ីនទាញទូកចេញពីទឹក។ តែពួកគេមានតែ៩០ដុល្លារតែប៉ុណ្ណោះ។ គ្មានលុយ គ្មានរបស់ប្រើប្រាស់ គ្មានការងារធ្វើ៕
ចែករំលែកព័តមាននេះ