រាជធានីភ្នំពេញ ៖ ពិធីករចាស់វស្សារបស់ស្ថានីយទូរទស្សន៍CTN លោកអុិត សេដ្ឋា បានអះអាងថាលោកបានប្រកាសជាសាធារណៈតាមកញ្ចក់ទូរទស្សន៍កាលពីសប្តាហ៍មុនដើម្បីការពារខ្លួនជាមុន ខណៈមានជនខិលខូចមួយចំនួនប្រើឈ្មោះលោកទៅបោកប្រាស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ។
ពិធីកររូបនេះបញ្ជាក់ថា លោកមិនមានវិធានការតាមផ្លូវច្បាប់ណាមួយជុំវិញបញ្ហានេះឡើយដោយសារតែប្រភពនៃរឿងរ៉ាវមួយនេះនៅមិនទាន់ច្បាស់នៅឡើយ ។ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី៧ វិច្ឆិកា លោកអិុត សេដ្ឋា ឱ្យដឹងថា តាមពិតរឿងរ៉ាវនេះកើតឡើងជាងមួយឆ្នាំមកហើយ តែលោកមិនដឹងថាអ្នកដែលដើរបង្ខូចឈ្មោះលោកនោះមានប្រភពមកពីណាឡើយគឺគ្រាន់តែដឹងតាមរយៈអ្នកស្គាល់គ្នាដែលគេទូរស័ព្ទមកប្រាប់ប៉ុណ្ណោះ ។ ក្រោយពីពិនិត្យឃើញថា សកម្មភាពទាំងនោះនៅតែបន្តកើតមាននោះទើបលោកសម្រេចចិត្តប្រកាសជាសាធារណៈការពារខ្លួន តែលោកនៅតែមិនទាន់មានវិធានការតាមផ្លូវច្បាប់នៅឡើយទេ ។
លោកអិុត សេដ្ឋា អះអាងទាក់ទិនរឿងដែលគេយកឈ្មោះរបស់លោកទៅប្រើ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋថា ពួកជនខិលខូចទាំងនោះប្រើឈ្មោះរបស់លោកទូរស័ព្ទទៅកាន់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដោយប្រើរូបភាពថា ត្រូវរង្វាន់នេះ ត្រូវរង្វាន់នោះ ហើយឱ្យពួកគាត់បង់ប្រាក់មកឱ្យរូបលោកដើម្បីរត់ការជាថ្នូរនឹងការបើករង្វាន់។ ពេលខ្លះជនខិលខូចទាំងនោះបានបោកប្រាស់ប្រជាពលរដ្ឋម្នាក់ៗអស់រាប់ម៉ឺនដុល្លារក៏មាន ហើយសកម្មភាពនេះបានកើតឡើងតាមខេត្តមួយចំនួនដូចជាខេត្តតាកែវ ពោធិ៍សាត់ និងខេត្តបាត់ដំបង ជាដើម ។
លោកអិុត សេដ្ឋា អះអាងថា ដំណឹងនេះលោកបានទទួលពីមិត្តភក្តិរបស់លោក និងជនរងគ្រោះផ្ទាល់តែម្តងដែលបានទូរស័ព្ទមកប្រាប់ថែមទាំងគេឱ្យលេខទូរស័ព្ទពួកជនទាំងនោះផងដែរ ហើយបានប្រាប់ឱ្យប្តឹងទៅសមត្ថកិច្ចដើម្បីវែកមុខជនខិលខូចទាំងនោះយកទៅផ្តន្ទាទោស។ក្នុងដំណាក់កាលដំបូងនេះលោកអិុត សេដ្ឋា នៅមិនទាន់មានប្រតិកម្មតបបែបណាមួយនៅឡើយទេ។ មួយរយៈចុងក្រោយនេះ ដោយមើលឃើញថា សកម្មភាពទាំងនោះនៅតែបន្តកើតមានទើបលោកសម្រេចចិត្តប្រកាសជាសាធារណៈតាមកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីផ្សាយផ្ទាល់«មន្តស្នេហ៍សំនៀង»កាលពីសប្តាហ៍មុន។
ការបង្ខំចិត្តប្រកាសតាមកញ្ចក់ទូរទស្សន៍របស់លោកនាពេលនេះគឺក្នុងគោលបំណងដើម្បីបញ្ចប់ការភ័ន្តច្រឡំ និងកុំឱ្យមានអ្នករងគ្រោះដោយការបោកបន្លំនេះតទៅទៀត ខណៈពេលដែលក្នុងចំណោមអ្នកចាញ់បោកគេនោះមានអ្នកខ្លះបានចាញ់បោកជនខិលខូចអស់រហូតរាប់ម៉ឺនដុល្លារ។ការប្រកាសបែបនេះរបស់លោកអិុត សេដ្ឋា មិនមែនជាលើកទីមួយទេ គឺកាលពីប៉ុន្មានខែមុនលោកធ្លាប់ប្រកាសម្តងមកហើយ ។
តាមរយៈការប្រកាសជាសាធារណៈរបស់លោកនេះ លោកអិុត សេដ្ឋា សង្ឃឹមថាចាប់ពីពេលនេះតទៅនឹងមិនមានករណីនេះកើតឡើងទៀតឡើយ ហើយវាក៏ជាការបញ្ជាក់ពីភាពស្អាតស្អំរបស់លោក និងបង្កើនការប្រុងប្រយ័ត្នសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ៕
ចែករំលែកព័តមាននេះ