រាជធានីភ្នំពេញ ៖ ម៉ូតូស្មាសវី ពណ៌ខ្មៅ មួយគ្រឿង ជិះគ្នា២នាក់ក្នុងស្ថានភាពស្រវឹងបើករំលោភភ្លើងសញ្ញាចរាចរណ៍ទៅបុកជាមួយម៉ូតូសង់កូរ៉េ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១០ ធ្នូ នៅចំណុចស្តុបផ្លូវភ្លោះអូរឫស្សី តាមមហាវិថីព្រះមុនីវង្សកែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា២នាក់ក្នុងស្ថានភាពស្រវឹង បើកបរតាមមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ចំណែកម៉ូតូសង់កូរ៉េ ពណ៌ក្រហម បើកពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាសគ្នា ខណៈមកដល់ស្តុបខាងលើ ម៉ូតូសង់កូរ៉េបត់ឆ្វេងតាមបញ្ជាភ្លើងស្តុបត្រឹមត្រូវដោយឡែកខាងម៉ូតូស្មាសវីរវល់តែស្រវឹងមិនបានគោរពភ្លើងសញ្ញាចរាចរណ៍ទេបើកទៅបុកម៉ូតូសង់កូរ៉េបណ្តាលឲ្យអ្នកបើកម៉ូតូស្មាសវី រងរបួសធ្ងន់ អ្នកជិះពីក្រោយរងរបួសស្រាល ឯអ្នកបើកម៉ូតូសង់កូរ៉េរងរបួសស្រាលដែរ ។
អ្នកបើកម៉ូតូស្មាសវីរងរបួសធ្ងន់ឈ្មោះ ចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ និងអ្នកជិះពីក្រោយ ឈ្មោះផាន់ សារុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងពិស ឃុំបសេដ្ឋ ស្រុកចន្រ្ទា រងរបួសស្រាល ។ អ្នកបើកម៉ូតូសង់កូរ៉េឈ្មោះ ស៊ុន សុខា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវរថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅខណ្ឌ៧មករា រង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ