រាជធានីភ្នំពេញ ៖ ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋ នៅលើបណ្តាញសង្គមដែលថា អាជ្ញាធរមករុះរើផ្ទះរបស់ខ្លួន ដោយមិនទាន់បានសំណងសមរម្យ ជុំវិញគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវបានអាជ្ញាធរបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលពុំព្រមទទួលយកសំណង ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាល មិនអាចដោះស្រាយជូនបាន ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានបណ្តាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannsean បានបង្ហោះរូបភាព ដោយលើកឡើងថា “គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយ ដោយមិនទាន់បានសំណងសមរម្យ ខាងស្ពាន ចាក់អង្រែក្រោម ព្រែកប្រា សូមសម្តេចពុក សម្តេចម៉ែ សម្តេចនាយករដ្ឋមន្ត្រីនិងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង” ។
តាមរយៈបណ្តាញសង្គម Facebook និង Tik Tok ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បកស្រាយថា គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ ខាងកើត និងខាងលិច រាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹងក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស ។
អនុវត្តតាមគម្រោងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ បានធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់បាន ៩៨% ហើយ គឺនៅសល់តែបងប្អូនប្រជាពលរដ្ឋ ចំនួន ៣គ្រួសារ តែប៉ុណ្ណោះ ហើយកន្លងមកក្រុមការងារ បានអញ្ជើញប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ចំនួន៣គ្រួសារនេះ មកធ្វើការសម្របសម្រួលដោះស្រាយ ផលប៉ះពាល់ជាច្រើនលើកច្រើនសារ ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលយកសំណង ពីគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក្នុងនោះមាន ៖ ១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផល ប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩,៣៨០.៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន) ២/ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២,២០៩,៥៤៣.១៥$ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និង៣/ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១,៨៣៨.១៩ $ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបី ដុល្លារអាមេរិក និងដប់ប្រាំបួនសេន) សំណងផលប៉ះពាល់នេះ ពួកគាត់មិន ព្រមទទួលយក ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវដកហូតទីតាំងខាងលើនេះ មកឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្ត សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែត បណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ នេះឡើយ។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ នៅតែទុកលទ្ធភាព ជូនពួកគាត់ បើពិនិត្យឃើញថា ចំនួនទឹកប្រាក់ នៃការផ្តល់សំណងនេះ មិនសមស្របនោះ អាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីបន្តទៀតបាន ទោះបីជាពួកគាត់ទទួលបានសំណងពីគណៈកម្មការអន្តរក្រសួង ឬក៏ក្រោយពេលស្ពានត្រូវបានសាងសង់បញ្ចប់ និងបានដាក់ឱ្យប្រើប្រាស់ក៏ដោយ ។
សូមបញ្ជាក់ថា ចំពោះសំណងផលប៉ះពាល់ គណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់រក្សាទុកជូនពួកគាត់ នៅពេលដែលពួកគាត់មកទទួលសំណងនេះ ពេលណាក៏បាន ។
ទន្ទឹមនឹងនេះ ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យបញ្ចប់ និងឈានទៅ ដោះស្រាយការកកស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋទាំងអស់នោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារខាងលើ អញ្ជើញមកទទួលយកសំណង ផលប៉ះពាល់ ពីគណៈកម្មការអន្តរក្រសួង ៕




ចែករំលែកព័តមាននេះ