អតីតក្មេងរើសសំរាមនៅស្ទឹងមានជ័យ ក្លាយជាអ្នកចេះដឹង និងមានមុខមាត់ក្នុងសង្គម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្មេង តូចៗប្រកបរបរដើររើសសំរាមចិញ្ចឹមជីវិតរាប់រយនាក់នៅអតីតទីលានចាក់សំរាមស្ទឹងមានជ័យដែលត្រូវអង្គការ «ដើម្បីភាពញញឹមនៃកុមារ ឬហៅកាត់ថា PSE » ជួយស្រោចស្រង់ជីវិតពួកគេឱ្យរួចផុតពីទុក្ខវេទនាកាលពីជាង២០ឆ្នាំមុននោះ នាពេលបច្ចុប្បន្នពួកគេបានវិវឌ្ឍខ្លួនចេញជាលំអងផ្លែផ្កាដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល ។

អង្គការដើម្បីភាពញញឹមនៃកុមារ ឬហៅកាត់ថា PSE បង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៩៥ ដោយប្តីប្រពន្ធជនជាតិបារាំង២នាក់ គឺលោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ និងលោកស្រី រីម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ។ អង្គការនេះបង្កើតឡើងដើម្បីជួយស្រោចស្រង់ទាំងជីវិត និងវាសនាកុមារ តូចៗជាច្រើនពាន់នាក់ ដែលជាក្មេងរើសសំរាមចិញ្ចឹមជីវិតនៅអតីតទីលានចាក់សំរាមស្ទឹងមានជ័យ ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

អង្គការមួយនេះបានយកក្រុមកុមារ តូចៗជាច្រើនពាន់នាក់ចេញពីគំនរសំរាម ទៅអប់រំណែនាំរៀនសូត្រ តាមកម្រិតនៃសាលារដ្ឋ ឬចំណេះដឹងទូទៅ នៃកម្រិតសិក្សា បង្ហាត់បង្រៀនទាំងចំណេះដឹងចំណេះធ្វើ និងជំនាញ ផ្សេងៗ និងជួយរកការងារឱ្យពួកគេធ្វើក្រោយបញ្ចប់ការសិក្សា ពីអង្គការ ។ បន្ថែមពីនេះអង្គការក៏មានផ្តល់នូវទីកន្លែងស្នាក់នៅដល់ ក្មេងៗដែលភាគច្រើនមកពីជនបទ និងមួយចំនួនជាក្មេងកំព្រាឪពុកម្តាយ ដោយប្តីប្រពន្ធជនជាតិបារាំងខាងលើដែលជាស្ថាបនិកបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ទិញដីដ៏ធំមួយទំហំជាង១ហិកតា ដើម្បីសាងសង់ជាអាគារសិក្សា បណ្ណាល័យអានសៀវភៅ បន្ទប់ហូបចុក ស្នាក់នៅ និងអគាររដ្ឋបាលទូទៅជាច្រើនទៀត សម្រាប់ផ្គត់ផ្គង់ដល់ការរៀនសូត្រ និងរស់នៅរបស់ ក្មេងៗ ទាំងនោះ ។

ជាក់ស្តែងអ្នកនាងវ៉ន សុផារី អាយុ២៧ឆ្នាំ បច្ចុប្បន្នមានស្វាមីនិងមានកូនស្រីម្នាក់ រស់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងជាអតីតក្មេងរើសសំរាមម្នាក់នោះបាននិយាយកាលពីពេល ថ្មីៗកន្លងមកថានាងបានបញ្ចប់ការការសិក្សាចេញពីអង្គការ PSE អស់រយៈពេលជាង៥ឆ្នាំកន្លងមកហើយនោះ ពេលបច្ចុប្បន្ននេះមានការងារជាអ្នកធ្វើការក្នុងធនាគារដ៏ធំក្នុងស្រុកមួយ ខាងផ្នែកការិយាល័យហិរញ្ញវត្ថុ ចំណែកឯប្រាក់បៀវត្សប្រចាំខែរបស់នាង គឺមិនតិចជាង៥០០ដុល្លារឡើយ ។

ដោយសារតែការតស៊ូសិក្សារៀនសូត្របានជួយឱ្យនាង ចាកចេញផុតពីជីវភាពក្រលំបាក និងប្រែក្លាយពីអតីតក្មេងរើសសម្រាមទៅជាអ្នកដែលមានតួនាទីគ្រាន់បើក្នុងស្ថាប័នមួយ ។ បច្ចុប្បន្ននេះជីវភាពក្នុងគ្រួសាររបស់នាងមានភាពសមរម្យល្អដោយមានម៉ូតូ និងរថយន្តតម្លៃសមល្មមជិះជាប្រចាំថ្ងៃ និងមានផ្ទះផ្ទាល់ខ្លួនរស់នៅជាមួយក្រុមគ្រួសារថែមទៀតផង ។ បន្ថែមពីនោះនាងក៏បានជួយចិញ្ចឹមបីបាច់ឪពុកម្តាយចាស់ជរាទៀតផង សមនឹងតម្លៃជាកូនកតញ្ញូសងគុណទៅលើអ្នកដែលខិតខំបង្កើត បើទោះបីជាឪពុកម្តាយរបស់នាងមិនមានលទ្ធភាពផ្តល់ប្រាក់ជួយនាងឱ្យរៀនសូត្រតាំងពីដើមមកក៏ដោយ ។

ឆ្លើយឆ្លងជាមួយកោះសន្តិភាពតាមរយៈទូរស័ព្ទ កាលពីពេល ថ្មីៗកន្លងមកលោកកុសល ដែលជាអ្នកគ្រប់គ្រងរដ្ឋបាលម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងរដ្ឋបាលតាមផ្នែក នីមួយៗជាច្រើននាក់ទៀតនៃអង្គការខាងលើបានដឹក នាំ ក្មេងៗជាច្រើនរយនាក់ ដែលជាអតីតសិស្សនៅក្នុងអង្គការបានចាកចេញទៅធ្វើការងារនៅតាមបណ្តាស្ថាប័ន្ថឯកជន ឬរដ្ឋតាមជំនាញផ្សេងៗ អស់ហើយដែរ ទៅតាមបទពិសោធន៍ និងចំណេះដឹងដែលបានរៀនសូត្រឆ្លងកាត់ពីអង្គការរួចមក ។ ដោយឡែកអតីតសិស្សខ្លះ ឬអាចនិយាយបានថាមួយចំនួន (ប្រមាណ៣០ភាគរយ) ដែលក្រោយពីបានបញ្ចប់ការសិក្សារៀនសូត្រពីអង្គការអស់ហើយនោះ ពួកគេសុខចិត្តធ្វើជាគ្រូ ឬជារៀមច្បង បន្តបង្ហាត់បង្រៀននូវបទពិសោធដែលខ្លួនមាន និងធ្លាប់ឆ្លងកាត់កន្លងមក យកមកបង្រៀនបន្តដល់ ប្អូនៗជំនាន់ក្រោយ ឱ្យមានការចេះដឹងដូចខ្លួន ដោយពួកគេទទួលបានប្រាក់ខែសមរម្យពីអង្គការវិញផងដែរ។

នាពេលបច្ចុប្បន្ននេះ អតីតក្រុមក្មេងដែលធ្លាប់រើសសំរាមចិញ្ចឹមជីវិតកាលពីអំឡុង២០ឆ្នាំមុនជាច្រើនពាន់នាក់ បានប្រែក្លាយមុខមាត់ខ្លួន ទាំងជីវភាពក្នុងគ្រួសាររបស់ខ្លួនឱ្យល្អប្រសើរពីមួយកម្រិតទៅមួយកម្រិត, ប្រែក្លាយមកជាមនុស្សមានចំណេះវិជ្ជាជាអ្នកចេះដឹងដូចគេឯងក្នុងសង្គមទូទៅ ។ ជាពិសេសបានចូលរួមទាំងសមត្ថភាព និងចំណេះដឹង ក៏ដូចជាទេពកោសល្យលើកស្ទួយមុខមាត់សង្គមជាតិទាំងមូលឱ្យឈានទៅរកភាពរីកចម្រើន ឱ្យសត្តិសមនឹងសុភាសិតខ្មែរថា «ទំពាំងស្នងឫស្សី » ។

លោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលសិស្សទូទៅហៅលោកថា PaPi និងជាស្ថាបនិកនៃអង្គការខាងលើបានទទួលមរណភាពកាលពីវេលាយប់ម៉ោង៧ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងវ័យ៨២ឆ្នាំ ។ លោក និងភរិយា គឺលោកស្រីម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង បានចូលមករស់នៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយបានចូលសញ្ជាតិខ្មែរនៅឆ្នាំ២០០៤៕










ចែករំលែកព័តមាននេះ