ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ករត្នោត​សរីរាង្គ​របស់​ខន​ហ្វី​រេល​ ទទួល​ពានរង្វាន់​លេខ​១ ជា​ផលិត​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ាន​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សន្និសីទ​អាស៊ាន​លើក​ទី​១៥ ស្តី​ពី​ចំណីអាហារ​ដែល​បាន​រៀបចំ​ក្នុង​ប្រទេស​វៀតណាម​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ បាន​ប្រគល់​ពានរង្វាន់​មេដាយមាស​សម្រាប់​ផលិត​ឆ្នើម​អាស៊ាន​ឆ្នាំ​២០១៧ ដល់​ផលិតផល​​​ស្ករ​ត្នោត​សរី​រង្គ​របស់​កម្ពុជា​ផលិត​ដោយ​ក្រុមហ៊ុន​ខន​ហ្វី​រេល​។ ​នេះ​គឺ​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​ក្រុមហ៊ុន​ខន​ហ្វី​រេល​ និង​កសិករ​ផលិត​ស្ករត្នោត​នៃ​ខេត្តកំពង់ស្ពឺ…

​រាជធានី​ភ្នំពេញ​៖ សន្និសីទ​អាស៊ាន​លើក​ទី​១៥ ស្តី​ពី​ចំណីអាហារ​ដែល​បាន​រៀបចំ​ក្នុង​ប្រទេស​វៀតណាម​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ បាន​ប្រគល់​ពានរង្វាន់​មេដាយមាស​សម្រាប់​ផលិត​ឆ្នើម​អាស៊ាន​ឆ្នាំ​២០១៧ ដល់​ផលិតផល​​​ស្ករ​ត្នោត​សរី​រង្គ​របស់​កម្ពុជា​ផលិត​ដោយ​ក្រុមហ៊ុន​ខន​ហ្វី​រេល​។

​នេះ​គឺ​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​ក្រុមហ៊ុន​ខន​ហ្វី​រេល​ និង​កសិករ​ផលិត​ស្ករត្នោត​នៃ​ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ស្ករត្នោត​របស់​យើង​ទទួល​បាន​ពាន​រង្វាន់ Palme d’Or (​ត្នោត​មាស​) ក្នុង​ឱកាស​តាំងពិព័រណ៍​ណាត់​អ៊ិ​ក​ស្ពូ (Natexpo) នៅ​ទី​ក្រុងប៉ារីស កាលពី​១២​ឆ្នាំ​មុន​។

​ស្ករត្នោត​សរីរាង្គ​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​ ដែល​មាន​ម៉ាក Thnot Organic Sugar គឺជា​ប្រភេទ​ស្ករ​ក្រហម​ពណ៌​ទង់ដែង​ស្រាល​ ដែល​ផលិត​ចេញពី​ទឹកត្នោត​ធម្មជាតិ​ទទួល​បាន​វិញ្ញាបនបត្រ​បទដ្ឋាន​អន្តរជាតិ​មក​ពី​អង្គការ ECOCERT NOP (​អេកូ​ស៊ែ​ក NOP) ស្លាក​សម្គាល់ CE និង JAS​។ ផលិតផល​ដែល​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព​នេះ​រលាយ​ស្ទើរតែ​ដូច​ស្ករអំពៅ​ពណ៌​ស ឬ​ពណ៌​ក្រហម​ដែរ ប៉ុន្តែ​វា​ជា​ផលិតផល​ធម្មជាតិ​១០០% មិន​បាន​ឆ្លងកាត់​ការ​ចម្រាញ់​សម្រិតសម្រាំង​អ្វី​ឡើយ ព្រមទាំង​មាន​ក្លិនប្រហើរ​និង​​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាង​ស្ករអំពៅ ​ហើយ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​រ៉ែ​ និង​អំបិល​រ៉ែ  សារធាតុ​ប៉ូ​លី​ហ្វេ​ណុ​ល ​(​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​)​។​

​ស្ករត្នោត​សរីរាង្គ​ គឺជា​ផ្លែផ្កា​នៃ​ការងារ​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​ដែល​​បាន​សហការ​ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង ហើយ​ផលិតផល​មួយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ស្ករ​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង​មុន ដោយសារ​ទទួល​បាន​ទីផ្សារ​ថ្មី​នៅ​បរទេស ជា​ពិសេស​នៅ​ទ្វីបអឺរ៉ុប និង​អាស៊ី​។

Thnot Organic ដែល​ជា​ផលិតផល​សរីរាង្គ​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព និង​ផលិត​តាម​ទំនៀមទម្លាប់​ពី​បរម​បុរាណ​របស់​ខ្មែរ​មក​នោះ មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ តែ​វា​ជា​និមិត្តរូប​នៃ​ការ​អភិវឌ្ឍន៍​នៅ​ទី​ជនបទ​ប្រទេស​កម្ពុជា ដោយ​ផ្សា​ភ្ជាប់​ធម្មជាតិ ទៅ​នឹង​មនុស្សជាតិ ដើម្បី​ឈាន​ទៅ​ចែករំលែក​សម្បត្តិ​ធម្មជាតិ​ដ៏​ល្អ​ប្រពៃ​មួយ​នេះ​ទៅ​ដល់​អ្នក​ប្រើប្រាស់​នៅ​លើ​ពិភពលោក​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ