រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌របស់ការិយាល័យកិច្ចការវប្បធម៌ និងអប់រំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ប្រាក់ចំនួន៣៥០.០០០ដុល្លារអាមេរិក ដែលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់់ការអភិរក្សវប្បធម៌ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់់ដំណាក់កាលទី៥ ក្នុងការអភិរក្សប្រាសាទភ្នំបាខែង ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៩ ដែលរួមមានប្រទេសបូលីវី ភូមា អ៊ីស្រាអែល ម៉ិចស៊ិក ម៉ូលដូវ៉ា នេប៉ាល់ សេរ៉ាឡេអូន និងប្រទេសថៃ ដែលបានទទួលជំនួយនៅក្នុងឆ្នាំសារពើពន្ធ ២០១៧ សម្រាប់់ការអភិរក្សទីតាំងបុរាណ និងប្រវត្តិសាស្ត្រ តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំនៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់់ការអភិរក្សវប្បធម៌ ។

ប្រាសាទភ្នំបាខែងគឺជាប្រាសាទដែលចាស់ជាងគេក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក ។ តាំងពីឆ្នាំ២០០៨មក គម្រោងអភិរក្សប្រាសាទភ្នំបាខែងបានផ្តោតលើការធ្វើឱ្យសំណង់មានលំនឹង និងការទប់មិនអោយលិចទឹក នៅចំហៀងខាងកើតនៃប្រាសាទកណ្តាល ដោយទន្ទឹមនឹងនោះបញ្ចូលសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល ។
ដំណាក់កាលទី៥របស់គំរោងនឹងបង្ហើយការជួសជុលពេញលេញទៅលើចំហៀងខាងកើតនៃប្រាសាទកណ្តាល ស្របតាមគំរោងប្លង់ជួសជុល ដែលត្រូវបានកំណត់ច្បាស់ នៅដំណាក់កាល មុនៗ ។ អន្តរាគមនេះនឹងធ្វើឲ្យមានឡើងវិញនូវភាពដើមនៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក ដោយប្រើសម្ភារបុរាណផង ទំនើបផង ។ គំរោងនេះមានបំណងជំរុញឲ្យបានច្រើនដល់ចក្ខុវិស័យនៃផែនការមេក្នុងការអភិរក្សប្រាសាទភ្នំបាខែងដែលត្រូវបានកំណត់នៅឆ្នាំ២០០៧ WMFបានរៀចំកម្មវិធីអភិរក្ស ដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញនៃអង្គការ UNESCO ដែលជួបប្រជុំគ្នាទៀងទាត់ តាមរយៈគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ ។

តាំងពីឆ្នាំ២០០៤មក អង្គការមូលនិធិប្រាសាទពិភពលោកបានទទួលប្រាក់ជាង៣,២លានដុល្លារអាមេរិកពីរដ្ឋាភិបាលអាមេរិក សម្រាប់់អភិរក្សប្រាសាទភ្នំបាខែង ។ អង្គការមូលនិធិនេះ គឺជាអង្គការឯករាជ្យឈានមុខគេដែលធ្វើការដើម្បីសង្គ្រោះកន្លែងដែលត្រូវបានគេផ្តល់តម្លៃឱ្យបំផុតក្នុងពិភពលោក ។ អស់រយៈពេល៤៥ឆ្នាំហើយ អ្នកឯកទេសដែលមានជំនាញយ៉ាងខ្ពស់របស់អង្គការនេះបានប្រើបច្ចេកទេសដ៏មានប្រសិទ្ធភាព ដើម្បីអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្ម សំខាន់ៗនានានៅជុំវិញពិភពលោក ។
មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ សំខាន់ៗ ។ ក្រៅពីប្រាសាទភ្នំបាខែង រដ្ឋាភិបាលសហរដ្ឋអាមេរិកថែមទាំងបានផ្តល់អំណោយថវិកា ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ សំខាន់ៗដទៃទៀតនៅកម្ពុជា ដូចជាប្រាសាទហាន់ជ័យក្នុងខេត្តកំពង់ចាម និងប្រាសាទភ្នំដា នៅអង្គរបុរី ខេត្តតាកែវជាដើម ។

ជំនួយសរុបរបស់សហរដ្ឋអាមេរិកសម្រាប់់ ការអភិរក្សវប្បធម៌នៅកម្ពុជាមានចំនួន៤.២៧២.៤៦៥ដុល្លារអាមេរិក ដែលក្នុងចំនួននេះ៣.៣២៦.៣៦៥ដុល្លារត្រូវបានផ្តល់ឱ្យតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់់ការអភិរក្សវប្បធម៌ ៕
ចែករំលែកព័តមាននេះ