ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម ៖ «​ចង់​ធ្វើ​ជំនួញ​ចូល​គ្នា​ជោគជ័យ ត្រូវ​ដាក់​ភាព​ស្មោះត្រង់ និង​បញ្ហា​នៅ​លើ​តុ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​ប្រទេស​កំពុង​រីក​ចម្រើន​លើ​គ្រប់​វិស័យ យុវជន​សម័យ​ឌី​ជី​ថ​ល​ភាគច្រើន​បា​នា​ន​គំនិត​ចង់​ធ្វើ​ជីវ​កម្ម​ដោយ​ខ្លួនឯង ឬ​សហការ​គ្នា​ដើម្បី​រកស៊ី​ជាដើម ប៉ុន្ដែ​មាន​របាំង​ឧបសគ្គ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ខ្លាច​បរាជ័យ ដោយសារ​គ្មាន​បទ​ពិសោធន៍​ក្នុង​គ្រប់គ្រង និង​ខ្វះខាត​ធនធាន​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​ប្រទេស​កំពុង​រីក​ចម្រើន​លើ​គ្រប់​វិស័យ យុវជន​សម័យ​ឌី​ជី​ថ​ល​ភាគច្រើន​បា​នា​ន​គំនិត​ចង់​ធ្វើ​ជីវ​កម្ម​ដោយ​ខ្លួនឯង ឬ​សហការ​គ្នា​ដើម្បី​រកស៊ី​ជាដើម ប៉ុន្ដែ​មាន​របាំង​ឧបសគ្គ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ខ្លាច​បរាជ័យ ដោយសារ​គ្មាន​បទ​ពិសោធន៍​ក្នុង​គ្រប់គ្រង និង​ខ្វះខាត​ធនធាន​ជាដើម ។ អ្វី​ដែល​សំខាន់​នោះ ការ​បើក​អាជីវកម្ម​មួយ​គឺជា​រឿង​ងាយស្រួល ក៏​ប៉ុន្ដែ​ដើម្បី​ឲ្យ​អាជីវកម្ម​នោះ​ជោគជ័យ និង​រក្សា​ឲ្យ​មាន​និរន្ដរភាព ទើប​ជា​រឿង​ដ៏​ពិបាក ។

នៅ​ថ្ងៃនេះ សហការី​និពន្ធ​សារព័ត៌មាន កោះសន្ដិភាព បាន​ជួប​សម្ភាសន៍​ជាមួយ​ស្ថាបនិក​​វ័យក្មេង​នៃ​ក្រុមហ៊ុន​មួយ​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​ពី​ស្ថាប័នរដ្ឋ ក៏​ដូច​ជា​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​ល្បី​ៗ ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ​គន្លឹះ​នៃ​ការ​ធ្វើ​ជំនួញ​រួម​គ្នា​មួយ​ឲ្យ​ទទួល​បាន​ជោគជ័យ និង​ធ្វើ​យ៉ាងណា ដើម្បី​រក្សា​ជំនួញ​ឲ្យ​មាន​និរន្ដរភាព​រហូត​ដល់​សព្វថ្ងៃ និង​ទៅ​អនាគត​។ ជា​ពិសេស តើ​មាន​យុទ្ធសាស្ត្រ​អ្វី​ដើម្បី​ប្រកួតប្រជែង ខណៈ​ដែល​ជំនួញ​មួយ​ទើប​ចាប់ផ្ដើម ។

ផេង គី​ម​ហ៊​ន ដែល​មហាជន​ហៅ​នាង​ថា «​គី​ម​» នាយក​គ្រប់គ្រង និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Two Way Public Relations ដែល​ទើបតែ​ចូល​ប្រឡូក​ក្នុង​កិច្ចការជំនួញ​ជិត​៥​ឆ្នាំ មាន​សេចក្ដី​សោមនស្ស​ក្នុង​ការ​ចែករំលែក​ពី​គន្លឹះ​ទាំងនេះ ដើម្បី​ជា​ពុទ្ធិ​ក្នុង​ការ​ត្រួសត្រាយ​ការ​រកស៊ី​ចូល​ហ៊ុន​គ្នា​ឲ្យ​ទទួល​បាន​ជោគជ័យ ។

តើ​កញ្ញា​អាច​ជម្រាប​បាន​ទេពី​ការ​ចាប់ផ្ដើម​បើក​ដំណើរការ​ដំបូង​នៃ​ក្រុមហ៊ុន Two Way Public Relations ហើយ​មាន​គោលដៅ​អ្វីខ្លះ ?

ឆ្លងកាត់​បទ​ពិសោធន៍​ការងារ​ជា​ច្រើន​ឆ្នាំ​ក្នុង​តួនាទី​ជា​អ្នកសម្របសម្រួល​អតិថិជន​នៅ​ធនាគារ​ក្នុងស្រុក​ធំ​មួយ ខ្ញុំ​យល់​ថា ខ្លួនឯង​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​ជំនាញ​ទំនាក់ទំនង​សាធារណៈ គួប​ផ្សំ​នឹង​ឱកាស​ផង​នោះ ក៏​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ដែល​មាន​នាម​ករ​ណ៍ «All Public Relations ឬ​ហៅ​ថា​All PR » ហើយ​បច្ចុប្បន្ន​នេះ យើង​បាន​ប្ដូរ​មក​ក្រុមហ៊ុន Two Way Public Relations ដោយ​មាន​ចក្ខុវិស័យ​មួយ គឺ​ជួយ​ដល់​ក្រុម​ហ៊ុន​វិនិយោគិន​ជាតិ និង​អន្តរជាតិ អង្គការ ឬ​ស្ថាប័ន​សាធារណៈ​នានា ជួបនឹង​អ្វី​ដែល​ពួក​គាត់​ចង់បាន តាម​រយៈ​ក្រុមហ៊ុន​យើង​ជា​អ្នកសម្របសម្រួល និង​ចាត់ចែង​រៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​សំខាន់​ៗ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​, ផ្ដល់​ប្រឹក្សា​យោបល់​ដល់​ក្រុមហ៊ុន​ថ្មី​ៗ​ដែល​ទើប​ឈាន​ជើង​ចូល​មក​ប្រតិបត្តិ​ជំនួញ​នៅ​កម្ពុជា ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​ដំណើរការ​ប្រកបដោយ​ផ្លែផ្កា និង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន ។

បន្ទាប់​ពី​ចាប់ផ្ដើម​ប្រតិបត្តិការ​បាន​រយៈពេល​ជាង​២​ឆ្នាំ ដំណើរការ​ក្រុមហ៊ុន​ក៏​ចេះ​តែ​ទទួល​បានការ​គាំទ្រ​ច្រើន​ឡើង​ៗ ពិសេស​បន្ទាប់​ពី​លំហូរ​វិនិយោគិន​បរទេស​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន បន្ទុក​ការងារ​ក៏​កាន់តែ​ធំ ដែល​ពេល​នោះ​ហើយ​ខ្ញុំ​ដឹង​ថា ខ្លួនឯង​មិន​អាច​គ្រប់គ្រង​អស់ ក៏​បាន​ពិភាក្សា​ជាមួយ​មិត្តភក្ដិ​ជិត​ស្និទ្ធ​ដែល​មាន​សមត្ថភាព​និង​ជំនាញ​ទាំង​ក្នុងស្រុក និង​បរទេស​មក​ជួយ​គ្រប់គ្រង និង​ចាត់ចែង ដោយ​សម្រេច​ឲ្យ​ពួក​គាត់​មាន​ចំណែក​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​។ ចាប់ពី​ពេល​នោះ​មក យើង​ក៏​ក្លាយជា​ក្រុមហ៊ុនសហកម្មសិទ្ធិ​ដែល​មាន​ទុន​វិនិយោគ​រួម​គ្នា ។

ជា​ក្រុមហ៊ុនសហកម្មសិទ្ធិ​ដែល​មានការ​បណ្ដាក់ទុន​រួម​គ្នា​ពី​សហគ្រិន​វ័យក្មេង​មក​ពី​សញ្ជាតិ​ផ្សេង​គ្នា វា​ពិតជា​មាន​លក្ខណៈ​ស្មុគស្មាញ ឬ​អាច​និយាយ​បាន​ថា មាន​ភាព​ផុយ​ស្រួយ​ច្រើន​ក្នុង​ដំណើរការ ក៏​ដូច​ជា​ទំនាក់ទំនង ការ​ខ្វែងគំនិត ហើយ​អាច​ឈាន​ទៅ​ដូច​មនុស្ស​ភាគច្រើន​ហៅ​ថា «​ហ៊ុន​ចូល​ខ្យល់​» ។ តើ​កញ្ញា​អាច​ប្រាប់​ពី​យុទ្ធសាស្ត្រ​គន្លឹះ​នៅ​ក្នុង​ការ​ដំណើរការ​បាន​ទេ ?

ជា​ការ​ពិត​ណាស់ ការ​រកស៊ី​ចូល​ហ៊ុន​គ្នា វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​ទស្សនៈ និង​ចក្ខុវិស័យ​ផ្សេង​ៗ​គ្នា ។ និយាយ​ឲ្យ​ស្រួល​ស្ដាប់ សូ​ម្បី​កើត​ពី​ផ្ទៃ​ម្ដាយ​តែ​មួយ នៅ​តែ​មាន​អត្ត​ចរិត​ខុស​គ្នា ចុះ​ទម្រាំ​មនុស្ស​មក​ពី​ប្រភព​ផ្សេង​គ្នា ហើយ​ចែវ​ទូក​តែ​មួយ វា​ពិតជា​ពិបាក ។ យ៉ាងណា​ក៏​ដោយ ភាព​ខុស​គ្នា​ទាំង​អស់នោះ ប្រសិនបើ​យើង​ចេះ​ស្វែងរក​ចំណុចប្រសព្វ​មួយ វា​នឹង​ក្លាយជា​ខ្សែពួរ​ដ៏​រឹង​មាំ​ដែល​មិន​ងាយ​នឹង​កាត់​ផ្ដាច់ ឬ​ជា​កម្លាំង​ច​លករ​ដ៏​មាន​ឥទ្ធិពល​រុញច្រាន​នាវា​របស់​យើង​បាញ់​ឆ្ពោះទៅ​រក​គោលដៅ​ដែល​បាន​កំណត់​នោះ​។ និយាយ​រួម មនុស្ស​ម្នាក់​ៗ​មាន​ភាព​ខ្លាំង​រៀងខ្លួន ហើយ​ក៏​មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវ​ស្ថាបនា​ដែរ ។

ចំពោះ​ក្រុមហ៊ុន​យើង​ដែល​ទទួល​ជោគជ័យ និង​មានការ​គាំទ្រ​យ៉ាងច្រើន​បែប​នេះ ក្រៅពី​ការ​សហការ​គ្នា​ជា​ធ្លុង​មួយ​ហើយ យើង​បាន​អនុវត្ត​គោលការណ៍​សំខាន់​៣ ដែល​ផ្ដោត​លើ​ភាព​ស្មោះត្រង់​ជា​អាទិភាព​ទី​១, ការ​យក​បញ្ហា​មក​ដាក់​លើ​តុ​ដើម្បី​ដោះស្រាយ និង​ការ​អភិវឌ្ឍ​ធនធាន ។ ជា​រួម ក្រៅពី​មាន​សមត្ថភាព​ហើយ ត្រូវ​មាន​ភាព​ស្មោះត្រង់​, រាល់​បញ្ហា​ដែល​កើតឡើង មិន​ត្រូវ​ទុក​ក្នុង​ចិត្ត​ទេ ត្រូវ​តែ​លើក​មក​ដាក់​លើ​តុ​ដើម្បី​ជជែក​វែកញែក​រកហេតុ​ផល ព្រោះ​គ្មាន​អ្វី​ដែល​ថា មិន​អាច​ដោះស្រាយ​បាន​ទេ គ្រប់យ៉ាង​ត្រូវ​តែ​មាន​ដំណោះស្រាយ ។ ការ​ធ្វើ​ដូច្នេះ មិន​ត្រឹមតែ​ឆាប់​ដោះស្រាយ​ស្ថានការណ៍​ឬ​ភាព​តានតឹង​បាន​ភ្លាម​ៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត ។

ក្នុង​កិច្ចការជំនួញ ពិបាក​និយាយ​ពី​ភាព​ស្មោះត្រង់ ។ ចំណែក​បញ្ហា​កើតឡើង មនុស្ស​ភាគច្រើន​តែង​ចង់​គេចវេះ ។ តើ​ធ្វើ​យ៉ាងណា​ទើប​អាច​ដឹង​ពី​ភាព​ស្មោះត្រង់​រវាង​គ្នា​នឹង​គ្នា​បាន ហើយ​ធ្វើ​ម៉េច​លើក​បញ្ហា​ទាំងនោះ​មក​ជជែក​ទល់មុខ​គ្នា​បាន ?

ភាព​ស្មោះត្រង់​ពិតជា​ពិបាក​រក​មែន ពិសេស​ក្នុង​ការងារ​ធុរកិច្ច ប៉ុន្ដែ​ឆ្លងកាត់​ការ​ធ្វើ​ការ​ងារ​ជាមួយ​គ្នា ការ​ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ការ​អង្កេត​ពី​ចរិតលក្ខណៈ សម្តី​សំដៅ និង​សកម្មភាព​នានា បើ​ទោះបីជា​យើង​មិន​អាច​ដឹង​ច្បាស់​១០០% ក៏​អាច​វាយតម្លៃ​បាន​ខ្លះ​ថា បុគ្គល​នោះ​ចូល​ចិត្ត ឬ​មិន​ចូល​ចិត្ត​អី ជា​មនុស្ស​គោរព​គោលការណ៍​ខ្លួនឯង​ឬ​យ៉ាង​ណា និង​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​យើង​បាន​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក មុន​នឹង​ឈាន​​ដល់​សហការ​គ្នា​រកស៊ី ។ និយាយ​រួម នៅ​ពេល​យើង​ជិះ​លើ​ទូក​តែ​មួយ យើង​ពិតជា​អាច​ដឹង​ច្រើន​ពី​សមាជិក​នៅ​លើ​ទូក ។

ទោះបី​យ៉ាងនេះ​ក្ដី យើង​ទទួលស្គាល់​ថា នៅ​ក្នុង​ស្ថាប័ន​មួយ​តែង​មាន​វិវាទ​កើតឡើង​ដោយ​មិន​អាច​ប្រកែក​បាន ប៉ុន្ដែ​យើង​ត្រូវ​ដឹង​ថា​ភាគច្រើន​នៃ​បញ្ហា គឺ​កើតឡើង​ដោយ​សារ​តែ​ការងារ ចំណែក​រឿង​ផ្ទាល់ខ្លួន​ភាគតិច​បំផុត​។ ដូច្នេះ នៅ​ពេល​យើង​ដឹង​ពី​ឫស​គល់​នៃ​បញ្ហា​ហើយ ត្រូវ​ប្រញាប់​យក​មក​ដាក់​លើ​តុ​ភ្លាម​ៗ​ដើម្បី​ដោះស្រាយ កុំ​អូស​បន្លាយ​ឲ្យ​រឿងរ៉ាវ​ទាំងនោះ​កាន់តែ​ទុំ​ជោរ ដែល​អាច​ឈាន​ដល់​ការ​ដើរ​ចេញ ។

យ៉ាងណា​ក៏​ដោយ ប្រសិនបើ​វិវាទ​នោះ​មិន​អាច​ដោះស្រាយ​បាន​ទេ ដំណាក់កាល​ចុង​ក្រោយ យើង​មាន​កិច្ចសន្យា​មួយ​ដែល​មាន​ចែង​លក្ខខណ្ឌ​ស្រប​តាម​គតិ​យុ​ត្ត​ដែល​បាន​ព្រមព្រៀង និង​ចុះហត្ថលេខា​រួម​គ្នា ។ ដូច្នេះ កិច្ចសន្យា​នោះ​នឹង​ជួយ​ត្រួសត្រាយ​វិវាទ​ក្នុង​កិច្ចការជំនួញ​នេះ ។

បច្ចុប្បន្ន មានកូន​ខ្មែរ​មិន​តិច​ទេ​ដែល​ចង់​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ តើ​អ្វី​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​បើក​អាជីវកម្ម​ដំបូង ?

ពិត​ណាស់ បច្ចុប្បន្ន យុវជន​ភាគច្រើន​ចង់​មាន​ឯករាជ្យ​ម្ចាស់​ការ​លើ​ជំនួញ​មួយ នៅ​ពេល​ពួក​គេ​មានចំណេះ និង​ជំនាញ បន្ទាប់​ពី​មានបទពិសោធន៍​ការងារ ។ ក្នុង​នាម​ជា​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មួយ ខ្ញុំ​សូម​ចែករំលែក​នូវ​បទ​ពិសោធន៍​ខ្លះ​ៗ មុន​នឹង​សម្រេ​ចចិត្ត​ចង់​រកស៊ី​ខ្លួនឯង ។ ជា​ចំណុច​ចាប់ផ្ដើម ត្រូវ​សួរ​ខ្លួនឯង​ថា «Are You Ready​?​» ប្រសិន​បើ​អ្វី​ៗ​គ្រប់យ៉ាង​ដឹង​ថា ខ្លួនឯង​អាច​ធ្វើ​បាន នោះ​ជា​ពេល​ដែល​អ្នក​អាច​ក្លាយជា​សហគ្រិន​ហើយ ។ យ៉ាងណា​ក៏​ដោយ ការ​បង្កើត​ក្រុមហ៊ុន ឬ​សហគ្រាស​មួយ វា​ងាយ​ស្រួល​ទេ តែ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​នោះ ទើប​ជា​ការ​ពិបាក ។

មានការ​សង្កេត​ឃើញ​ថា ភាព​ជោគជ័យ​របស់​អ្នក​រកស៊ី​មួយ​ចំនួន​តែង​ផ្សារ​ភ្ជាប់​ជា​មួយ​​ការងារ​សង្គម ។ ដើម្បី​អភិវឌ្ឍន៍​ក្រុមហ៊ុន តើ​កញ្ញា​មាន​ផែនការ​យុទ្ធសាស្ត្រ​ដើរ​ដូច​រាម​ច្បង​​មុន​ៗ​ដែរ​ឬទេ ?

ពិតមែន​ហើយ ! យើង​រស់នៅ​ក្នុង​សង្គម ត្រូវ​តែ​ចូលរួម​កិច្ច​ការងារ​សង្គម ។ Two Way Public Relations មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ប្រឹក្សា​យោបល់ សម្របសម្រួល និង​រៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​នានា​ដើម្បី​ស្វែងរក​ប្រាក់​គាំទ្រ​ដល់​ដំណើរការ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ យើង​បាន​ចូលរួម​កិច្ចការ​សង្គម​ជា​ហូរហែ ពិសេស​គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​​នៅ​កម្ពុជា​តាម​រយៈ​ការ​ចែករំលែក​ចំណេះ ជំនាញ និង​ចូលរួម​អភិវឌ្ឍន៍​សហ​គមន៍​​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល​ជាដើម ទៅ​តាម​លទ្ធភាព​ដែល​យើង​មាន ព្រោះថា ការ​​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ គឺជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់​រូប ទោះ​តិច​ក្ដី​ច្រើន​ក្ដី យើង​ត្រូវ​តែ​ជួយ​ប្រទេស​ជាតិ​យើង ជា​ពិសេស យើង​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ