ការ​គ្រប់គ្រង​ស្លាក​លេខ​រថយន្ត​នឹង​ល្អ​ប្រសើរ​នា​ពេល​ខាង​មុខ


រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​ការ​គ្រប់គ្រង​ស្លាក​លេខទោ​ចក្រយានយន្ត ជា​ពិសេស រថយន្ត​ដែល​ពលរដ្ឋ​ធម្មតា​ប្រើប្រាស់ កុំឱ្យ​មានការ​ជាន់​គ្នា​ឬ​ត្រួតស៊ីគ្នា ដូចដែល​ធ្លាប់​បាន​កើត​ឡើង​នោះ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អះអាង​ថា នៅ​ថ្ងៃ​ខាង​មុខ ការ​គ្រប់​គ្រង​ស្លាក​លេខ​រថយន្ត​នឹង​ល្អ​ប្រសើរ ដោយសារ​គ្រប់​ស្លាក​លេខ​រថយន្ត​ប្រភេទ​ថ្មី ដែល​ក្រសួង​ចេញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់ គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៧ គឺ​មាន​ភ្ជាប់​នូវ QR Code ។ លើស​ពី​នេះ អ្នកជំនាញ​កំពុង​តែ​សរសេរ​កម្មវិធី API ថ្មី​មួយទៀត​សម្រាប់​ឱ្យ​មន្ត្រី​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ដងផ្លូវ ។

លោក ពៅ ម៉ា​លី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា ៖« កាលពី​ខែកក្កដា ឆ្នាំ​២០១៧ យើង​បាន​ដាក់ QR Code នៅ​តាម​ស្លាក​លេខទោ​ចក្រយានយន្ត ។ ដូចនេះ នៅ​ថ្ងៃ​អនាគត វា​លែង​មាន​ករណី​លួច​បន្លំ​រថយន្ត​បាន​ទៀត​ហើយ » ។

ករណី​ការ​ប្រើប្រាស់​ស្លាក​លេខ​ជាន់​គ្នា បើ​តាម​អគ្គនាយក​រូប​នេះ​ថា កន្លង​ទៅ ពលរដ្ឋ​ធ្លាប់​ឮ​ថា មាន​បាត់​ស្លាក​លេខ កាត​គ្រី​រថយន្ត ឬ​អត្តសញ្ញាណប័ណ្ណ ដោយសារ​ចោ​ឆក់​កាបូប ហើយ​ប្រហែលជា​មាន​ក្រុម​ចាំ​ទិញ​ឯកសារ និង​ក្រុម​ចាំ​លួច​ស្លាក​លេខ​រថយន្ត​ទាំង​មុខ និង​ក្រោយ ដែល​ធ្វើ​ឲ្យ​គេ​ដឹង​កាន់តែ​ច្បាស់​ពី​ប្រភេទ​រថយន្ត រួច​ហើយ​ផ្លាស់​ប្តូរ​ព័ត៌មាន​រថយន្ត ដូច​ជា ដាប់​លេខ​ម៉ាស៊ីនរថយន្ត​ចាស់​ចោល ដោយ​ដាក់​លេខ​ថ្មី​ជំនួស​វិញ ដើម្បី​បន្លំ​សមត្ថកិច្ច​ឱ្យ​ចេញ​ស្លាក​លេខ ។

កាសែត​កោះសន្តិភាព​ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៧ ផង​ដែរ​ថា មាន​រថយន្ត​ឡិច​ស៊ី​ស RX 350 ពណ៌​ស​ដូច​គ្នា ខុស​ស៊េរី ប៉ុន្តែ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD- 6345 ដូច​គ្នា ត្រូវ​បាន​ម្ចាស់​រថយន្ត​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ខាង​មុខ​ធនាគារ ABA ស្ថិត​នៅ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

ដើម្បី​កុំឱ្យ​មាន​ករណី​ខាងលើ​កើតឡើង បន្ត​ទៀត លោក ពៅ ម៉ា​លី បាន​លើក​ឡើង​ថា ៖«​ឥឡូវនេះ មន្ត្រី​ប៉ូលិស​ដែល​ជា​សមត្ថកិច្ច យើង​បានឱ្យ Apps អាច​ស្កេ​ន QR Code ទៅ​លើ​ស្លាក​លេខ​រថយន្ត​បាន​តាម​ទូរស័ព្ទ មាន​ន័យ​ថា ពេល​គាត់​ឃើញ​ឡាន​មួយ គាត់​ចុច ហើយ​កាលណា​អត់​មាន​ឃើញ​ចេញ​ទិន្នន័យ គឺ​ស្លាក​លេខ​ឡាន ជា​ស្លាក​លេខ​ក្លែងក្លាយ » ។

លោក​បញ្ជាក់​ថា ៖« យើង​បាន​និង​កំពុង​ត្រៀម​ធ្វើ​ឱ្យ​បាន​ល្អ បន្តិចទៀត យើង​នឹង​មាន​កាមេរ៉ា​ដាក់​នៅ​តាម​ផ្លូវ (​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​) គឺ​ដូចនឹង​អង្គភាព​ពន្ធដារ​អីចឹង បើ​មាន​ឡាន​ណា​បើក​កាត់ វា​នឹង​បង្ហាញ​នូវ​ព័ត៌មាន​អំពី​រថយន្ត​តាម​ប្រព័ន្ធ API ។ បច្ចុប្បន្ន អ្នកជំនាញ​កំពុង​សរសេរ​កម្មវិធី ដោយ​រំពឹង​ថា នឹង​ទទួល​បាន​លទ្ធផល​នា​ពេល​ខាង​មុខ»។

លោក​បន្ត​ថា ការ​ប្រើប្រាស់​ទោចក្រយានយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្តែង គិត​ត្រឹម​ចុងឆ្នាំ​២០១៧​នេះ ទោចក្រយានយន្ត​សរុប​ទាំងអស់​មាន​ប្រមាណ​៤​លាន​គ្រឿង ក្នុង​នោះ​រថយន្ត​មាន​ជាង​៦០​ម៉ឺន​គ្រឿង ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​បង្ហាញ​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩០ ដល់​ខែកញ្ញា ឆ្នាំ​២០១៧​នេះ មាន​យានយន្ត និង​ទោចក្រយានយន្ត​ចុះបញ្ជី​នៅ​ក្រសួង ស្មើ​ជាង​៤​លាន​គ្រឿង ក្នុង​នោះ​រថយន្ត​ធុន​ស្រាល​ជាង​៣៧​ម៉ឺន​គ្រឿង ស្មើ​៩,៣%, រថយន្ត​ធុន​ធ្ងន់​ជាង​២១​ម៉ឺន​គ្រឿង ស្មើ​៥,៤% និង​ទោចក្រយានយន្ត​ជាង​៣,៤​លាន​គ្រឿង ស្មើ​៨៥,៣% ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ