ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉​ម សូណ​ង់​ដូ ឆ្លើយ​តប​ដីកា​តុលាការ​ឱ្យ​ចូល​បំភ្លឺ ជា​សាក្សី​លើ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹ​ម សុខា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉​ម សូណ​ង់​ដូ បាន​អះអាង​តាម​រយៈ​លិខិត​មួយ​ថា លោក​មិន​អាច​ចូល​បំភ្លឺ​ជូន​តុលាការ​តាម​ការ​កោះហៅ​(​ជា​លើក​ទី​៣)​នោះ​ទេ ដោយ​សារ​តែ​ពេល​នេះ​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​សុខភាព…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉​ម សូណ​ង់​ដូ បាន​អះអាង​តាម​រយៈ​លិខិត​មួយ​ថា លោក​មិន​អាច​ចូល​បំភ្លឺ​ជូន​តុលាការ​តាម​ការ​កោះហៅ​(​ជា​លើក​ទី​៣)​នោះ​ទេ ដោយ​សារ​តែ​ពេល​នេះ​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​សុខភាព ។

ការ​បដិសេធ​របស់​អតីត​ប្រធាន​គណបក្ស​ខាងលើ ដែល​ធ្លាប់​ឆ្លងកាត់​ការ​ជាប់​ពន្ធនាគារ​២​លើក​នា​ពេល​កន្លង​មកនេះ គឺ​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានកោះហៅ​ពេល​ថ្មី​ៗ​មកនេះ ។ ក្នុង​លិខិត​របស់​លោក ដែល​សរសេរ​ផ្ញើ​ជូន​លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ម៉​ម សូណ​ង់​ដូ បាន​ទទួល​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​ដីកា​កោះហៅ​(​លើក​ទី​៣)​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ អញ្ជើញ​ខ្ញុំ​ធ្វើ​ជា​សាក្សី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៤២ ចុះ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពី​ដំណើររឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​ដោយ​លោក កឹ​ម សុខា ដែល​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក បន្ទប់ «​គ​» ។  ខ្ញុំ​សូម​បញ្ជាក់​និង​ជម្រាប​ជូន​លោក​ចៅក្រម​ជ្រាប​ថា ខ្ញុំ​មិន​ដែល​បាន​ទទួល​ដីកា​កោះហៅ​ណា មួយ​សោះ​ឡើ​ុ​យ ខ្ញុំ​សូម​ជម្រាប​លោក​ចៅក្រម​មេត្តា​ជ្រាប​ថា ខ្ញុំ​មិន​អាច​ចូល​បំភ្លឺ​តាម​ការ​កំណត់​បាន​ទេ ព្រោះ​ខ្ញុំ​កំពុង​នៅ​ក្នុង​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​បញ្ហា​សុខភាព​» ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រា​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក ម៉​ម សូណ​ង់​ដូ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ក្នុង​នាម​ជា​សាក្សី​នៃ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹ​ម សុខា ។ ដីកាកោះ​របស់​លោក គី ឫ​ទ្ធី បាន​តម្រូវ​ឱ្យ​លោក ម៉​ម សូណ​ង់​ដូ ចូល​បំភ្លឺ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នៅ​បន្ទប់​«​គ​» ជាន់​ទី​៣​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អំពី​ដំណើររឿង ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​ដោយ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក ម៉​ម សូណ​ង់​ដូ ត្រូវ​ចូលខ្លួន​ឱ្យទាន់​ពេលវេលា និង​យក​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​រឿង​នេះ​ទៅ​ជាមួយ​ផង ។សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​នេះ​បាន​និង​កំពុង​ដំណើរការ​នីតិវិធី ដើម្បី​ឈាន​ទៅ​ដល់​ការ​កាត់ទោស​លោក កឹ​ម សុខា ដែល​កំពុង​ជាប់ ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ពី​បទ​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​ក្នុង​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ។លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក នា​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​មានការ​បែកធ្លាយ​នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ថា លោក​បាន​អនុវត្ត​តាម​​ការ​បង្គាប់បញ្ជា​របស់​បរទេស ដើម្បី​អនុវត្ត​ការងារ​នៅ​កម្ពុជា ដោយ​យក​គំរូ​តាម​ប្រទេសយូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ។ ទ​ង្វើ​របស់ អតីត​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ ត្រូវ​បាន​រាជរ​ដ្ឋាភិ​បាល​ចាត់​ទុក​ថា ទ​ង្វើ​របស់​លោក កឹ​ម សុខា គឺជា​ទ​ង្វើ​ក្បត់ជាតិ​ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន ។

គួរ​រំឭក​ថា លោក ម៉​ម សូណ​ង់​ដូ បាន​លាលែង​ពី​ឆាកនយោបាយ​គឺ​ពី​តំណែង​ប្រធាន​គណបក្សសំបុក​​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដោយ​លោក​អះអាង​ថា លោក​មាន​វ័យចាស់ ហើយ​លោក​ថា​ពលរដ្ឋ​មិន​គាំទ្រ​លោក ។ ជាក់ស្តែង គណបក្ស​របស់​លោក​មិន​ទទួល​បាន​គាំទ្រ​កាលពី​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នា​ពេល​កន្លង​មក ដែល​សូ​ម្បី​តែ​មួយ​ឃុំ សង្កាត់ ក៏​មិន​ទទួល​បានការ​គាំទ្រ​ដែរ ។ទាក់ទង​នឹង​ការ​ប្រកាស​មិន​ចូល​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញដោយ​អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ន់​ណា បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​ទទួល ។

សូម​ជម្រាប​ថា លោក ម៉​ម សូណ​ង់​ដូអតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិ​ប​តេ​យ្យ ដែល​ជា​គណបក្ស​មិន​ទទួល​បានសំឡេង​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​នោះ បាន​ធ្លាប់​បាន​អះអាង​ថា លោក​មាន​បំណង​ចង់​រួបរួម​ជាមួយ​គណបក្សប្រឆាំង
វិញ ព្រោះ​លោក​យល់​ថា​លោក​ជា​អ្នក​ប្រជាធិ​ប​តេ​យ្យ គឺ​ចង់​រួមរស់​ជាមួយ​គណបក្ស​ដទៃ ឲ្យ​តែ​គោលដៅ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ព្រមទាំង​មាន​លក្ខខណ្ឌ​ច្បាស់លាស់ ពិតប្រាកដ មិន​ថា​តែ​គណបក្សប្រឆាំង​នោះ​ទេ ។ លោក​បាន​បន្ត​ថា គណបក្ស​របស់​លោក​ចូលរួម​មិនមែន​តែ​ដើម្បី​ឈ្នះ​គណ​បក្សកាន់អំណាច​នោះ​ទេ បើ​រួបរួម​ដើម្បី​តែ​ឈ្លោះ​គ្នា ដើម្បី​បែងចែក​អំណាច​គឺ​លោក​មិន​រួបរួម​ទេ ៕

អត្ថបទសរសេរ ដោយ