ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​គ្រូទាយ​…​ខ្លះ​ក្លាយជា​អ្នកមាន ខ្លះ​ស្ទើរ​គ្មាន​លុយ​ជិះ​ម៉ូតូឌុប (មាន​វីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត​ជា​គ្រូទាយ​សន្លឹក​បៀ​តាម​មាត់ទន្លេ ខាងត្បូង​មុខ​ព្រះ​បរមរាជវាំង ដែល​តែងតែ​មើល​ពី​ជោគជតារាសី​សម្រាប់​អ្នកមាន​ជំនឿ បែរជា​មាន​ខ្សែជីវិត​កម្សត់​ខ្លាំង​ទៅ​វិញ ។ ពេល​រ៉ឺ​ម៉ក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ស្ទើរ​មិន​បាន តែ​ក៏​មាន​គ្រូទាយ​ខ្លះ​បាន​ក្លាយ​ខ្លួន​ជា​អ្នកមាន​ដែរ មាន​រថយន្ត​ទំនើប​ជិះ…

រាជធានី​ភ្នំពេញ ៖ ជីវិត​ជា​គ្រូទាយ​សន្លឹក​បៀ​តាម​មាត់ទន្លេ ខាងត្បូង​មុខ​ព្រះ​បរមរាជវាំង ដែល​តែងតែ​មើល​ពី​ជោគជតារាសី​សម្រាប់​អ្នកមាន​ជំនឿ បែរជា​មាន​ខ្សែជីវិត​កម្សត់​ខ្លាំង​ទៅ​វិញ ។ ពេល​រ៉ឺ​ម៉ក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ស្ទើរ​មិន​បាន តែ​ក៏​មាន​គ្រូទាយ​ខ្លះ​បាន​ក្លាយ​ខ្លួន​ជា​អ្នកមាន​ដែរ មាន​រថយន្ត​ទំនើប​ជិះ មាន​ខុន​ដូ​ជួល ហើយ​មាន​បន្ទប់​ម៉ាស៊ីនត្រជាក់​សម្រាប់​​ទទួលភ្ញៀវ​ដែល​មក​ទស្សន៍​ទាយ ស្រោច​ទឹកមន្ត​លើករាសី រៀប​បាយសី​ចម្លង​គ្រោះ ។

អ្នកគ្រូ មាស សុខ​វ៉ា​រី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ធំ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មានមុខរ​បរជា​គ្រូទាយ​សន្លឹក​បៀ នៅ​មុខ​សាលាឧទ្ធរណ៍​មាត់ទន្លេ វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ បាន​រៀបរាប់​ឲ្យ​ដឹង​ថា អ្នកគ្រូ​បាន​ប្រកប​មុខរបរ​ជា​គ្រូទាយ​សន្លឹក​បៀ​នេះ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ដើម្បី​ចិញ្ចឹម​កូន​ប្រុស​-​ស្រី​៥​នាក់ ដោយ​មាន​គ្រូ​ស្ថិត​ក្នុង​រាង​កាយ ដែល​ទាយ​ទៅ​តាម​អ្នក​មក​មើល ជួន​ពេល​ខ្លះ​លោកតា​ចតុម្មុខ​យាង​ចូល ពេល​ខ្លះ​នាគរាជ​ខ្មៅ ហើយ​ពេល​ខ្លះ​លោកយាយ​រាជ​ចូល​សណ្ឋិត អ្នកស្រី​ថា​ចំពោះ​អ្នកស្រី មិនមែន​មាន​តែ​គ្រូ​មួយ​រូប ចូល​សណ្ឋិត​ក្នុង​រាង​កាយ​ទេ គឺ​ច្របូកច្របល់​តែ​ម្តង ។

ជា​រៀងរាល់ថ្ងៃ អ្នកគ្រូ​ត្រូវ​ចំណាយ​លុយ​អស់​៤​ម៉ឺន​រៀល​សម្រាប់​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក់ (​កង់​បី​) ពី​ផ្ទះ​មក​កន្លែង​ទាយ​មុខ​វាំង ខណៈ​ពេល​នេះ​មិនសូវ​មាន​អ្នក​មក​ទស្សន៍​ទាយ​បៀ​ទេ ហើយ​​ក្នុង​មួយ​ថ្ងៃ​ពេល​ខ្លះ​រកបាន​២​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល តែបើ​ហេង ចំ​ថ្ងៃសីល​មាន​ភ្ញៀវ​មក​ទស្សន៍​ច្រើន ក៏​ទទួល​បាន​កម្រៃ​គ្រាន់បើ​ជាង​ថ្ងៃ​ធម្មតា​ដែរ ។

អ្នកគ្រូ​បន្ត​ទៀត​ថា ជាង​១០​ឆ្នាំ​កន្លង​មកនេះ ជីវិត​ជា​អ្នក​គ្រូទាយ​សន្លឹក​បៀ មិន​មានការ​រីក​ចម្រើន​សល់​លុយកាក់​នោះ​ទេ គឺ​បាន​ត្រឹមតែ​មួយ​ថ្ងៃ សម្រាប់​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ។ សម្រាប់​អ្នក​មក​ទាយ អ្នកគ្រូ​មិន​តម្រូវ​ឲ្យ​ដាក់​លុយ​តាម​កំណត់​នោះ​ទេ ស្រេច​តែ​តាម​សទ្ធា​អ្នក​ដែល​មក​ទស្សន៍​ទាយ ។

អ្នកគ្រូ មាស សុខ​វ៉ា​រី បាន​បញ្ជាក់​ថា​៖ «​ជីវិត​ជា​គ្រូទាយ​សម្រាប់​ខ្ញុំ​គឺ​អភ័ព្វ​ណាស់ មាន​ប្តី​មិន​កប​ប្រាថ្នា ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​ចិញ្ចឹម​បីបាច់​កូនប្រុស​-​ស្រី​៥​នាក់​បាន​ធំធាត់​រហូត​មានមុខ​របរ​រៀង​ៗ​ខ្លួន ហើយ​ពេល​នេះ​ទោះបីជា​ជីវិត​គ្រូទាយ​បៀ​មិនសូវ​កាក់កប​ក៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​មុខរបរ​នេះ​ទៅ​មុខ​ទៀត រហូត​ដល់​ចាស់ជរា​ទើប​ឈប់ រួច​ចូល​ទៅ​វត្ត​កាន់​ធម៌អាថ៌​និង​គេឯង​មិន​ឲ្យ​កូន​ៗ​គេ​ពិបាក​នោះ​ទេ »​។

ដោយឡែក​អ្នក​គ្រូទាយ​សន្លឹក​បៀ​កាលី​ប​ឈ្មោះ «​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ​» ដែល​ទីតាំង​នៅ​ខាងជើង​រមណីយដ្ឋាន​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ឈ្មោះ​ពិត​របស់​អ្នកគ្រូ គឺ គឹ​ម ធីតា ហៅ​ម៉ាក់​ស្រី​ពេជ្រ អាយុ​៥១​ឆ្នាំ មានកូន​ប្រុស ស្រី​បី​នាក់ ប្តី​ជា​យោធា អ្នកគ្រូ​មានស្រុក​កំណើត​នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

អ្នកគ្រូ​បាន​ប្រឡូក​ជីវិត​ជា​អ្នកគ្រូ​ទស្សន៍​ទាយ​សន្លឹក​បៀ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​តាំងពី​ដើម​ឆ្នាំ​២០០០ ហើយ​អ្នកគ្រូ​កាន់​បាធ្យាយ​ដែល​សំខាន់​បំផុត​គឺ​គុណ​ម៉ែ គុណ​ឪ គុណ​តា គុណ​យាយ គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណ​ម្ចាស់​ទឹក ម្ចាស់​ដី គុណ​បារមី​ដី​ខ្មែរ​ទាំងអស់​។ អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ជីវិត​ជា​អ្នកគ្រូ​ទស្សន៍​ទាយ​សន្លឹក​បៀ​លើក​ដំបូង​ក្នុង​មួយ​ថ្ងៃ​ទស្សន៍​ទាយ​ឲ្យ​ភ្ញៀវ​បាន​ត្រឹមតែ​ពីរ​បី​នាក់​ប៉ុណ្ណោះ តែ​មួយ​រយៈ​ពេល​ខ្លី​ក្រោយ ស្រាប់តែ​មាន​អតិថិជន​មក​ច្រើន រហូត​ដល់​ឈរ​រង់ចាំ ។ ឃើញ​ដូច្នេះ​គាត់​ក៏​បាន​ជួល​តូប​ផ្សេង​ៗ​ទៀត​បួនដប់​តូប សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​រង់ចាំ ហើយ​ការ​ទស្សន៍​ទាយ​របស់​អ្នកគ្រូ​ឆុត​ទើប​សំបូរ​ភ្ញៀវ ។ ដំបូង​ឡើយ​អ្នក​គ្រូទាយ​ម្តង​បាន​ត្រឹមតែ​១០០០​រៀល ទៅ​១៥០០​រៀល​ប៉ុណ្ណោះ​ឯង ។

ឥឡូវនេះ​ទស្សន៍​ទាយ​ម្តង​បាន​ចាប់ពី​១០​ដុល្លារ​ឡើង តែបើ​ភ្ញៀវ​ខ្លះ​មានការ​ខ្វះខាត​អ្នកគ្រូ​អាច​ទស្សន៍​ទាយ​ជូន ហើយ​ភ្ញៀវ​ជូន​តាម​សទ្ធា​ផង​ដែរ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ចាប់អារម្មណ៍ និង​មាន​ជំនឿ​ខ្លាំង​នោះ គឺ​អ្នកគ្រូ​ពូកែ​ខាង​រៀប​បាយសី​ថ្វាយ​ម្ចាស់​ទឹក ម្ចាស់​ដី រៀប​បណ្តែត​ទឹក រៀប​ក្រោម​ដើម​ពោធិ៍ រៀប​ថ្វាយ​បារមី​លោកយាយ​ដូនពេញ ព្រះ​អង្គ​ព្រះ​ចៅ រៀប​នៅ​លើ​ភ្នំ​ឧដុង្គ​។ ហើយ​ការ​រៀប​នេះ​សម្រាប់​ឲ្យ​ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា អ្នកមាន អ្នកក្រ ជោគជ័យ​ក្នុង​ភារកិច្ច​និង​រក​ទទួលទាន​មានបាន​សុខភាព​ល្អ​ល្អក់​ដី លក់​ផ្ទះ​ហើយ​ត្រូវប៉ាន់​ដី ។

អ្នកគ្រូ​និយាយ​ថា អាច​ធ្វើ​ស្នេហ៍​កុំ​ឲ្យ​ប្តី​មាន​ស្រី សង្សារ​ណា​បែកចិត្ត​ឲ្យ​វិល​ត្រឡប់​មក​វិញ រួច​រៀប​ការ​ហើយ​បញ្ហា​ទាំង​អស់នេះ​អ្នកគ្រូ​មិន​ទារ​លុយ​ទំ​ណិ​ប​មុន​នោះ​ទេ ។ លុះ​បាន​សម្រេច​ទើប​យក ក៏​ប៉ុន្តែ​ការ​រៀបចំ​បាយសី​អ្នកគ្រូ​សុំ​លុយ​មុន​ខ្លះ​ដើម្បី​រៀបចំ​បាយសី​ទៅ​តាម​បំណង ។

អ្នកគ្រូ​ម៉ាក់​ស្រី​ពេ​ជ​ក៏​បាន​រៀបរាប់​អំពី​ជីវិត​ពិត​មុន​និង​ក្រោយ​ពេល​ក្លាយជា​គ្រូ​ទស្សន៍​ទាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា អ្នកគ្រូ​ជា​កូនកំព្រា​ឱ​ពុក តាំងពី​សម័យ​ប៉ុ​ល ពត ។ អ្នកគ្រូ​ធ្លាប់​លំបាក​គ្រប់យ៉ាង ហើយ​រៀន​ផង​ធ្វើស្រែ​ផង ព្រោះ​មាន​តែ​ម្តាយ រួច​អ្នកគ្រូ​ចេះ​ទាយ​តាំងពី​អាយុ​៧​ឆ្នាំ​មក​ម្ល៉េះ​និង​ចេះ​ធម៌​ដោយសារ​រស់នៅ​ជាមួយ​ជីតា​តាំងពី​អាយុ​១​ឆ្នាំ ។

អ្នកស្រី គឹ​ម ច​ន្ថា អាយុ​៣៥​ឆ្នាំ ម្ចាស់​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​នៅ​ផ្សារ​ទួល​សង្កែ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជួប​ជាមួយ​កោះសន្តិភាព តែ​សុំ​មិន​ឲ្យ​ថតរូប​បាន​និយាយ​ថា ដោយសារ​តែ​អ្នកស្រី​មានចិត្ត​រំភើប​និង​ដឹងគុណ​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ ទើប​មុខរបរ​លក់ដូរ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​កាក់កប​ប្រសើរ​ខ្លាំង​ណាស់ ក៏​ដូច​ជា​សុភមង្គល​ក្នុង​ជីវិត​ផង​ដែរ ។ អ្នកស្រី​ថា​ពី​ដើម​ឡើយ​អ្នកស្រី​មិនសូវ​ចាប់អារម្មណ៍​លើ​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ ដែល​ទស្សន៍​ទាយ​សន្លឹក​បៀ ការ​រៀប​ចំ​បាយ​សី​តម្លើង​រាសី​និង​មុខរបរ​ទទួលទាន​នោះ​ទេ ដោយសារ​ការ​លក់ដូរ​វា​មិនសូវ​ដាច់​និង​ចង់​បិទ​ហាង​ម្តង​ៗ ទើប​អ្នកស្រី​ប្រថុយ​មក​រក​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ​ឲ្យ​ជួយ​ទស្សន៍​ទាយ​តាម​រយៈ​សន្លឹក​បៀ ។

អ្នកស្រី​បន្ត​ថា ពេល​នោះ​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ ប្រាប់​ថា​ត្រូវ​រៀបចំ​តាំង​លម្អ​មុខ​ផ្ទះ​និង​មុខ​ហាង​ឲ្យ​ស្រប​តាម​ក្បួន​ហុងស៊ុយ បាន​ទាំង​រៀបចំ​បាយសី និង​ស្រោច​ទឹក​លើករាសី​ឲ្យ​ទៀត ដោយ​បង្កក់ប្រសិទ្ធិ​យន្ត​គាថា មាន​ទាំង​ទឹកអប់​ម្សៅ យក​ទៅ​លាប​ទៀត​ផង ស្រាប់តែ​មាន​អតិថិជន​ចូល​មក​ទិញ​ជា​បន្តបន្ទាប់ លក់ដាច់​រាល់ថ្ងៃ ។

អ្នក​ស្រី​ថា មិន​ភ្លេចគុណ​បារមី​អ្នកគ្រូ​ម៉ាក់​ស្រី ពេជ្រ​ទេ ព្រោះ​បារមី​បាន​ធ្វើ​ឲ្យ​អ្នកស្រី​រកស៊ី​ចម្រុង​ចម្រើន​ទទួល​បាន​សុភមង្គល​ក្នុង​ជីវិត​ដ៏​ឧត្តម ។

ដោយឡែក​អ្នកស្រី អ៊ី ឡា​ង សុំ​មិន​ឱ្យ​បញ្ចេញ​អា​ស័​យ​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ថា ពី​ដើម​អ្នកស្រី​មានទុក្ខ​រឿង​ក្រុម​គ្រួសារ​ក៏​ដូច​ជា​មុខរបរ​រក​ទទួលទាន អ្នកស្រីរ​ត់រក​អ្នកគ្រូ​ទស្សន៍​ទាយ​សន្លឹក​បៀ​នៅ​មុខ​ព្រះ​បរមរាជវាំង ដែល​មាន​ច្រើន​កន្លែង​មិន​ស័ក្តិសិទ្ធិ និយាយ​ឲ្យ​ចំ​គឺ​អត់​ប្រយោជន៍ ។ ទើប​ថ្ងៃមួយ​មិត្តភក្តិ​បាន​ប្រាប់​ឲ្យ​ទៅ​រក​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ នៅ​ខាងជើង​រមណីយដ្ឋាន​វត្ត​ភ្នំ ។ ពេល​មួយ​អ្នកស្រី បាន​មក​ពឹង​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ ឲ្យ​ជួយ​ទស្សន៍​ទាយ​បៀ ដោយ​ចង់​ទិញ​ដី តើ​វា​ចំណេញ​ឬ​ខាត ?

លុះ​បោះ​បៀ​ទៅ អ្នកគ្រូ​ប្រាប់​ថា​ល្អ​ណាស់ ព្រោះ​ដី​នោះ​មាន​ហុងស៊ុយ​ត្រូវប៉ាន់​ទិញ​មិន​ខុស​ទេ ។ លុះ​ទិញ​រួច ក៏​មាន​គេ​មក​សុំ​ទិញ​បន្ត​ឲ្យ​ចំណេញ​ដល់​ទៅ​ពាក់កណ្តាល​ឯណោះ ។ តាំងពី​ពេល​នោះ​មក អ្នកស្រី​តែងតែ​មក​សុំ​យោបល់​ជាមួយ​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ​ជា​រៀង​រហូត ហើយ​បើ​អ្នកគ្រូ​ប្រាប់​យ៉ាងណា​អ្នកស្រី​ក៏​អនុវត្តន៍​តាម​មិន​ដែល​ខុស​បំណង​ម្តងណា​ឡើយ ។ គាត់​រៀបរាប់​ថា សូ​ម្បី​តែ​កូនប្រុស​ម្នាក់​ដែល​ដើរ​ខុស​គន្លង​ធម៌ លុះ​អ្នកគ្រូ​ម៉ាក់​ស្រី​ព្រេ​ជ ប្រសិទ្ធី​ទឹកមន្ត​ឲ្យ​អ្នកស្រី យក​ទៅ​ឲ្យ​កូនប្រុស​នោះ​ផឹក ស្រាប់​តែ​ចេះ​កែខ្លួន​ដើរ​ផ្លូវត្រូវ​វិញ និង​លែង​ធ្វើបាប​ឪពុក​ម្តាយ ។

ងាក​មក​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ​វិញ បាន​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​នេះ​ដែរ​ភ្ញៀវ​ដែល​មក​រក​អ្នកគ្រូ​ឲ្យ​ទស្សន៍​ទាយ រៀបចំ​បាយសី​គឺ​មាន​ទាំង លោក​ឧកញ៉ា លោក​ជំទាវ​អ្នក​មុខ​អ្នកការ អ្នកមាន អ្នកក្រ គឺ​មក​ចម្រុះ​តែ​ម្តង ហើយ​គាត់​តែងតែ​មិន​ភ្លេចគុណ​ខ្ញុំ​នោះ​ទេ​» ។ មុន​​និង​ក្លាយ​ខ្លួន​ជា​គ្រូ​ទស្សន៍​ទាយ​សន្លឹក​បៀ និង​ឈាន​ជើង​ចេញពី​ស្រុក​កំណើត​មក​រស់​រាជធានី​ភ្នំពេញ សេចក្តី​ប្រាថ្នា​របស់​អ្នកគ្រូ​ម៉ាក់​ស្រី​ពេជ្រ​គឺ​ចង់បាន​រទេះគោ​មួយ និង​ម៉ាស៊ីនដេរ​ដើម្បី​ទៅ​ស្រុក​វិញ​ធ្វើស្រែ​និង​រៀន​កាត់ដេរ​តែ​ប៉ុណ្ណោះ ។

តែ​ពេល​នេះ​សេចក្តី​ប្រាថ្នា​ហួស​ពី​ការ​ចង់បាន គឺ​អ្នកគ្រូ​មានកូន​ប្រុស ស្រី​៣​នាក់​ជាទី​ស្រឡាញ់ មាន​ប្តី​ចិត្តល្អ​និង​មាន​ខុន​ដូរ​សម្រាប់​ជួល​ឲ្យ​អតិថិជន​ទៀត​ផង ហើយ​ជីវិត​រស់​នៅ​ពិតជា​ប្រសើរ​ខ្លាំង​ណាស់ ។ នេះ​ដោយសារ​តែ​ភ្ញៀវ​អ្នកតូច អ្នកធំ មាន​ជំនឿ​លើ​អ្នក​គ្រូ​ក្នុង​ការ​រៀបចំ​បាយសី ស្រោច​ទឹក​ប្រោះព្រំ​លើករាសី ទើប​ជីវិត​អ្នកគ្រូ​មានបាន​រហូត​មក​​ដល់​សព្វថ្ងៃ​ដែល​នឹក​ស្មាន​មិន​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ