រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងជួបបញ្ហាស្មុគស្មាញយ៉ាងខ្លាំង បន្ទាប់ពីក្រុមអ្នករកស៊ីបើកហាងផឹកស៊ីខារ៉ាអូខេKTV និងម៉ាស្សាកោសជប់ សម្រុកនាំគ្នាបោះទីតាំងច្រើនសន្ធឹកសន្ធាប់នៅតាមបណ្ដោយផ្លូវលេខ២០០៤ ស្ថិតក្នុងភូមិត្រពាំល្វា សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមបណ្តោយផ្លូវលេខ២០០៤ គ្រាន់តែក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យសោះ មានភោជនីយដ្ឋានចំនួន២ ហាងខារ៉ាអូខេKTVចំនួន៣២ និងហាងម៉ាស្សាកោសជប់ចំនួន១៩ កំពុងរីកស្គុសស្គាយបម្រើសេវាជូនភ្ញៀវ
។ អ្វីដែលសំខាន់នោះគឺថា អាជ្ញាធរមូលដ្ឋានថ្មីៗនេះបានសម្រេចបិទអស់យ៉ាងហោចណាស់ក៏៥ហាងរួចមកហើយដែរ ចំពោះហាងមិនគោរពច្បាប់ ។

ថ្នាក់ដឹកនាំមូលដ្ឋានបានឱ្យដឹងថា អាជ្ញាធរឈឺក្បាលមិនឈប់ឡើយដោយសារហាងមួយចំនួនបានបង្កើតភាពអនាធិបតេយ្យ រញ៉េរញ៉ៃមិនគោរពតាមការគោលការណ៍ណែនាំរបស់អាជ្ញាធរ តែងតែបង្កជម្លោះវាយតប់គ្នាដណ្ដើមម៉ូយ រវាងបុគ្គលិកហាងដូចគ្នា ឬរវាងបុគ្គលិកហាងជាមួយភ្ញៀវដែលចូលទៅផឹកស៊ីនៅទីនោះ។ រូបភាពខ្លះដែលរឹតតែអាក្រក់មើលនិងពិបាកទទួលយកបានគឺ បុគ្គលិកហាង KTV ឬហាងម៉ាស្សាខ្លះ ថែមទាំងដេញចាប់ម៉ូយប្រសេចប្រសាចតាមដងផ្លូវ និងស្រែកឡូឡាគ្មានសណ្ដាប់ធ្នាប់ រំខានដល់អ្នកដំណើរនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅវេលាយប់ ។

ម្យ៉ាងទៀត ហាងកោសជប់ ម៉ាស្សា ទាំងអ្នកបម្រើនិងថៅកែសុទ្ធតែដៃរហ័ស គឺពូកែលួចបន្លំយកលុយភ្ញៀវ បង្កើតជាបញ្ហាមិនចេះចប់ឡើយ ។ ដើម្បីជាការព្រមាន គឺហាងចំនួន៥ហើយដែលត្រូវបានបិទទម្លាក់ស្លាកយីហោ ព្រមទាំងរឹបអូសយកសម្ភារ និងឈប់ឲ្យដំណើរការតែម្ដង។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ តែងតែឈឺក្បាលវិលមុខជាមួយក្រុមនេះមិនតិចទេ ប៉ុន្តែជាសិទ្ធិសេរីភាពរបស់អ្នករកស៊ី អាជ្ញាធរមិនអាចឃាត់ឃាំងរារាំងមិនឲ្យពួកគេមិនឲ្យរកស៊ីបានឡើយ គឺអនុញ្ញាតឲ្យបង្កើតហាងដោយរីករាយ ។ ប៉ុនែ្តទន្ទឹមនឹងនេះ អាជ្ញាធរមានគោលការណ៍ណែនាំ និងវិន័យផ្សេងៗផងដែរ សម្រាប់ជាការបង្ការនៅពេលមានបញ្ហាផ្សេងៗកើតឡើងនៅតាមហាងនីមួយៗ ។ អាជ្ញាធរតែងកោះអញ្ជើញម្ចាស់ហាងទាំងនោះទៅចូលរួមប្រជុំជាញឹកញាប់ ណែនាំនិងប្រាប់ពីគោលការណ៍របស់សាលាខណ្ឌ ជាពិសេសបម្រាមផ្សេងៗដែលអាជ្ញាធរខណ្ឌបានរៀបចំឡើង ដើម្បីឲ្យពួកគេអនុវត្តតាមមិនឲ្យមានភាពអនាធិបតេយ្យកើតឡើង ប៉ះពាល់ដល់់អ្មកដទៃ ហាមលួចលាក់បម្រើផ្លូវភេទ ឬបង្ករឿងជម្លោះវាយតប់ និងឈានដល់អំពើឃាតកម្មជាដើម ។

មន្ត្រីសាលាខណ្ឌមួយរូបនិយាយថា ក្រុមអ្នករកស៊ីបើកហាងខារ៉ាអូខេKTV ហាងម៉ាស្សាកោសជប់ បៀរហ្គាដិន ភោជនីយដ្ឋាន បានសម្រុកទៅបោះទីតាំងបើកដំណើការនៅអមសងខាងផ្លូវលេខ២០០៤ នោះមែន គឺចាប់ពីចំណុចព្រំប្រទល់ខណ្ឌសែនសុខ ដល់កែងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទោះបីជាបែបណា តាមស្ថិតិដែលអាជ្ញាធរបានស្រង់នៅក្នុងឆ្នាំ២០១៧នេះ គឺមានការថយចុះច្រើនជាឆ្នាំមុនៗ ដោយសារតែមានហាងមួយចំនួនប្រព្រឹត្តល្មើស និងផ្គើនមិនគោរពតាមការណែនាំ ត្រូវបានអាជ្ញាធរទម្លាក់ស្លាកចោល និងមួយចំនួនទៀតរកស៊ីខាតចុងខាតដើម ក៏បានរើចេញដោយខ្លួនឯងតែម្ដង ។

ប្រភពដដែលបន្តទៀតថា ដោយឡែកហាងម៉ាស្សា កោសជប់ ដែលមានចំនួន១៩ទីតាំងនោះ គឺជាចំនួនមិនសូវប្រាកដប្រជានោះទេ ព្រោះក្រុមនេះជួនកើនជួនធ្លាក់ចុះ ព្រោះពួកគេបើកគ្មានស្លាកយីហោត្រឹមត្រូវឡើយ ហើយកន្លែងខ្លះបើកមិនបានយូរទេ តែងផ្លាស់ប្ដូរទីតាំងជាញឹកញាប់រកកំណត់មិនបាន ។មិនតែប៉ុណ្ណោះ ក្រុមម៉ាស្សាកោសជប់ខាងលើ ក៏តែងបង្កបញ្ហាមិនចេះចប់ដែរ ពិសេសគឺការបន្លំលួចលុយភ្ញៀវតែម្ដង ។រីឯហាងខារ៉ាអូខេKTV បៀរហ្គាដិន ភោជនីយដ្ឋានមួយចំនួន តែងបង្កភាពអនាធិបតេយ្យ រត់ដេញចាប់ម៉ូយពេញដងផ្លូវ មានទាំងជិះម៉ូតូដេញចាប់ម៉ូយថែមទៀត ។

កន្លងមក ហាងដែលមានបញ្ហាត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបិទនិងរឹបអូសសម្ភារជាច្រើនហាង ប៉ុន្តែដោយមានការយោគយល់ ក្រោយពេលបិទបានមួយរយៈក៏អនុញ្ញាតឲ្យបើកឡើងវិញដោយធ្វើកិច្ចសន្យា ។ ប៉ុន្តែក្រោយមករឿងបានបន្តកើតឡើងមិនឈប់ ទើបនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ សាលាខណ្ឌបានបើកកិច្ចប្រជុំជាលើកចុងក្រោយ ដោយប្រមូលម្ចាស់ហាងទាំងអស់ចូលរួម ក្រោមអធិបតីភាពលោក អភិបាលខណ្ឌ ហែម ដារិទ្ធិ និងបានកំណត់ជាលើកចុងក្រោយ ។មន្ត្រីខាងលើបានបន្តទៀតថា ខណៈនោះអាជ្ញាធរបានប្រាប់ទៅម្ចាស់ហាងទាំងនោះឲ្យរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ មិនត្រូវបង្កទំនាស់ ឬដេញចាប់ម៉ូយតាមដងផ្លូវឡើយ ។ ជាពិសេស ក្រុមម៉ាស្សា កោសជប់ មិនត្រូវបង្កប់សេវាបម្រើផ្លូវភេទ ឬបោយដៃនោះទេព្រោះខណ្ឌពោធិ៍សែនជ័យ មិនមែនជាទីកន្លែងពេស្យាចារឡើយ ។ បើមានបញ្ហាល្មើសមិនគោរពតាមការណែនាំទេ នឹងត្រូវប្រឈមការបិទ ទម្លាក់ស្លាកចោល និងលែងឲ្យបើកវិញទៀតហើយ ។

ប៉ុន្តែ ក្រោយពីប្រជុំរួចមិនទាន់បានប៉ុន្មានផង ស្រាប់តែមានហាងខារ៉ាអូខេKTV និងបៀរហ្គាដិនចំនួន៥ បានផ្គើនប្រព្រឹត្តល្មើស និងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបិទព្រមទាំងទម្លាក់ស្លាក និងរឹបអូសយកសម្ភារទៅរក្សាទុក ទោះទៅសុំវិញក៏មិនឲ្យដែរគឺបិទរហូតតែម្ដង ។ មិនតែប៉ុណ្ណោះ អាជ្ញាធរនឹងកត់ចូលបញ្ជីខ្មៅ ព្រមទាំងរាយការណ៍អំពីឈ្មោះហាង និងម្ចាស់ហាងទៅកាន់មន្ទីរពាក់ព័ន្ធរបស់រាជធានីភ្នំពេញបានជ្រាប ហើយចង់ឈ្មោះហ្នឹងទៅបើកហាងនៅកន្លែងណាទៀតក៏មិនបានដែរ។ អ្វីដែលជាការកត់សម្គាល់នោះគឺ ចាប់តាំងពីការប្រើកណ្ដាប់ដៃដែកចុងក្រោយនេះរួចមក មានការស្ងប់ស្ងាត់ជាង១ខែមកហើយ មិនមានបទល្មើសកើតឡើងទៀតឡើយ ហើយទៅថ្ងៃខាងមុខ ប្រសិនបើមានហាងណាមួយបន្តល្មើស នឹងចុះបិទបន្តទៀត មិនលើកលែងឡើយ ។
ដោយឡែក មន្ត្រីនគរបាលមួយរូបបានប្រាប់ថា តាមស្ថិតិដែលស្រង់បានកាលពីអំឡុង៦ខែដើមឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិសាស្ត្រសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានហាងម៉ាស្សា កោសជប់ជាង៣០កន្លែង និងហាងខារ៉ាអូខេKTV ភោជនីយដ្ឋានផងនិងខារ៉ាអូខេKTV និងហាងបៀរហ្គាដិនសរុប៥២កន្លែង ដោយមិនបានបូកបញ្ចូលនូវក្លិបឌីស្កូនោះឡើយ ។ ប៉ុន្តែរហូតមកដល់ពេលនេះមានចំនួនថយចុះ ដោយសារហាងខ្លះត្រូវបានបិទដោយសារប្រព្រឹត្តល្មើស និងខ្លះទៀតបិទដោយខ្លួនឯងព្រោះរកស៊ីខាត ។
មិនតែប៉ុណ្ណោះ ចាប់តាំងពីហាងទាំងនោះរីកដុះដាលមក បានបង្កឲ្យមានភាពស្មុគស្មាញមិនតិចឡើយ ព្រោះអ្នកដែលចូលទៅផឹកសុី ច្រៀងខារ៉ាអូខេសប្បាយមានគ្រប់សមាសភាព មានទាំងអ្នកមានកាំភ្លើងនិងអ្នកអត់កាំភ្លើង ។ ដោយសារបែបនេះ ទើបតែងកើតមានការប៉ះពាក្យសម្ដីគ្នាក្លាយជាជម្លោះជាបន្តបន្ទាប់ ចំណែកម្ចាស់ហាងក៏បានបណ្ដោយឲ្យបុគ្គលិកធ្វើសកម្មភាពចាប់ម៉ូយតាមផ្លូវយ៉ាងអនាធិបតេយ្យថែមទៀតផង ៕

ចែករំលែកព័តមាននេះ