រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៧ ធ្នូ ម្សិលមិញនេះ មាន់ជល់ចំនួន៩២ក្បាល ដែលបានរឹបអូសក្នុងការបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏មានឥទ្ធិពលមួយ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលមានម្ចាស់ទីតាំងឈ្មោះ ថៃ ផានី ហៅម៉ាប់ ត្រូវបានកម្ទេចចោលទាំងអស់ គឺធ្វើពិធីជាផ្លូវការពិឃាតដោយអារ.កត្រងឈាមដាក់ចានដែកតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោក ហុក វ៉ាន់ធីណា និងមានការឯកភាពពីតំណាងអយ្យការ លោក ឯក ស៊ុនរស្មី ។
ក្នុងសេចក្តីសម្រេចរបស់លោកចៅក្រមស៊ើបសួរចុះថ្ងៃទី១៩ ធ្នូ បានលើកហេតុផលពីការសម្រេចឱ្យកម្ទេចមាន់ជល់ទាំង៩២ក្បាលនេះ ព្រោះយល់ឃើញថា ការថែរក្សាមាន់ជល់ចំនួន៩២ក្បាល មានការលំបាក ដោយចំណាយសោហ៊ុយផ្សេងៗ និងដើម្បីបង្ការកុំឱ្យមានបទល្មើសកើតមានជាថ្មី ព្រមទាំងដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឱ្យបានឆាប់រហ័សគប្បីកម្ទេចចោលមាន់ជល់ទាំង៩២ក្បាលនេះ ។ការកម្ទេចចោលអាគកជិត១០០ក្បាលនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលផងដែរ និងជាលើកដំបូងហើយដែលមានការពិឃាតច្រើនក្បាលបែបនេះ ។
គួររំលឹកថា ម្ចាស់សង្វៀនបញ្ជល់មាន់់ដ៏ធំ នៅឃុំអរិយក្សត្រ ខេត្តកណ្ដាល និងនៅស្រុកបាទី ខេត្តតាកែវ មានឈ្មោះ ថៃ ផានី ហៅម៉ាប់អូស្ត្រាលីជាម្ចាស់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយ កាលពីល្ងាចថ្ងៃទី៥ ធ្នូ ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត ។ រីឯអ្នកលេងល្បែងជល់មាន់ចំនួន៦៤នាក់ ត្រូវបានតុលាការជំនុំជម្រះភ្លាមៗ រួចផ្តន្ទាទោសមួយខែ តែទោសនេះត្រូវបានព្យួរ ហើយបានដោះលែងឱ្យមានសេរីភាពឡើងវិញ ។មន្ត្រីតុលាការបញ្ជាក់ថា ឈ្មោះ ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ«ភ្នាក់ងារល្បែងស៊ីសងខុសច្បាប់» តាមមាត្រា៥ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង» ។
គួររំឭកឡើងវិញថា ម្ចាស់សង្វៀនបញ្ជល់មាន់ដ៏ធំចំនួនពីរកន្លែង ដែលគ្មានអាជ្ញាធរឬសមត្ថកិច្ចហ៊ានប៉ះ ពាល់រហូតមានបទបញ្ជាក្តៅពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ទើបមានការបង្ក្រាបជាទ្រង់ទ្រាយធំនៅស្រុកបាទី ហើយបន្តទៅអរិយក្សត្រ ជននេះត្រូវបានបញ្ជូនទៅសួរនាំបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ធ្នូ បន្ទាប់ពីបានចូល ប្រគល់ខ្លួនតាមសម្រួលឲ្យនគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ។ចាប់ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បញ្ជាក់ថា តាមតួលេខចុងក្រោយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងរង្វង់ប្រតិបត្តិការចុះបង្ក្រាប មានចំនួន៦៤នាក់ ខណៈដំបូងមានមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ក៏អនុញ្ញាតឱ្យត្រឡប់ទៅវិញ ។
សម្រាប់វត្ថុតាងដែលត្រូវបានរឹបអូសវិញ លោកស្នងការ បានបញ្ជាក់ថា រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ដែលរហូតដល់ពេលនេះទាំងរថយន្ត និងម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់វិញជាបន្តបន្ទាប់ ឱ្យតែរថយន្តនិងម៉ូតូទាំងនោះមានលិខិតបញ្ជាក់ត្រឹមត្រូវ ។ ចំណែករថយន្តនិងម៉ូតូមួយចំនួនទៀតមិនទាន់ប្រគល់ឱ្យនោះទេ ដោយសារតែអ្នកអះអាងថាជាម្ចាស់មិនមានឯកសារ បញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ឱ្យធ្វើលិខិតបញ្ជាក់ពីមូលដ្ឋានមកសិន ទើបអាចប្រគល់ឱ្យបាន ។សូមបញ្ជាក់ថា ចំណាត់ការដ៏ក្តៅរបស់សមត្ថកិច្ចនេះ បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាឱ្យម្ចាស់សង្វៀនបញ្ជល់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវឱ្យប្រគល់ខ្លួនដល់កម្លាំងសមត្ថកិច្ច ។ សម្តេចតេជោផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយថា «ខ្ញុំបញ្ជាឱ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឱ្យសមត្ថកិច្ចជាបន្ទាន់ ។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនឱ្យខាងតែបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ» ។
គួរកត់សម្គាល់ថា ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនៅអរិយក្សត្រ ស្នងការខេត្តបានប្រើប្រាស់ កម្លាំងនគរបាលប្រមាណ១៥០នាក់ និងសហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់ទៀតគឺបានព័ទ្ធក្រសោបចាប់បានទាំងអស់ ។ ចំណែកមាន់ជល់ដែលត្រូវបានកម្ទេចចោលនេះគឺជាមាន់ដែលមានតម្លៃសម្រាប់អ្នកញៀននឹងល្បែងបញ្ជល់មាន់ រហូតមាន់ខ្លះមានតម្លៃជាង១ម៉ឺនដុល្លារ ខ្លះ៥០០០ដុល្លារ និងខ្លះរាប់ពាន់ឬរាប់រយដុល្លារផងដែរ ។ មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តឱ្យដឹងថា ពិធីពិឃាតមាន់ជល់ទាំងនោះ ត្រូវបានធ្វើឡើងក្រោមក្រសែភ្នែកគណៈកម្មការត្រួតពិនិត្យដោយផ្ទាល់លើទីលានប្រហារមានលោកស្នងការនគរបាលខេត្ត លោកព្រះរាជអាជ្ញា និងលោកចៅក្រម ។ ខ្មោចមាន់ដែលត្រូវបានពិឃាតដោយអារ.ករួចហើយនោះនឹងត្រូវបានកំណត់ឱ្យកប់ចោល តែមិនដឹងថាកប់នៅកន្លែងណានោះទេ ។ អ្នកខ្លះនិយាយបែបកំប្លែងថា អាគកនេះគ្មានជំងឺទេ គួរតែយកទៅងាំង៉ូវវិញ ប្រសើរជាងកប់ចោល ។
រឿងរ៉ាវដែលត្រូវបានកត់សម្គាល់ជុំវិញការចាប់មាន់ជល់មកឃុំទុកកាលពីពេលថ្មីៗកន្លងមកនោះ មាន់របស់ថៅកែជ្រូកខ្វៃនៅច្បារអំពៅ ត្រូវបានអ្នកក្លាហានម្នាក់បានបន្លំខ្លួនចូលលួចយកទៅឱ្យម្ចាស់ ដើម្បីជាថ្នូរនឹងប្រាក់៥០០០ដុល្លារ តែរំលងបាន១ថ្ងៃក៏ត្រូវបានចាប់ខ្លួនបុរសរូបនោះហើយយកបានមាន់នោះមកវិញ ដែលពេលនេះអាគកដ៏មានតម្លៃនោះត្រូវបានប្រហារជីវិតដោយអារ.ករួចទៅហើយដែរ ៕
ចែករំលែកព័តមាននេះ