ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​កម្ពុជា​-​ថៃ​-​ឡាវ​8​រូប​បង្ហាញ​ជំនឿ​ចិត្ត​ដណ្ដើម​ទឹកប្រាក់​6​ពាន់​ដុល្លារ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ប៉ុន្មាន​រដូវ កាល​កន្លង​មក កីឡាករ​កម្ពុជា ថៃ ឡាវ ៨​រូប ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​នៅ​ក្នុង សង្វៀន​ប្រដាល់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ប៉ុន្មាន​រដូវ
កាល​កន្លង​មក កីឡាករ​កម្ពុជា ថៃ ឡាវ ៨​រូប ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​នៅ​ក្នុង
សង្វៀន​ប្រដាល់ ត្រូវ​បាន​ប្រកាស​ថា​គឺជាសមាសភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​«​ជើងឯក​ប្រដាល់​លេខ​១​គូ​បូ​តា​»​សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ទៀត​ហើយ ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ ២០១៨​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន ដោយ​មានការ​បង្ហាញខ្លួន​របស់​កីឡាករ​ទាំង​៨​រូប និងមាន​អ្នកគាំទ្រ​យ៉ាង​កុះករ​ចូលរួម ។

ព្រឹត្តិការណ៍នេះ​បាន​ប្រកាស​ចំណាយ​ប្រាក់​រហូត​ដល់​១​ម៉ឺន​ដុល្លារ​សម្រាប់​សមាសភាព​អ្នក​ឈាន​ដល់​វគ្គ​៤​នាក់ ខណៈ​ដែល​ជើងឯក​លេខ​១ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​៦​ពាន់​ដុល្លារ ដែល​ជា​ទឹកប្រាក់​ច្រើន​មិនធម្មតា​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក ។

ការ​ប្រកួត​នេះ​ត្រូវ​បាន​ប្រកាស​ថា​នឹងធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង​៧​យប់​ដល់​ម៉ោង​៩​យប់​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ ។ កីឡាករ​កម្ពុជា​-​ថៃ​-​ឡាវ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ទាំង
៨​រូប​សម្រាប់​កីឡាករ​កម្ពុជា​រួម​មាន​កីឡាករ ពេជ្រ ម្ទេសខ្មាំង ជើង​ខ្លាំង​មក​ពី​ក្លិប​អា​រុណ​រះ​កីឡា​, កីឡាករ សុខ ធី មក​ពី​ក្លិប​សៃ​យ៉ា​ន់​នាគា​, កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ និង​កីឡាករ ចាន់ ស៊ី​ណាត មក​ពី​ក្លិប​និរោធ​មាន​ជ័យ ។ កីឡាករ​ថៃ​មាន កីឡាករ រឿ​ន​ថៃ ដាប​ផុង​, កីឡាករ ប៊​កបាន លុក​មឿង​ពិ​ច និង​កីឡាករ ក្រូ​ពិ​ច​ស៊ិ​ត ចា​ឆាត ។ រីឯ
កីឡាករ​ឡាវ​ឈ្មោះ ថា​ណាប់​ពិ​ច យា​ម៉ា​មួយ​ថៃ ។

កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​បាន​ប្រកាស​ថា​នឹង​យក​ឱ្យបាន​ទឹកប្រាក់​៦​ពាន់​ដុល្លារ​ដែល​បាន​ប្រកាសឡើង ដោយ​បាន​ទាំង​ត្រៀមខ្លួន​ហ្វឹកហាត់​ដោយ​ហ្មត់ចត់​ទៀត​ផង ។ កីឡាករ​កម្ពុជា​ទាំង​៤​រូប​សុទ្ធតែ​បង្ហាញ​ជំនឿ​ចិត្ត​ថា ខ្លួន​នឹង​ក្លាយជា​ម្ចាស់​ទឹកប្រាក់​៦​ពាន់​ដុល្លារ និង​ខ្សែក្រវាត់​ជើងឯក ក្នុង​ពេល​កីឡាករ​ថៃ និង​កីឡាករ​ឡាវ ដែល​មានឈ្មោះ​ឡើង​ប្រកួត ក៏​ប្រកាស​ដូច​គ្នា​ថា ខ្លួន​បាន​ដាក់​ឈ្មោះ​មក​ប្រកួត​នៅ​ទូរទស្សន៍​បា​យ័ន​​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ជំនាន់​ទី​៨​របស់​គូ​ប៊ូ​តា​នេះ ក៏​មក​ក្នុង​ភាព​ជឿជាក់​ខ្ពស់​ដោយ​មិន​មែន​គ្រាន់តែ​មក​ដើម្បី​សាកល្បង​នៅ​លើ​សង្វៀន​កម្ពុជា​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ​គេ​មិន​ទាន់ដឹង​ថា រវាង​កីឡាករ​កម្ពុជា ថៃ និង​ឡាវ នឹងមាន​អ្នក​ណា​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​តម្លៃ​៦​ពាន់​ដុល្លារ​ដែល​ទើប​ប្រកាស​ឡើង​សម្រាប់​ដើមឆ្នាំ​២០១៨​នេះ​ទេ ក្នុង​ពេល​ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​ត្រឹមតែ​អះអាង​ថា កីឡាករ​ទាំង​៨ មុន​ឈាន​ដល់​ការ​ជ្រើសរើស ក៏​បាន​ហ្វឹកហាត់​ច្បាស់លាស់ និង​មានការ​កំហិត​ដោយ​បែបបទ​សម្រាប់​ការ​ប្រកួត​ត្រឹម​ត្រូវ​មុន​នឹង​ដាក់​ឈ្មោះ​ឱ្យ​ប្រកួត ។

ព្រឹត្តិការណ៍​មួយ​នេះ គេ​ឃើញ​មាន​វត្តមាន​កីឡាករ​ក្មេង​ៗ​ជំនួស​ឱ្យ​អ្នក​ល្បី​ចាស់​ៗ ប៉ុន្តែ​ក្មេង​ដែល​បាន​កំណត់​ឈ្មោះ​ឱ្យ​ឡើង​ប្រកួត​នោះ ក៏​មិនមែន​ជា​កីឡាករ​ថ្មោងថ្មី​នោះ​ដែរ គឺ​សុទ្ធតែ​ល្បី​នៅ​ក្នុង​ពិភព​ប្រដាល់​តែ​ម្ដង ទើបអ្នក​ណា​ៗ​ក៏​ចាប់អារម្មណ៍​សម្រាប់​ការ​ប្រកួត ជា​ពិសេស​គឺ​វត្តមាន​កីឡាករ ពេជ្រ ម្ទេសខ្មាំង ដែល​ជា​សមាសភាព​ជម្រើសជាតិ​របស់​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​កន្លង​មក​នៅ​ក្រៅប្រទេស​តែ​ម្ដង ។

លោក ឆា​លឺ​ម​ឆៃ គី​ទី​ប៊ុ​ន​តន អ្នកគ្រប់គ្រង​ក្រុមហ៊ុន​គូ​ប៊ូ​តា​បាន​មាន​ប្រសាសន៍​ថា គោល
បំណង​ដែល​លោក​សម្រេចចិត្ត​រៀបចំ​ព្រឹត្តិការណ៍នេះ​ជា​ថ្មី គឺ​ដោយសារ​តែ​ចង់​រួម​ចំណែក​​លើក​ស្ទួយ​វិស័យ​ប្រដាល់​នៅ​កម្ពុជា និង​ចង់ឱ្យ​កីឡាករ​កម្ពុជា​កាន់តែ​មាន​ឱកាស​​រក​ចំណូល និង​មានឱកាស​ពង្រីក​ប្រជាប្រិយភាព ។ លោក​រំពឹង​យ៉ាង​ខ្លាំង​ថា កីឡាករ​ដែល​បាន​ជ្រើសរើស​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ទាំង​៨​រូប​នឹង​បើក​ប្រកួត​សន្សំ​ពិន្ទុ​យ៉ាង​ស្វិតស្វាញ ក្តៅ​គគុក និង​កាន់តែ​អស្ចារ្យ​លើស​ពី​ការ​ប្រកួត​មុន​ៗ​ទៅ​ទៀត ដើម្បី​បំពេញ​នូវ​ការ​ទទូច​ចង់បាន​របស់​អ្នក​គាំទ្រ​ទាំងអស់​ឱ្យ​កាន់តែ​មានការ​ជក់ចិត្ត​។

លោក​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ គឺ​មិន​ខុស​ពី​រួមចំណែក​ថែរក្សា​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​មាន​តម្លៃ និង​ជ្រើសរើស​អ្នក​បន្តវេន​ជំនាន់​ក្រោយ ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​សម្រាប់
អាជីព​ប្រដាល់​ទេ ។ ម្យ៉ាង​មក​ពី​តាំងពី​ចូល​ទីផ្សារ​កម្ពុជា ផលិតផល​គូ​ប៊ូ​តា​របស់​លោក
ទទួល​បានការ​គាំទ្រ​នៅ​កម្ពុជា​ផង ទើប​លោកមាន​បំណង​តបស្នង​ដល់​ពលរដ្ឋ​កម្ពុជា​វិញ
តាម​រយៈ​ការ​លើក​ស្ទួយ​វិស័យ​ប្រដាល់​ឱ្យមាន​ភាពរឹងមាំ ។

លោក ម៉ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កីឡា​ករ​ទាំង​៨​រូប ទាំង​លោក និង​អ្នក​រៀបចំ​កម្មវិធី​នឹង​ធ្វើការ​ឃ្លាំមើល​ការ​ប្រកួត​របស់​ពួក​គេ​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ប្រាកដ​ថា កីឡាករ​ទាំងអស់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​ដូរ​លទ្ធផល​នៅ​ពេល​កីឡាករ​ទាំងនោះ​ប្រកួត​ចាញ់ ។

លោក​ថា កីឡាករ​ទាំង​៨​រូប ទម្រាំ​ក្លាយជា​សមាសភាព​ចូល​ប្រកួត​គឺ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជ្រើសរើស​ពី​អ្នកជំនាញ​ច្បាស់​លាស់ ប៉ុន្តែ​បើ​មាន​កីឡាករ​ណា​ម្នាក់​ធ្វើ​រឿង​មិន​គួរ​កើត​នៅ​ក្នុង​ដំណាក់កាល​ណាមួយ​នោះ ការ​ដាក់​ទោសទណ្ឌ ឬ​ដកសិទ្ធិ​មិន​ឱ្យ​ប្រកួត​បន្ត​គឺ​ត្រូវ​តែ​ធ្វើ ។ ទោះបី​យ៉ាងណា លោក​សង្ឃឹមថា កីឡាករ​ទាំង​៨​រូប​ពិតជា​ស្រឡាញ់​កិត្តិ​យស និង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​លេខ​១​គូ​ប៊ូតា ទទួល​បានការ​គាំទ្រ​ខ្ពស់​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ