ខេត្តបាត់ដំបង ៖ ថៅកែអេតចាយដែលជាម្ដាយ និងកូនស្រីវ័យ១៣ឆ្នាំ ត្រូវឃាតករបិទមុខសម្លាប់ជាបន្តបន្ទាប់យ៉ាងឃោរឃៅបំផុតក្នុងបន្ទប់ទឹកនៅក្នុងផ្ទះ ខណៈបុរសជាប្ដីមិននៅផ្ទះ។ អំពើឃាតកម្មនេះត្រូវបានសមត្ថកិច្ចសន្មត់ថា អាចកើតឡើងនៅចន្លោះម៉ោង៦ទៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី៤ ធ្នូ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង និងផ្ដើមចេញពីរឿងគំនុំ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះដល់ជីវិតជាម្ដាយឈ្មោះឈូ មួយ អាយុ៤៥ឆ្នាំ និងកូនស្រីឈ្មោះតាំង កៀងកៀង អាយុ១៣ឆ្នាំ ។ រីឯឃាតករបានបិទមុខពាក់អាវយឺតខ្មៅ និងមានកាំបិតក្នុងដៃផង នេះបើតាមចម្លើយរបស់សាក្សី ។ សមត្ថកិច្ចនិយាយថា ជនមិនស្គាល់មុខនោះបានសម្លាប់កូនស្រីជាមុននៅក្នុងបន្ទប់ទឹក ហើយសម្ងំនៅក្នុងនោះ លុះបន្តិចក្រោយមកពេលម្ដាយមកពីទារប្រាក់គេក៏ចូលទៅក្នុងបន្ទប់នោះ ក្រោយពីគាត់ទូរស័ព្ទរកកូនស្រីមិនចូល ហើយក៏ត្រូវឃាតករនោះសម្លាប់ទៀត ។
ស្ត្រីឈ្មោះឈាង ម៉ាគីន អាយុ២៦ឆ្នាំជាចុងភៅ បានប្រាប់សមត្ថកិច្ចថា នៅម៉ោងប្រហែល៦ល្ងាចខ្លួនបានស្រុះមីឲ្យនាងជាកូនស្រីឈ្មោះកៀងកៀង ហូប ហើយខ្លួនក៏ជិះម៉ូតូឌុបថៅកែស្រីចេញទៅទារប្រាក់គេ ។ នាងបន្តថា គ្រានោះម៉ោងជាង៧យប់ ថៅកែស្រីបានទូរស័ព្ទទៅរកកូនស្រីនៅផ្ទះតែមិនចូល លុះម៉ោង៨ជាងខ្លួន និងថៅកែស្រីក៏ត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះថៅកែស្រីបានដើរចូលទៅក្នុងបន្ទប់ដេករបស់គាត់ ក្នុងបន្ទប់នោះមានពន្លឺភ្លើង តែទាញវាំងននបិទបង្អូចជិត ។ ក្រោយពីថៅកែស្រីបើកទ្វារចូលបានបន្តិច ស្រាប់តែនាងឮសំឡេងស្រែកមួយមាត់ថា«ជួយផង»គ្រានោះនាងបានដើរមកមើលហើយបានស្រែកសួរ តែគ្មានសំឡេងឆ្លើយតបទេ ។ ស្រាប់តែមានមនុស្សប្រុសម្នាក់ដើរចេញពីបន្ទប់នោះដោយពាក់អាវយឺតខ្មៅរុំមុខជិតមានកាំបិតខ្លីកាន់ក្នុងដៃផង ។ នាងចុងភៅបានបំភ្លឺទៀតថានាងបានសួរជនបិទមុខនោះ តែជននោះមិននិយាយទេបែរជារុញទ្រូងនាងស្ទើរដួលផ្ងាក្រោយ រួចក៏ដើរចេញយ៉ាងលឿនបាត់ទៅ ។ ពេលនោះនាងក៏បានទូរស័ព្ទហៅកម្មករមកជួយមើល លុះចូលទៅក្នុងបន្ទប់ក៏ឃើញថៅកែស្រី និងកូនស្រីដេកស្លាប់ក្នុងបន្ទប់ទឹកជាមួយគ្នាក្នុងថ្លុកឈាមយ៉ាងអណោចអធ័មបំផុត ។
លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះប្ដីស្រ្តីរងគ្រោះខាងលើនេះស្នាក់នៅឯក្រុងប៉ោយប៉ែត ព្រោះគាត់មានស្ដង់អេតចាយនៅទីនោះ ។ រីឯកូនប្រុសម្នាក់ដែលទៅរៀនក៏បានមកទាន់ពេលដែរ ខណៈដែលឃាតករ ដើរចេញពីក្នុងបន្ទប់ដេករបស់ម្ដាយខ្លួន ។ លោកថា ក្នុងករណីនេះឃាតករបានចូលទៅសម្ងំក្នុងបន្ទប់ដេករបស់ស្រ្តីរងគ្រោះជាមុន លុះកូនស្រីចូលទៅក៏សម្លាប់នាងតែម្ដង ។ រីឯម្ដាយដែលទើបមកពីទារប្រាក់គេ ដើរចូលទៅក្នុងបន្ទប់នោះ ក៏ត្រូវឃាតករបិទមុខនោះសម្លាប់ទៀត ។ លោកជេត វណ្ណនី បានថ្លែងថា ឃាតករបានសម្លាប់ជនរងគ្រោះក្នុងបន្ទប់ទឹកទាំង២នាក់ម្ដាយកូន ។ នៅលើសពម្ដាយគេឃើញមានស្នាមវាយក្បាលពីក្រោយ និងមានស្នាមចាក់ដោយដែកស្រូចធ្លាយចេញខួរទៀតផង ឯកូនស្រីមានស្នាមខ្សែរឹតកសម្លាប់ ។ តាមការសួរនាំគ្រួសារអ្នករងគ្រោះគឺមិនមានបាត់បង់ទ្រព្យសម្បត្តិទេ ។
លោកស្នងការរងនិយាយថា តាមការបំភ្លឺពីកម្មករខ្លះ និងចុងភៅថា ថៅកែស្រីធ្លាប់មានទំនាស់ជាមួយកម្មករកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងការលួចលក់ដែកអេតចាយហើយគ្មានរឿងអ្វីផ្សេងពីនេះទេ ។ លោកបានធ្វើការសន្និដ្ឋានអំពីករណីនេះជាជំហានដំបូងថា «វាជាអំពើឃាតកម្មដោយគំនុំដែលជនដៃដល់រៀបចំទុកជាមុន » ។ លោកអះអាងថា មុខសញ្ញាជនដៃដល់នោះអាចត្រូវកំណត់បានខ្លះៗហើយ ៕
ចែករំលែកព័តមាននេះ