ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​កៅស៊ូ​នឹង​ប្រសើរ​ឡើង​បន្ថែម​ទៀត​ចាប់ពី​ឆ្នាំ​2018​តទៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កៅស៊ូ​ជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​រយៈពេល​វែង​ដែល​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ជួយ​ទ្រទ្រង់​ដល់​សង្គម និង​សេដ្ឋកិច្ចជាតិ ចូលរួម​ការពារ​បរិស្ថាន ដោយ​បង្កើត​ជា​គម្រប​បៃតង រក្សា​លំនឹង​ធម្មជាតិ និង​ការពារ​ការ​ហូរ​ច្រោះ​ដី​ជាដើម ។ រយៈពេល​ជិត​១​ទសវត្សរ៍​មកនេះ…

រាជធានី​ភ្នំពេញ ៖ កៅស៊ូ​ជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​រយៈពេល​វែង​ដែល​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ជួយ​ទ្រទ្រង់​ដល់​សង្គម និង​សេដ្ឋកិច្ចជាតិ ចូលរួម​ការពារ​បរិស្ថាន ដោយ​បង្កើត​ជា​គម្រប​បៃតង រក្សា​លំនឹង​ធម្មជាតិ និង​ការពារ​ការ​ហូរ​ច្រោះ​ដី​ជាដើម ។

រយៈពេល​ជិត​១​ទសវត្សរ៍​មកនេះ តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​បាន​ធ្លាក់​ចុះ​ស្ទើរ​ដល់​កម្រិត ដែល​ធ្វើ​ឲ្យ​អ្នក​ដាំ​ដុះ​មួយ​ចំនួន​បាន​លះបង់​ដំណាំ​នេះ​ចោល ងាក​មក​ដាំ​ដុះ​ដំណាំ​ផ្សេង​វិញ ។ ទោះបី​យ៉ាងណា នៅ​ឆ្នាំ​២០១៧​នេះ វា​បាន​ងើបឡើង​វិញ​បន្ដិច ហើយ​បើ​តាម​ការ​អះអាង​របស់​អ្នក​វិនិយោគ​ដំណាំ​កៅស៊ូ​ដ៏​ធំ​មួយ​នៅ​ខេត្តមណ្ឌលគិរី ទីផ្សារ​មួយ​នេះ​នឹង​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ចាប់ពី​ឆ្នាំ​២០១៨​ខាង​មុខ ដែល​ជា​សារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ដាំ​ដុះ​កៅស៊ូ​នៅ​កម្ពុជា ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា និង​ឈ្វេងយល់​ពី​ដំណាំ​កៅស៊ូ កាលពី​ថ្ងៃ​ទី​១២ ធ្នូ កន្លង​មក លោក បូ​ដ ចេ​ហ្វ (Jef BOEDT) អគ្គនាយក​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​វា​ជា​រឿង​ស្មុគស្មាញ​មួយ ព្រោះ​វា​មាន​និន្នាការ​ទៅ​តាម​ទីផ្សារ​ប្រេង និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក ពិសេស​គឺ​ការ​ថម​ថយ​​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន តែ​ដោយសារ​កំណើន​ប្រជាសាស្ត្រ និង​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​យានយន្ដ​សព្វថ្ងៃ ធ្វើ​ឲ្យ​ទីផ្សារ​ដំណាំ​នេះ​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ខាង​មុខ ។

លោក ចេ​ហ្វ និយាយ​ថា ៖« ក្រុមហ៊ុន​យើង​មានបទពិសោធន៍​ដាំ​កៅស៊ូ​ជាង​១០០​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត ដូច្នេះ បញ្ហា​តម្លៃ គឺ​យើង​ដឹង​ច្បាស់ វា​មិន​ស្ថិតស្ថេរ​នោះ​ទេ ឆ្នាំ​នេះ​ធ្លាក់​ចុះ តែ​៥​ឆ្នាំ​ក្រោយ វា​អាច​នឹង​ឡើងថ្លៃ​វិញ ហើយ​​ខ្ញុំ​ជឿជាក់​ថា តម្លៃ​កៅស៊ូ​នឹង​កើនឡើង​ទៀត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដោយសារ​កំណើន​នៃ​ប្រជាសាស្ត្រ​នៅ​លើ​ពិភពលោក និង​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​យានយន្ដ នោះ​នឹង​ធ្វើ​ឲ្យ​តម្រូវការ​កៅស៊ូ​កើនឡើង ។ ខ្ញុំ​លើក​ហេតុផល​មួយ​ដែល​អ្នក​អាច​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក កាលពី​ខ្ញុំ​មក​ដល់​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២០១០ ការ​ប្រើប្រាស់​យានយន្ដ​ដូច​ជា រថយន្ដ និង​ម៉ូតូ គឺ​មាន​តិចតួច​ណាស់ តែ​សព្វ​ថ្ងៃនេះ នៅ​តាម​ដងផ្លូវ​ពោរពេញ​ដោយ​យានយន្ដ ពិសេស​គឺ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ខ្ញុំ​ជឿជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ចិន​នឹង​បន្ដ​រីក​ចម្រើន​ថែម​ទៀត ។ នេះ​ជា​ហេតុផល​ចម្បង​ដែល​ទីផ្សារ​កៅស៊ូ​នឹង​ប្រសើរ​ឡើង ដូច្នេះ ចូរ​អ្នក​កុំ​ផ្លាស់​ប្ដូរ​ទិស​ដៅ ប្រសិនបើ​អ្នកមាន​ចម្ការ​កៅស៊ូ » ។

កំណើន​នៃ​ឧស្សាហកម្ម​យានយន្ដ និង​របកគំហើញ​ថ្មី​នៃ​រថយន្ដ គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នៃ​ឧស្សាហកម្ម​កៅស៊ូ​មានការ​រីក​ចម្រើន ។ បណ្ដា​ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ ដោយសារ​តែ​កំណើន​នៃ​ឧស្សាហ​កម្ម​យានយន្ដ​។ ចំណែក​អា​មេ​រិ​ក​ខាងជើង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន​រឹង​មាំ ខណៈ​ដែល​បណ្ដា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​លើ​ទីផ្សារ​មួយ​នេះ​ក្នុង​ពេល​អនាគត ។

ទីប្រឹក្សា​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Marketing Consulting លោក ង៉ែត ជូ បាន​យល់​ស្រប​ថា វិស័យ​មួយ​នេះ​នឹង​ប្រសើរ​ឡើង បើ​ទោះបីជា​មាន​ពេល​ខ្លះ​ធ្លាក់​ចុះ​ក៏​ដោយ តែ​ជា​រួម​គឺ​ត្រូវ​តែ​កើនឡើង​។

ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ ម្សិលមិញ លោក ង៉ែត ជូ បាន​ឲ្យ​ដឹង​ថា ៖« ខ្ញុំ​ក៏​យល់​ឃើញ​ដូច្នេះ​ដែរ គ្រាន់តែ​ថា​ឆ្នាំ​ខ្លះ​វា​ធ្លាក់​ថ្លៃ​ក្នុង​រយៈពេល​ខ្លី ដោយសារ​តែ​ការ​ផ្គត់​ផ្គង់​លើស​តម្រូវការ​ជាដើម ប៉ុន្ដែ​ជា​រួម និន្នាការ​ទីផ្សារ​កៅស៊ូ​វា​ត្រូវ​តែ​ឡើងថ្លៃ​ដោយ​ផ្អែក​លើ​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​មួយ​ចំនួន​ដែល​មាន​តម្រូវការ​កៅស៊ូ​ជា​ចាំបាច់​ដូច​ជា ឧស្សាហកម្ម​យានយន្ដ និង​ឧស្សាហកម្ម​ផ្សេង​ៗ​ទៀត »​។

លោក​បន្ដ​ថា បើ​មើល​ពី​ទីផ្សារ​កៅស៊ូ​នា​ពេល​នេះ វា​ចាប់ផ្ដើម​ប្រសើរ​ឡើង​បន្ដិច​ហើយ ហើយ​ឆ្នាំ​២០១៨​ខាង​មុខ វា​នឹង​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

បើ​តាម​ការ​អះអាង​របស់​អគ្គនាយក​ក្រុមហ៊ុន​សុក​ហ្វិ​ន​កម្ពុជា លោក បូ​ដ ចេ​ហ្វ តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​គឺ​អាស្រ័យ​ទៅ​លើ​គុណភាព និង​ទៅ​តាម​ទីផ្សារ​នៃ​ប្រទេស​នីមួយ​ៗ ដូច​ជា វៀតណាម ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ជាដើម ដោយ​បច្ចុប្បន្ន​នេះ ក្នុង​១​តោន​ក្នុង​ចន្លោះ​ជុំវិញ​១.៤០០​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ត្រឹមតែ​ក្នុង​រង្វង់​១.០៤០​ដុល្លារ​ប៉ុណ្ណោះ ។

លោក​ថា ៖« តម្លៃ​នេះ អ្នក​វិនិយោគ​កៅស៊ូ​មិន​អាច​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ ប៉ុន្ដែ​យើង​រំពឹង​ថា ១៥​ឆ្នាំ​ក្រោយ យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ដ៏​ធំ​មួយ​នេះ តែ​យ៉ាងណា​យើង​មិន​រំពឹង​ថា វា​នឹង​កើនឡើង​៥​ពាន់​ដុល្លារ​ក្នុង​១​តោន​ដូច​កាលពី​១០​ឆ្នាំ​មុន​ណាស់ ។ ចំណែក​តម្លៃ​ដែល​សម​ស្រប​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដាំ​ដុះ​សប្បាយចិត្ត​នោះ គឺ​ក្នុង​រង្វង់​២.០០០​ទៅ​២.៣០០​ដុល្លារ​ក្នុង​១​តោន » ។

គិត​ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​២០១៧​នេះ កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​ចំនួន​ជាង​៤៣,២​ម៉ឺន​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ជាង​១៦,៣​ម៉ឺន​ហិ​កតា ស្មើនឹង​៣៧,៧៧% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន​ជាង​២៦,៨​ម៉ឺន​ហិ​កតា ស្មើនឹង​៦២,២៣% ។ ចំណែក​ផលិតផល​ជ័រកៅស៊ូ​ក្នុង​ត្រីមាស​ដដែល​នេះ សរុប​មាន​ចំនួន​១១៥.៨៤៣​តោន កើនឡើង​២៩.០០១​តោន ស្មើ​នឹង​៣៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ និង​បាន​បញ្ចេញ​លក់​ជ័រ​កៅស៊ូ​​ចំនួន​១១៤.៩៩១​តោន កើនឡើង​ចំនួន​២៨.២៦៨​តោន ស្មើនឹង​៣៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ទីផ្សារ​នាំ​ចេញ​សំខាន់​ៗ​រួម​មាន វៀតណាម​, ម៉ា​ឡេ​ស៊ី​, សិង្ហ​បុរី​, ចិន​, ជប៉ុន​, ឥណ្ឌា​, កូរ៉េ​, តៃវ៉ាន់​, ស្រី​លង្កា​, អេ​ស្ប៉ា​ញ​, អ៊ីតា​លី និង​ហុងកុង​ជាដើម ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ក្រសួងកសិកម្ម ។

គួរ​រំលឹក​ថា កាលពី​ខែកក្កដា ឆ្នាំ​នេះ ខេត្ត​សាន​ស៊ី ប្រទេស​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​កម្ពុជា ដើម្បី​ទិញ​កៅស៊ូ​កម្ពុជា​ចំនួន​៣០​ម៉ឺន​តោន ដែល​សង្ឃឹមថា នឹង​អាច​ចាប់ផ្ដើម​ដំណើរការ​នាំ​ចូល​ពី​កម្ពុជា ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ