ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ត្រី​ឆ្នាំ​នេះ​កើន​ជាង​ឆ្នាំ​មុន កន្លែង​ដែល​ថយ​ចុះ​ដោយសារ​មិន​បាន​បង្ក្រាប

13 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែមេសា លោក​ខូ​យ សុខា ទីប្រឹក្សាផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​អភិបាលខេត្ដ​ពោធិ៍សាត់ រួម​ជា មួយ​លោក ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​នៅ​ឡូត៍នេសាទ​លេខ​៦ និង​ឡូត៍​នេសាទ​លេខ​៧ ស្ថិតនៅ​ក្នុង ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ។

ខេត្ដពោធិ៍សាត់ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែមេសា លោក​ខូ​យ សុខា ទីប្រឹក្សាផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​អភិបាលខេត្ដ​ពោធិ៍សាត់ រួម​ជា មួយ​លោក ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​នៅ​ឡូត៍នេសាទ​លេខ​៦ និង​ឡូត៍​នេសាទ​លេខ​៧ ស្ថិតនៅ​ក្នុង ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ។

លោក​ធា​ម ឈុ​ន និង​លោក​ឈួ ងួ​ន អ្នក​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ឡូត៍​នេសាទ​លេខ​៦ និង​ឡូត៍​នេសាទ​លេខ​៧ បាន​រៀបរាប់​ឱ្យដឹង​ថា សកម្មភាព​នៃ​ការ​ប្រមូល​ផល​ត្រី​របស់ឡូត៍​នេសាទ​ទាំង​ពីរ​ចាប់ផ្ដើម​ដំណើរការតាំងពី​ពាក់កណ្ដាល​ខែមីនា កន្លង​មក រហូតមក​ដល់​បច្ចុប្បន្ន​បាន​ផល​ត្រី​សរុប​ប្រមាណ១០០​តោន​ប៉ុណ្ណោះ​។ តាម​ការ​ប៉ាន់ស្មាន​ទិន្នផល​ត្រី​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០០៩-២០១០ នេះ កើន​ជាង​រដូវ​នេសាទ​ឆ្នាំ​២០០៨- ២០០៩​។

លោក​សេង ស៊ុន​ហ៊ួ​ត នាយក​ខណ្ឌ​រដ្ឋបាលជលផល​ពោធិ៍សាត់បាន​រាយការណ៍​ឱ្យ​ដឹង​ថា  នៅ​ខេត្ដពោធិ៍សាត់​មាន​ឡូត៍​នេសាទ​ធ្វើ​អាជីវកម្ម​ចំនួន​៥​ឡូត៍ គឺ​ឡូត៍​នេសាទ​លេខ​១ លេខ ២ លេខ​៣ លេខ​៦ និង​ឡូត៍​នេសាទ​លេខ៧ ហើយ​ភាគច្រើន​ជា​ឡូត៍​នេសាទ​ធ្វើ​អាជីវកម្ម​ប្រមូល​ត្រី​ក្នុង​បឹង​ទន្លេសាប​ដោយ​ផ្ទាល់  ដែល​ប្រជាពលរដ្ឋ​បឹង​ទន្លេសាប​និយម​ហៅឡូត៍​ក្រៅ ។ ដោយឡែក​លើ​សកម្មភាព​ធ្វើអាជីវកម្ម​នេសាទ​ប្រមូល​ផល​ត្រី​ចាប់ពី​ដើមរដូវ​នេសាទ​ឆ្នាំ​២០០៩-២០១០ រហូត​មក  ដល់​ដើម​ខែមេសា ឆ្នាំ​២០១០ នៅ​ទូ​ទាំង​ខេត្ដប្រមូល​ផល​ត្រី​បាន​៧.៤៨០​តោន និង​ផលកំពឹស​សរុប​បាន​១៤៧​តោន បើ​ប្រៀបធៀបរយៈពេល​ដូច​គ្នា​នឹង​ដើមរដូវ​នេសាទ​ឆ្នាំ ២០០៨-២០០៩ ទិន្នផល​ត្រី​មានការ​កើនឡើង​ចំនួន​២៧០​តោន ។

នៅ​ចំពោះ​មុខ​ប្រជា​នេសាទ និង​អ្នកប្រមូល​ទិញ​ផល​នេសាទ លោក​ណៅ ធួ​ក បានមាន​ប្រសាសន៍​លើក​ឡើង​ថា ពិនិត្យ​ជា​រួម​នៅទូ​ទាំង​ប្រទេស​ផល​ត្រី​មានការ​កើនឡើង​ជាងរដូវ​នេសាទ​ឆ្នាំ​២០០៨-២០០៩ ពី​៥​ទៅ​១០ភាគរយ ប៉ុន្ដែ​តំបន់​មួយ​ចំនួន​មានការ​ថយ​ចុះ ដោយសារ​តែ​តំបន់​ទាំងនោះ​មិន​បាន​ធ្វើការបង្ក្រាប​បទល្មើស​ជលផល​ជា​ប្រចាំ ។ ហេតុនេះ​តាង​នាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ​រដ្ឋបាលជលផល ពិសេស​លោក​បណ្ឌិត​ច័ន្ទ សា​រុន រដ្ឋ មន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ  សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ត្រូវ​ចូលរួម​ទាំងអស់​គ្នាលុប​បំបាត់​បទល្មើស​ជលផល​ដែល​នាំ​ឱ្យ​វិនាស​ហិនហោចផល​ត្រី​ដល់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដូច​ជា ការធ្វើ​នេសាទ​ដោយ​ឧបករណ៍​ឆក់ លូ​ស្បៃ​មុង អួន​ក្រឡា​ញឹក​តូច​ជាង​១,៥​សង្ទីម៉ែត្រ ឧបករណ៍​បរ​ត្រី និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិចទឹក​ដែល​ជា​ជម្រក​ចាំបាច់​របស់​ត្រី​ជាដើម ហើយ​អាជីវករ​ឡូត៍​នេសាទ​ត្រូវ​មាន​កាត​ព្វកិច្ច​អនុវត្ដ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដី​ពី​ជលផល និង​សៀវភៅ​បន្ទុក​ឡូត៍​នេសាទ​។ ដោយឡែក​សមត្ថកិច្ច​ជលផល​គ្រប់​លំដាប់ថ្នាក់​ត្រូវរឹត​បន្ដឹង​ការ​អនុវត្ដន៍​ច្បាប់ និង​ធ្វើការ​បង្ក្រាបបទល្មើស​ជលផល​ជា​ប្រចាំ ដើម្បី​ថែរក្សាការពារ និង​ការ​ប្រើប្រាស់​ធនធាន​ជលផលទាំងនេះ​ប្រកបដោយ​និរន្ដរភាព ព្រោះ​ធនធាន​ជលផល​នៅ​ក្នុង​បឹង​ទន្លេសាប​គឺជា​ជង្រុក ស្រូវ​មាន​តម្លៃ​មហាសាល​របស់​ប្រជា​នេសាទ ក្នុង​បឹង​ទន្លេសាប ។

នៅ​ក្នុង​ឱកាស​នោះ លោក​ខូ​យ សុខា បាន  បញ្ជាក់​បន្ថែម​ថា  ប្រទេស​យើង​មានច្បាប់ ហេតុនេះ​ក្នុង​នាម​អាជ្ញាធរ​ខេត្ដ​សំណូមពរដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​គោរពច្បាប់​ទាំងអស់​គ្នា ដើម្បី​ថែរក្សា​ធនធាន​ជលផល​របស់​យើង​ក្នុង​មូលដ្ឋាន​ទុក​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត ស្រប​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ​ហ៊ុន សែន​។ ពិសេស​ចូលរួម​ចំណែកយ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​កំរិតជីវភាព​រស់នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​បងប្អូនប្រជា​នេសាទ​ដែល​រស់នៅ​ពឹងផ្អែក​លើ​របរធ្វើ​នេសាទ​ជា​សំខាន់ ៕