រាជធានីភ្នំពេញ ៖ ផ្សារធំថ្មីដែលមានអាយុកាលជាង៨០ឆ្នាំ សាងសង់ឡើងតាមម៉ូដអគារបែបសម័យអាណានិគមបារាំង និងមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា នៅតែជាផ្សារទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរអន្តរជាតិច្រើនជាតិសាសន៍មកទស្សនានិងនាំគ្នាទិញវត្ថុអនុស្សាវរីយ៍នានា ។
លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៧ ភ្ញៀវអន្តរជាតិបានមកទស្សនានៅផ្សារធំថ្មីមានចំនួន២១៥.៩៧០ នាក់ក្នុងនោះភ្ញៀវជនជាតិវៀតណាមមានចំនួន១១០.៥០០នាក់, ចិន៥២.៦៥៣នាក់, ភ្ញៀវអឺរ៉ុប៤៥.៥៨៧នាក់, ម៉ាឡេស៊ី៣.៨៧៣នាក់, ថៃ១.១១៣នាក់, ជប៉ុន១៥២១នាក់, កូរ៉េ៤៥នាក់, ឥណ្ឌា៣៤៤នាក់, ឥណ្ឌូណេស៊ី៣៧នាក់, មីយ៉ាន់ម៉ា៣៥នាក់ និងឡាវចំនួន២៦២នាក់ ។

បើធៀបនឹងឆ្នាំ២០១៦ មានភ្ញៀវទេសចរមកទស្សនាចំនួន២០៧.០០០នាក់ កើនឡើង៨៩៧០នាក់ ហើយភ្ញៀវទេសចរភាគច្រើនជាជនជាតិវៀតណាមមានចំនួន១១០.៥០០នាក់ ចិន៥២.៦៥៣នាក់ និងជនជាតិអឺរ៉ុប៤៥.៥៨៧នាក់ ។ ភាគច្រើនភ្ញៀវបរទេស ដែលមកទស្សនាផ្សារធំថ្មី តែងតែទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗដូចជា រូបចម្លាក់ប្រាសាទអង្គរតូច និងប្រាសាទនានាក្នុងខេត្តសៀមរាប ។ ដោយឡែកភ្ញៀវជនជាតិវៀតណាមវិញគឺនិយមទិញគ្រឿងអលង្ការ ។
លោកស្រី ប៉ុន ដានី បានបញ្ជាក់ថា ក្នុងន័យលើកតម្កើងតម្លៃប្រាក់រៀលរបស់ខ្មែរ លោកស្រីបានតម្រូវឱ្យមានការដាក់តម្លៃលើមុខទំនិញជាប្រាក់រៀលខ្មែរ ។ លោកស្រីមានប្រសាសន៍ថា «បច្ចុប្បន្នផ្សារធំថ្មីបានរៀបចំតូបលក់ទំនិញគ្រប់ប្រភេទដោយដាក់តម្លៃជាប្រាក់រៀល ហើយមានកន្លែងខ្លះ យើងក៏បានដាក់តម្លៃជាប្រាក់ដុល្លារផងដែរ ។

បងស្រី ចាន់ ណា អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅផ្សារធំថ្មីបានឱ្យដឹងថា បច្ចុប្បន្ននេះផ្សារធំថ្មីមានរបៀបរៀបរយក្នុងការដាក់តាំងលក់វត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរអន្តរជាតិ ដើម្បីចូលទិញ ហើយក៏គ្មានអាជីវករមួយណាដណ្តើមចាប់ភ្ញៀវដែរ គឺស្រាច់តែចិត្តភ្ញៀវគេចូលតូបណាក៏បាន មិនដូចកាលពីប៉ុន្មានឆ្នាំមុនមានភាពអនាធិបតេយ្យខ្លាំងណាស់ ក្នុងការរត់ចាប់ដៃអូសទាញភ្ញៀវឱ្យចូលតូបរបស់ខ្លួន រីឯតម្លៃនៃការលក់វត្ថុអនុស្សាវរីយ៍គឺមានតាំងតម្លៃជាប្រាក់រៀលនិងប្រាក់ដុល្លារផងដែរ ។

សំណង់ផ្សារធំថ្មី ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៣៥ តាមម៉ូដ Art Deco ហើយត្រូវបានលាបពណ៌លឿងលាយប្រផេះ ។ សំណង់នេះមានស្លាបបួន ដែលគ្របដោយដោមនៅចំកណ្តាល ។ នៅក្នុងស្លាបទាំងបួននេះ និងនៅជុំវិញបរិវេណខាងក្រៅ គឺមានដាក់លក់នូវរបស់របរស្ទើរតែគ្រប់ប្រភេទរួមមាន ឧបករណ៍អេឡិចត្រូនិច, សម្លៀកបំពាក់, នាឡិកាដៃ,កាបូប, វ៉ាលីស, ស្បែកជើង, អាហារស្ងួត, អាហារស្រស់និងគ្រឿងអលង្ការផ្សេងៗទៀត ។ សម្លៀកបំពាក់ចាប់ពីអាវយឺត ដែលមានតម្លៃធូរថ្លៃរហូតដល់ក្រមា (ក្រមាខ្មែរ) ។ ចំណែកវត្ថុបុរាណគឺទាក់ទាញក្រសែភ្នែកភ្ញៀវបរទេសខ្លាំង និងសៀវភៅក៏មានច្រើនប្រភេទផងដែរដូចជា សៀវភៅមគ្គុទ្ទេសក៍អំពីការធ្វើដំណើរ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ។

ភ្ញៀវទេសចរមកកម្ពុជាក្នុងម្នាក់គិតជាមធ្យមស្នាក់នៅរយៈពេល៦ថ្ងៃកន្លះ និងចាយវាយប្រាក់ប្រមាណ៧០០ដុល្លារ ក្នុងកំឡុងពេលស្នាក់នៅនោះ ។ នេះបើតាមការឱ្យដឹងរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់រវាងអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរនាពេលកន្លងមក ។
លោក ទិត ចន្ថា បានឱ្យដឹងបន្ថែមថា ឧស្សាហកម្មទេសចរណ៍បានជួយជ្រោមជ្រែងយ៉ាងសំខាន់ដល់ការផលិត និងផ្គត់ផ្គង់ផលិតផលដូចជា អង្ករ បន្លែ ត្រី សាច់ វត្ថុអនុស្សាវរីយ៍ជាដើម រួមទាំងសេវាកម្មផ្សេងៗទៀត ។ នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥.០១១.៧១២នាក់ ដែលមានចំណូលចូលចរន្តសេដ្ឋកិច្ចជាតិប្រមាណ៣៥០០លានដុល្លារ ។

លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានបញ្ជាក់យ៉ាងដូច្នេះថា បើទោះសព្វថ្ងៃនេះសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ គឺភ្ញៀវទេសចរអន្តរជាតិ បានចូលមកទស្សនាក្នុងផ្សារធំថ្មីមានការកើនឡើងច្រើនក៏ពិតមែន តែជាមួយគ្នានោះគណៈកម្មការផ្សារបានចាត់កម្លាំងទាំងសមត្ថកិច្ច និងកម្លាំងផ្សារប្រចាំការគ្រប់ច្រកល្ហក ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយជូនភ្ញៀវជាតិ និងអន្តរជាតិមិនឱ្យមានបញ្ហាអ្វីកើតឡើងនៅក្នុងផ្សារឡើយ ។ ជាមួយគ្នានោះដែរក្នុងបរិវេណផ្សារក៏មានការដាក់កាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងក្នុងបរិវេណផ្សារផងដែរ។ ចំពោះបញ្ហាអនាម័យវិញ គឺគណៈកម្មការផ្សារតែងតែចុះសំអាតបាញ់ទឹកដុសលាង និងបាញ់ថ្នាំកុំឱ្យមានក្លិនស្អុយឆ្អេះឆ្អាបដល់ភ្ញៀវចេញចូលក្នុងផ្សារ ។ ផ្សារធំថ្មីដែលមានអាយុកាលជាង៨០ឆ្នាំទៅហើយនោះ នៅតែទទួលស្វាគមន៍ដល់ភ្ញៀវអន្តរជាតិដែលចំណាយពេលវេលាចូលមកទស្សនាក្នុងផ្សារធំថ្មីជានិច្ច ។

លោក សុខ កល្យាណ អ្នកនាំភ្ញៀវទេសចរដែលមកទស្សនាផ្សារធំថ្មីបាននិយាយាថា រយៈពេលជាង១០ឆ្នាំមកហើយ ដែលលោកតែងតែនាំភ្ញៀវទេសចរអន្តរជាតិមានជនជាតិវៀតណាម ចិន កូរ៉េ ដែលមកទស្សនាផ្សារធំថ្មីហើយក៏បាននាំគ្នាទិញវត្ថុអនុស្សាវរីយ៍ដូចជា អាវយឺតមានរូបប្រាសាទអង្គរវត្ត រូបចម្លាក់អំពីឈើ ស្ពាន់គ្រប់ប្រភេទ ហើយភ្ញៀវទាំងនោះក៏បានសរសើរអំពីស្នាដៃខ្មែរក្នុងការចម្លាក់បានល្អ ហើយមិនថ្លៃហួសហេតុអាចទទួលយកបាន ។
ក្នុងនោះនៅតាមតូបដែលលក់វត្ថុអនុស្សាវរីយ លក់អាវយឺតគ្រប់រូបភាព មានរបៀបរៀបរយ គ្មានអាជីវករណាមួយរត់មកចាប់ទាញដៃភ្ញៀវឱ្យចូលមកតូបរបស់ខ្លួននោះទេ ហេតុដូច្នេះហើយទើបភ្ញៀវតែងតែសុំឱ្យក្រុមហ៊ុនរបស់លោកនាំពួកគាត់មកទស្សនាផ្សារធំថ្មី ដែលមានអាយុកាលជាង៨០ឆ្នាំ ត្រូវបានសាងសង់ឡើងតាមម៉ូដអគារបែបសម័យអាណានិគមបារាំង ដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា ផ្សារធំថ្មីបានសាងសង់ឡើងក្នុងអំឡុងខែសីហា ឆ្នាំ១៩៣៥ និងបានបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ១៩៣៧ តាមប្លង់ស្ថាបត្យកម្មរបស់លោក JEAN DUBOIR ជនជាតិបារាំងដែលមានក្រុមហ៊ុនឥណ្ឌូចិន សាយហ្គនជាអ្នកសិក្សាបច្ចេកទេស និងជាអ្នកសាងសង់នៅក្នុងរជ្ជកាលព្រះករុណាព្រះបាទស៊ីសុវត្ថិមុនីវង្ស គ្រងរាជ្យសម្បត្តិ ហើយបានប្រែក្លាយឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយក្នុងទីក្រុងភ្នំពេញនាទសវត្សទី៣០ ដល់ទសវត្សទី៧០ ដែលជាសមិទ្ធផលមួយក្រោមជំនួយរបស់រដ្ឋាភិបាលបារាំងជូនដល់ប្រទេសកម្ពុជា ហើយបើយើងពុំស្គាល់ផ្សារធំថ្មីទេ ហាក់បីដូចជាពុំស្គាល់ភ្នំពេញដែរ ។

ឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់មក ដោយសង្កេតឃើញថា អគារផ្សារធំថ្មី ដែលបានចាត់បញ្ចូលជាបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ មានសំណង់នៃអាគារខ្លះបានប្រេះស្រាំ ជ្រាបទឹកមិនធានាបាននូវគុណភាពយូរអង្វែង ទើបសាលារាជធានីភ្នំពេញ រៀបចំឯកសារសុំការគាំទ្រជំនួយផ្នែកហិរញ្ញវត្ថុពីទីក្រុងប៉ារីសនាឆ្នាំ២០០១ និងបានធ្វើការចរចាសម្របសម្រួលជាបន្តបន្ទាប់ ទើបឈានទៅដល់ការរៀបចំជួសជុលកែលម្អ ។

សំណង់ពាណិជ្ជកម្មនេះរួមចំណែកដល់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសបានរួមចំណែកដល់ការលើកស្ទួយសោភ័ណភាពរបស់ទីក្រុង និងផ្តល់សេវាក្នុងការកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាជនទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរឡើង ៕
ចែករំលែកព័តមាននេះ