ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​​បាត់ដំបង ទទួល​បាន​ស្នាដៃ​ល្អ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ចំណេះដឹង​បាន​បង្ហាញ​ពី​សមត្ថភាព​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព នេះ​ជា​គោលបំណង​ជំរុញ​បន្ថែម របស់​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​មាន​មតិ​សំណេះ…

ខេត្តបាត់ដំបង ៖ ចំណេះដឹង​បាន​បង្ហាញ​ពី​សមត្ថភាព​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព នេះ​ជា​គោលបំណង​ជំរុញ​បន្ថែម របស់​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​មាន​មតិ​សំណេះ សំ​ណា​ល​ដល់​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ​ចំនួន​២១៧​នាក់ មក​ពី​៣​វិទ្យាស្ថាន គឺ​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ ខេត្តបាត់ដំបង វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក្រសួង​ការងារ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង នៅ​ក្នុង​សង្កាត់​ឪម៉ាល់ ក្រុង​-​ខេត្តបាត់ដំបង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨​។ លោក មាស តារា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បាន​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​មន្ទីរ​ការងារ​សកម្មភាព​ដឹកនាំ​រៀបចំ ដល់​វិទ្យាស្ថាន​ទាំង​៣ នៅ​បាត់ដំបង​ឲ្យ​ទទួល​បានការ បណ្តុះបណ្តាល​ដល់​យុវជន យុវតី ដែល​បាត់បង់​ឱកាស​ការងារ ជន​ទី​ទ័លក្រ និង​សិស្ស​បោះបង់​ការ​សិក្សា ឲ្យ​មានចំណេះ ដឹង​ដើម្បី​មានការ​ងារ​ធ្វើ​ប្រកបដោយ​គុណភាព និង​មាន​ប្រសិទ្ធភាព តម្រូវ​តាម​ទីផ្សារ​ដែល​កំពុង​ត្រូវការ​បម្រើ​ការ គ្រប់​ស្ថាប័ន ក្រុមហ៊ុន ប្រកបដោយ​គុណភាព​។

បន្ទាប់​មក​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តោះ​បណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ដោយសារ​ឃើញ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព ពេល​នេះ​មាន​សិស្ស និស្សិត មក​អង្គុយ​រៀនសូត្រ​បាន​ដោយ​ស្រួល​គ្មាន​បារម្ភ​អំពី​ការ​ភ័យ​ខ្លាច​ដូច​កាលសម័យ មាន​សង្គ្រាម ឈ្លោះ​គ្នា​ក្នុងស្រុក​កន្លង​មក នោះ​ក៏​ដោយសារ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ស្តារ​ប្រទេស​ជាតិ​ឲ្យ​បាន​រួច​ចាក​ផុត​ពី​ភាព​ខ្ទេចខ្ទាំ ដោយសារ​សង្គ្រាម​កន្លង​មក​ទើប​ក្មួយ​ៗ​បាន​សាលារៀន ផ្លូវថ្នល់ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង​សម្រាប់​ទ្រទ្រង់​អភិវឌ្ឍ ប្រទេស​កម្ពុជា​បន្ត​ទៅ​ទៀត​។ ពីព្រោះ​ប្រទេស​ដែល​ក្រីក្រ មាន​កម្លាំង​ពលិកម្ម​ច្រើន បាន​ប្រាក់ខែ​តិច គឺ​មក​ពី​មនុស្ស​គ្មាន​ធនធាន គ្មាន​ចំណេះដឹង ទើប​ទទួល​បាន​ប្រាក់​ចំណូល​តិច បើ​មនុស្ស​មានចំណេះ​ដឹង​គឺ​បាន​ទទួល ប្រាក់ខែ​ច្រើន​តាម​តម្រូវការ​ទីផ្សារ​មិន​ត្រឹមតែ​ក្នុងស្រុក រហូត​ដល់​មានការ​ងារ​ធ្វើ​នៅ​ក្រៅប្រទេស​ទៀត​ផង​។

លោក​បណ្ឌិត​បាន​ប្រៀបធៀប​ពី​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​កំពុង​មានការ​កើនឡើង ដែល​ពិភពលោក​កំពុង​ចាប់អារម្មណ៍​ដោយ​មានការ​សង្កេត​អង្ក​ការ​ពលិកម្ម​អន្តរជាតិ​(ILO)​ដែល​ប្រាក់ខែ​កម្មករ កម្ម​ការ​នី ពី​មុន​មាន​តែ​៤០​ដុល្លារ​ក្នុង​១​ខែ តែ​ចេះ​តែ​ឡើង​បន្តបន្ទាប់​មករ​ហូត​ពេល​នេះ​ឡើង​ដល់​១៧៥​ទៅ​ជាង​២០០​ដុល្លារ និង​កំពុង​បន្ត​ដំឡើង​បន្ថែម​ទៀត នា​ឆ្នាំ​ខាង​មុខ​នេះ ពីព្រោះ​តែ​ស្រុក​ទេស​មាន​សុខ​សន្តិភាព ទើប​មាន​កត្តាសេដ្ឋកិច្ច​បាន ហក់​ឡើង​បាន​យ៉ាង​ឆាប់រហ័ស​បែប​នេះ​។ លោក​បណ្ឌិត​បាន​ប្រៀបធៀប​ប្រទេស​កម្ពុជា ធ្លាប់​ជួប​ភាព​ក្រីក្រ​ដោយសារ សង្គ្រាម​កន្លង​មក ហើយ​មានការ​រីក​ចម្រើន​ដល់​ថ្ងៃនេះ​ក៏​មាន​អ្នកនយោបាយ​មួយ​ចំនួន​កំពុង​អូស​ទាញ ដោយ​ប្រើ​វិធីសាស្ត្រ​បង្កើត​សកម្មភាព​ធ្វើ​បដិវត្តន៍​ពណ៌​ប្រៀបធៀប​ជាមួយ​ប្រទេស​លី​ប៊ី ប្រទេស​ទុ​យ​នេ​ស៊ី ដែល​កំពុង​រង​គ្រោះ បង្កចលាចល​ក្នុង​សង្គម​បំផុស​រឿង​ក្បត់ជាតិ​ដោយ​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង ព្រោះតែ​ចង់​ផ្តួលរំលំ​បំផ្លាញ​ការ​រីក​ចម្រើន​នេះ​។ តែ​វា​ជា​បទ​ពិសោធន៍​ដែល​កូន​ខ្មែរ​ធ្លាប់​ជួប​រួច​ហើយ ទើប​ទប់ស្កាត់​មិន​ឲ្យ​ភាព​អន្តរាយ​ដោយសារ​សង្គ្រាម​វិល​ត្រឡប់​មក​រក​កម្ពុជា​វិញ​បាន​ឡើយ​។

លោក​បាន​បន្ត​ពី​សេដ្ឋកិច្ច​នៅ​កម្ពុជា​សព្វថ្ងៃ​កំពុង​តែ​មានការ​ទទួលស្គាល់​ពី​ពិភពលោក​ថា​កម្ពុជា​បាន​ចាក​ចេញពី​ភាព​ក្រីក្រ មក​នៅ​មធ្យម​ក្នុងឆ្នាំនេះ ព្រោះ​ចំណូល​សេដ្ឋកិច្ច​មានការ​កើនឡើង ហើយ​ក្នុង​ឆ្នាំ​២០៣០​នឹង​ឈាន​ទៅ​រក​លំដាប់​ខ្ពស់ ទៅ​តាម​ផែនការអភិវឌ្ឍន៍​របស់​សម្តេច​តេ​ជោ ប្រែប្រួល​ពី​វិស័យ​កសិកម្ម ឆ្ពោះទៅ​វិស័យ​ឧស្សាហកម្ម ហើយ​បន្ត​ទៅ​រក​សេវាកម្ម​បន្ថែម​ទៀត​។ លោក​បណ្ឌិត​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ឲ្យ​ខិតខំ​ជំរុញ​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​តម្រូវការ​ពេល​នេះ​ពិភពលោក​ត្រូវការ អ្នកមាន​ចំណេះដឹង ធនធានមនុស្ស​ដោយ​ពិតប្រាកដ ហើយ​អង្ក​ការ​អន្តរជាតិ​បាន​ទទួលស្គាល់​វិទ្យាស្ថាន​ជាតិ វិជ្ជាជីវៈ​នៅ​បាត់ដំបង​នេះ​ពិតជា​ទទួល​បាន​គុណភាព​ល្អ​មែន​ទើប​ចេញ​សេចក្តី​ប្រកាស​ទទួលស្គាល់​គុណភាព​ដឹកនាំ​ការងារ​លំដាប់ (ISO- 9001-2015)​ដល់​លោក នៅ ញ៉ិ​ន នាយ​វិទ្យាស្ថាន​ជាតិ វិជ្ជាជីវៈ​នៅ​ទី​នេះ​ផង​ដែរ​។ ចុង​ក្រោយ​លោក​បណ្ឌិត បាន​ផ្តាំផ្ញើ​ឲ្យ​គ្រប់​មន្ត្រី​ទាំងអស់​ត្រូវ​គិត​ពី​បញ្ហា​សុខភាព​ចៀសវាង​ការ​ប្រើប្រាស់​គ្រឿងញៀន សូម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ត្រូវ​ប្រើប្រាស់​មួក​សុវត្ថិភាព និង​ប្រើ​ខ្សែក្រវាត់ ព្រោះ​អត្រា​ស្លាប់​ច្រើន​សព្វថ្ងៃ​មិនមែន​នៅ លើ​ជំងឺអេដស៍ និង​ផ្ទុះ​គ្រាប់​មីន​ទៀត​ឡើយ ហើយ​សូម​មានការ​រួបរួមសាមគ្គី​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ