ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សេង ក​ដិ​កា ស្នាដៃ​ក្នុង​ពិភព​ប្រដាល់​រាប់​មិន​អស់​តែ​លាក់​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​អាច​និយាយ​បាន​ថា មិន​មាន​អ្នក​ណា​មាន​ស្នាដៃ​ស្មើនឹង​លោក សេង ក​ដិ​កា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​នោះ​ទេ ដោយសារ​តែ​លោក​ជា​អ្នក​ផ្ដើមគំនិត​បង្កើត​ឱ្យ​មានការ​ប្រដាល់​នៅ​ក្នុង​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ មុនគេ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​អាច​និយាយ​បាន​ថា មិន​មាន​អ្នក​ណា​មាន​ស្នាដៃ​ស្មើនឹង​លោក សេង ក​ដិ​កា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​នោះ​ទេ ដោយសារ​តែ​លោក​ជា​អ្នក​ផ្ដើមគំនិត​បង្កើត​ឱ្យ​មានការ​ប្រដាល់​នៅ​ក្នុង​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ មុនគេ តាំងពី​មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍​ណាមួយ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ម្ល៉េះ ។

យ៉ាងណាមិញ មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់​ពីមុខ​មាត់​របស់​លោក ដោយ​សារ​តែ​លោក​ជា​មនុស្ស​មិនសូវ​ចង់​ចេញ​មុខ ហើយ​បើ​ស្នើ​សុំ​សម្ភាសន៍​ពី​ជីវប្រវត្តិ​គឺ​លោក​រឹតតែ​ប្រកែក​ទៅ​ទៀត ។

មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​មាន​បណ្ដាញសារព័ត៌មាន​ណាមួយ​អាច​ស្នើ​សុំ​សម្ភាសន៍​​ពី​ជីវប្រវត្តិ និង​ស្នាដៃ​របស់​លោក សេង ក​ដិ​កា ជា​សាធារណៈ​បាន​នៅឡើយ ដោយសារ​តែ​លោក​នៅ​តែ​ប្រកាន់​ជំហរ​ថា​មិន​ចង់​ចេញ​មុខ និង​ថា​កុំឱ្យ​សរសេរ​ពី​លោក​ធ្វើ​អី​ដើម្បី​កុំឱ្យ​មានការ​រិះគន់​លោក​ថា​គ្រាន់តែ​មាន​ស្នាដៃ​បន្តិចបន្តួច​ក៏​ប្រឹង​អួតអាង ។

មនុស្ស​នៅ​ក្នុង​វិស័យ​កីឡា បាន​ហៅ​លោក​ថា​ជា​បុរស​លាក់​មុខ ក្នុង​ពេល​ដែល​លោក​ក៏​ជា​បុគ្គល​ដែល​មាន​ឥទ្ធិពល​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​នោះ​ដែរ ប៉ុន្តែ​បើ​ក្រឡេក​ពី​ការ​ប្រើ​អំណាច​គឺ​លោក​ស្ទើរតែ​មិន​មាន ដោយសារ​តែ​លោក​ច្រើន​តែ​ទម្លាក់​ឥទ្ធិពល​ឱ្យ​អ្នក​ទទួលខុសត្រូវ​បន្ទាប់ ព្រោះតែ​លោក​មិន​ចង់​ចេញ​មុខ ។ លោក​គឺជា​អ្នក​រៀបចំ​ការ​ប្រដាល់​​មុនគេ​តាំងពី​ប៉ុស្ដិ៍​លេខ​៥​នៅ​ប្រើ​ឈ្មោះ​ជា IBC នៅឡើយ ដោយ​គិត​មក​ទល់​ពេល​នេះ គឺ​លោក​បាន​បន្សល់​ស្នាដៃ​ក្នុង​វិស័យ​ប្រដាល់​រាប់​មិន​អស់ ខណៈ​ដែល​កីឡាករ​ល្បី​ៗ​ក៏​សុទ្ធសឹងតែ​លោក​រួមចំណែក​ឱ្យ​បាន​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

កីឡាករ​ភាគច្រើន​សុទ្ធតែ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឱ្យ​ឡើង​រេញ​ប្រកួត​របស់​លោក ដោយសារ​តែ​លោក​គឺជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ធំ​មួយ​តាំងពី​ដើម​មក​ទល់​ពេល​នេះ ។ យ៉ាងណាមិញ គេ​កត់​សម្គាល់ថា កម្មវិធី​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥​ដែល​ធ្លាប់​ខ្ទរខ្ទារ និង​រួមចំណែក​ខ្លាំងក្លា​នាំមុខ​គេ​ក្នុង​ការ​ជ្រោមជ្រែង​កីឡាករ​ឱ្យ​មាន​វត្ត​មាននៅ​ក្នុង​ពិភព​ប្រដាល់ ត្រូវ​បាន​បណ្ដា​សង្វៀន​ដែល​បាន​កើត​ក្រោយ​ប្រទាញ​យក​ឥទ្ធិពល​ម្ដង​បន្តិច​ៗ បន្ទាប់​ពី​សង្វៀន​ដែល​មាន​វត្តមាន​រាប់​មិន​អស់​ធ្វើការ​ប្រកួត​ប្រជែង ធ្វើ​ឱ្យ​ប៉ុស្ដិ៍​លេខ​៥​ក្លាយជា​សង្វៀន​មួយ​ដែល​លែង​សូវ​សំខាន់ ។ កាលពីមុន​កីឡាករ​ម្នាក់​បើ​ចង់​មានឈ្មោះ​បោះ​សំឡេង និង​ចង់​ក្លាយជា​កីឡាករ​ដែល​មាន​ទីផ្សារ​គឺ​លុះត្រាតែ​បាន​ឡើង​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥ ហើយ​បើ​បាន​ឡើង​ប្រកួត​នៅ​ក្នុង​ប៉ុស្ដិ៍​ម្ដង​ៗ​គឺ​មិន​ខុស​ពី​មាន​ទីផ្សារ​ឈាន​ឡើង​នោះ​ទេ ដោយសារ​តែ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥​ជា​សង្វៀន​ធំ និង​ល្បីឈ្មោះ​ជាងគេ ហើយ​បើ​និយាយ​ពី​អ្នកគាំទ្រ​ក៏​ស្ទើរតែ​មួយ​ចំហៀង​ប្រទេស ដែល​មាន​ន័យ​ថា​បាន​ឡើង​តែ​ម្ដង​ពីរ​ដង​ក្រោម​ការ​រៀបចំ​ផ្គូផ្គង​របស់​លោក គឺ​ពិតជា​ល្បី​ហើយ​មាន​ទីផ្សារ​ឡើង​ប្រកួត​នៅ​តាម​បណ្ដា​ប៉ុស្ដិ៍​ផ្សេង និង​ត្រូវ​បាន​គេ​យក​ទៅ​ប្រកួត​នៅ​តាម​ជាយ​ដែន​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ងាយ ។ ប៉ុន្តែ​ពេល​នេះ​ប៉ុស្ដិ៍​លេខ​៥​ក្រោម​ការ​គ្រប់គ្រង​របស់​លោក សេង ក​ដិ​កា គឺ​មិនសូវ​ជា​មាន​ឥទ្ធិពល​ដូច​មុន​នោះ​ទេ ជា​ពិសេស​ចាប់តាំងពី​ប៉ុស្ដិ៍​លេខ​៥​បាន​បន្ថយ​សង្វៀន​ប្រកួត​ដោយ​ទុក​តែ​មួយ ដែល​មិនសូវ​ជា​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​មិន​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​ប្រកួត​ដណ្ដើម​យក​ជើងឯក​នោះ​។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ កីឡាករ​ល្បីឈ្មោះ​ត្រូវ​គេ​ឃើញ​ផុស​ចេញពី​ប៉ុស្ដិ៍​បាយ័ន និង​ប៉ុស្ដិ៍ CTN ទៅ​វិញ ចាប់តាំងពី​ស្ថានីយទូរទស្សន៍​ទាំង​២​បាន​បើក​ការ​ប្រកួត​ច្រើន​ៗ​ក្នុង​១​ស​ប្ដា​ហ៍ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​ក៏​បាន​ផលិត​ធនធាន​កីឡាករ​ឱ្យ​មានឈ្មោះ​បោះ​សំឡេង​ជំនួស​ប៉ុស្ដិ៍​លេខ​៥​បាន​ច្រើន ។ ជាក់ស្ដែង​វត្តមាន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​បាន​បើក​សង្វៀន​ប្រដាល់​ដែរ​នោះ​បាន​ក្លាយជា​ទីតាំង​បណ្ដុះ​កីឡាករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ថែម​មួយទៀត ទើប​ធ្វើ​ឱ្យ​កីឡាករ​ខ្លះ​ស្ទើរតែ​ប្រើ​ពាក្យ​ថា​មិនបាច់​ឡើង​វ៉ៃ​នៅ​ប៉ុស្ដិ៍​លេខ​៥​ដូច​ជំនាន់​មុន ក៏​មិន​ខ្វះ​ទីផ្សារ​ឡើង​កូដ​ដែរ ។ ប៉ុន្តែ​ទោះជា​កីឡាករ​ជំនាន់​ក្រោយ​អាច​ប្រើ​ភាសា​មួយ​នេះ​ក៏​ដោយ ក៏​ស្នាដៃ និង​ឥទ្ធិពល​របស់​លោក សេង ក​ដិ​កា នៅ​តែ​មិន​អាច​មាន​អ្នក​មើល​ស្រាល​នោះ​ទេ ជា​ពិសេស​លោក​គឺជា​អ្នក​ចែកចាយ​នូវ​ទម្រង់​ប្រកួត​នៅ​ក្នុង​ពិភព​ប្រដាល់​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​នៅ​ក្នុង​ការ​ប្រកួត​ពេល​ក្រោយ ។

ក្នុង​​ពេល​បណ្ដា​សង្វៀន​នានា​មិន​ទាន់​កើត ឬ​ទើបតែ​ចាប់កំណើត លោក សេង ក​ដិ​កា បាន​ក្លាយជា​បុគ្គល​ដែល​មាន​ស្នាដៃ​រៀបចំ​ការ​ប្រដាល់​រាប់​មិន​ឈ្នះ​រួច​មក​ហើយ ដូច​ជា​ការ​ប្រកួត​ជើងឯក​សម្រាប់​កីឡាករ​ក្នុងស្រុក​និង​ក្នុងស្រុក ការ​ដណ្ដើម​ជើងឯក​រវាង​កីឡាករ​ក្នុងស្រុក និង​បរទេស​ជាដើម ។ កីឡាករ​ល្បីឈ្មោះ​ច្រើន​ណាស់​រួម​មាន​លោក អេ ភូ​ថង លោក អូត ភូ​ថង និង​លោក នួន ភិ​រម្យ ជាដើម ដែល​មានកេរ្តិ៍ឈ្មោះ​ក្នុង​ពេល​ប្រឡូក​ប្រដាល់ គឺ​សុទ្ធតែ​បាន​ខ្សែក្រវាត់​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ និង​មានការ​រួមចំណែក​ធ្វើ​ឱ្យ​ល្បីឈ្មោះ​នៅ​ប៉ុស្ដិ៍​លេខ​៥​ទាំងអស់ ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដែល​បានដឹង​ថា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥​គឺជា​អ្នក​លើកតម្កើង ហើយ​បើ​ទោះជា​បាន​ស្គាល់​ឈ្មោះ​ក៏​មិនដឹង​ថា​ឈ្មោះ​សេង ក​ដិ​កា​មានមុខមាត់​យ៉ាងម៉េច​នោះ​ដែរ ។ ទោះបី​យ៉ាង​ណា ធៀប​នឹង​រយៈពេល​មុន​គឺ​លោក​សេង ក​ដិ​កា ត្រូវ​បាន​គេ​ស្គាល់​ជាង​មុន​ហើយ
ដោយសារ​តែ​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន​ចាប់ផ្ដើម​ប្រើ​ឈ្មោះ​របស់​លោក​ក្នុង​ការ​អត្ថា​ធិ​ប្បាយ​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត ហើយ​បើ​ទោះជា​លោក​មិន​អនុញ្ញាត​ឱ្យ​ថតរូប​ក៏​នៅ​តែ​មាន​អ្នកប្រមាញ់​រូបថត​យក​មក​ផ្សាយ ដើម្បី​រំលេច​ឱ្យ​ឃើញ​ពី​ស្នាដៃ​របស់​លោក ។ លោក​កាន់តែ​មានការ​ទទួលស្គាល់​នៅ​ប៉ុស្ដិ៍​លេខ​៥​ថែម​ទៀត ក្រោយ​ពី​លោក​បាន​រំលេច​ស្នាដៃ​រៀបចំ​ការ​ប្រដាល់​តាម​ទម្រង់​ចាញ់​ធ្លាក់​ៗ​ក្នុង​រូបមន្ត​ជម្រើស​យក​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​តែ​មួយ​ចំនួន​៣២​រូប​មក​ប្រកួត​ដណ្ដើម​ជើងឯក​។ មិន​ក្រោម​៥​ជំនាន់​នោះ​ទេ ដែល​លោក​បង្កើត​បាន​កីឡាករ​ជើងឯក​ពី​ការ​ប្រកួត​តាម​រូបមន្ត​នេះ ហើយ​បាន​ក្លាយជា​ធនធាន​កីឡាករ​ល្បី​ឈ្មោះ​នា​ពេល​ចុង​ក្រោយ ។

ក្នុង​នោះ​សូ​ម្បី​តែ​កីឡាករ​ដែល​មិន​បាន​ជាប់​ជា​ជើងឯក​ពី​ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​នោះ​ក៏​មានឈ្មោះ​បោះ​សំឡេង​ព្រោះតែ​ការ​រៀបចំ​របស់​លោក​មិន​តិច​នាក់​នោះ​ដែរ ទើប​សុទ្ធ​សឹងតែ​ជា​ស្នាដៃ​ដែល​ក្នុង​វិស័យ​កីឡា​មិន​អាច​មើល​រំលង​បាន ។ លោក​ត្រូវ​បាន​គេ​កោតសរសើរ​ថា​មាន​ជំនាញ​ក្នុង​ការ​រំលេច​កីឡាករ​ក្មេង​ៗ និង​ថ្មី ហើយ​បើ​និយាយ​ពី​កីឡាករ​ដែល​ផុស​ចេញពី​ប៉ុស្ដិ៍​លេខ​៥ គឺ​ច្រើន​តែ​ថ្មី​សន្លាង ហើយ​ក៏​ត្រូវ​បណ្ដា​ប៉ុស្ដិ៍​ផ្សេង​ចាំ​ត្រង​យក​ទៅ​ប្រកួត​ធ្វើ​ឱ្យ​មាន​ទីផ្សារ​យ៉ាង​គួរ​ឱ្យ​កត់សម្គាល់ ។ លោក​ក៏​មាន​ស្នាដៃ​ក្នុង​ការ​រំលេច​កីឡាករ​ផ្នែក​ប្រដាល់​សាកល​មិន​តិច​នាក់​ផង​ដែរ ដោយសារ​តែ​ក្នុង​ពេល​ប៉ុស្ដិ៍​លេខ​៥​ក្ដោប​ក្ដាប់​សង្វៀន​ប្រដាល់​ស្ទើរតែ​ទាំងអស់​ម្នាក់ឯង គឺ​ប៉ុស្ដិ៍​មួយ​នេះ​ក៏​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់​សាកល​ដែល​ជា​ធនធាន​ក្នុង​ពេល​ថ្នាក់​ជាតិ​ប្រឡង​ជ្រើសរើស​ផង​ដែរ ។ បើ​និយាយ​ពី​កីឡាករ​បរទេស​វិញ គឺ​ប៉ុស្ដិ៍​លេខ​៥​ក៏​ច្រើន​តែ​នាំ​មក​នូវ​កីឡាករ​ល្បីឈ្មោះ​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​មក​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជាមួយ​កីឡាករ​អេ ភូ​ថង និង​អូត ភូ​ថង ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​របស់​កម្ពុជា​យ៉ាង​កក្រើក​ជា​ច្រើន​សា​ដែរ ។ លោក សេង ក​ដិ​កា​ក៏​មាន​ស្នាដៃ​ក្នុង​ការ​រំលេច​ក្បាច់គុន​យុទ្ធ​ក្រម​ខម​ឱ្យ​មហាជន​បាន​ស្គាល់​ផង​ដែរ ប៉ុន្តែ​កីឡាករ​របស់​កីឡា​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកួត​លើ​រេញ​បន្ត ដោយសារ​តែ​មានការ​តវ៉ា​ពី​សហព័ន្ធ​។

ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​យុទ្ធ​ក្រម​ខម​ប្រចាំ​ស​ប្ដា​ហ៍​កាលនោះ បាន​ជួយ​ឱ្យ​ប៉ុស្ដិ៍​លេខ​៥​មានឈ្មោះ​បោះ​សំឡេង និង​ទទួល​បានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ ទើប​លោក​ដែល​ជា​អ្នក​ផ្ដើមគំនិត​មានការ​សោកស្ដាយ​ក្នុង​ពេល​ដែល​ការ​ប្រកួត​មានការ​ឧបត្ថម្ភ
ទៅ​ហើយ ស្រាប់តែ​អត់​កីឡាករ​ឡើង​រេញ​ទៅ​វិញ ។ ទោះបី​យ៉ាងណា​ក៏​គេ​ចាត់​ទុក​លោក​​ថា​ជា​អ្នក​ផ្ដើម​ឱ្យ​មហាជន​បាន​ស្គាល់​ពី​មរតក​ក្បាច់គុន​ដ៏​ចំណាស់​មួយ​នេះ​ផង​ដែរ។

នៅ​ប៉ុស្ដិ៍​លេខ​៥ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្រឹទ្ធាចារ្យ​ចំណាស់​មួយ​រូប​ដោយសារ​តែ​លោក​បាន​បម្រើ​ការងារ​យូរ​ឆ្នាំ​ជាងគេ ដែល​អាច​និយាយ​បាន​ថា បាន​រួមចំណែក​តាំងពី​ប៉ុស្ដិ៍​លេខ​៥​នៅ​ជា​ប៉ុស្ដិ៍​នាំ​មុខតែ​ម្នាក់ឯង​រហូត​មក​ដល់​ពេល​នេះ ។ លោក សេង ក​ដិ​កា បាន​អះអាង​ថា លោក​មិន​មាន​បំណង​ណាមួយ​ចាក​ចេញពី​ប៉ុស្ដិ៍​លេខ​៥​នោះ​ទេ ហើយ​លោក​ក៏​មើល​មិនឃើញ​ប៉ុស្ដិ៍​ណា​ល្អ​ជាង​ស្ថាប័ន​របស់​លោក​នោះ​ដែរ ទើប​លោក​នៅ​តែ​កាន់​កម្មវិធី​ប្រដាល់​ដោយ​លោក​ប្រកាស​ថា​នឹង​រួមចំណែក​ធ្វើ​ឱ្យ​សង្វៀន​ប្រដាល់​របស់​ខ្លួន​នៅ​តែ​ឈរជើង​បាន បើ​ទោះជា​មាន​សង្វៀន​ប្រដាល់​ប្រកួតប្រជែង​ច្រើន​យ៉ាង
ណា​​នា​ពេល​ចុង​ក្រោយ​ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ