ខេត្តកំពង់ស្ពឺ ៖ សម្រាប់អ្នករស់នៅស្រុកថ្ពងអ្នកណាក៏ស្គាល់ទឹកធ្លាក់ ឬទឹកជ្រោះជ្រាវដែរ ជាពិសេសអ្នករស់នៅឃុំអមលាំង។ មូលហេតុដែលជាប់ឈ្មោះជាទឹកជ្រោះជ្រាវនេះដោយសារមានប្រវត្តិទាក់ទងទៅនឹងសេ្តចមួយអង្គនាំមហេសីទៅប្រពាតព្រៃនិងបរបាញ់សត្វ ហើយជ្រុះបាត់ព្រះទម្រង់។ ស្តេចឱ្យសេនាអាមាត្យនាំគ្នាចុះជ្រាវ ឬរាវរកព្រះទម្រង់ទើបជាប់ឈ្មោះជាទឹកជ្រោះជ្រាវរហូតសព្វថ្ងៃ ។
បើគេធ្វើដំណើរចេញពីទីរួមខេត្តឆ្ពោះទៅស្រុកថ្ពងតាមបណ្តោយផ្លូវលេខ៥២ចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រចំណាយពេលប្រហែលមួយម៉ោងនឹងទៅដល់ទីប្រជុំជនមួយដែលអ្នកស្រុកហៅថាផ្លូវបំបែកអមលាំង រួចបន្តដំណើរតាមផ្លូវគក្រួសក្រហមចម្ងាយជាង២០គីឡូម៉ែត្រ នឹងទៅដល់ទឹកជ្រោះជ្រាវមិនខាន ។ ប្រជាពលរដ្ឋក្នុងតំបន់ចូលចិត្តនាំគ្នាទៅកម្សាន្តនៅទីនោះក្នុងរដូវចូលឆ្នាំខ្មែរ និងចូលឆ្នាំចិន ឬក៏ដំណាច់ឆ្នាំ រីឯបុណ្យភ្ជុំមិនសូវមានអ្នកទៅកម្សាន្តទេព្រោះតែទឹកដែលធ្លាក់ពីលើភ្នំក្នុងរដូវវស្សាមានសន្ទុះខា្លំងពេក។ ស្ថានភាពនៃទឹកជ្រោះខែប្រាំងមិនសូវខ្លាំង ហើយមានម្លប់ឈើត្រឈឹងត្រឈៃសម្រាប់ឱ្យអ្នកដំណើរកម្សាន្តសម្រាកលំហែកាយ។ ទឹកជ្រោះជ្រាវនេះបច្ចុប្បន្នត្រូវអង្គការអិលដាប់បែលយូឌីតភ្ជាប់បណ្តាញទឹកធ្លាក់ពីលើភ្នំចុះមកក្រោមដើម្បីយកទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់បានជាច្រើនភូមិនៅក្នុងឃុំអមលាំងនៃស្រុកថ្ពងនេះ ។
ទឹកជ្រោះជ្រាវនេះមានប្រវត្តិទាក់ទងទៅនឹងរឿងនិទានដែលតាមចាស់ស្រុកនៅតំបន់នោះតំណាលថា កាលដើមឡើយមានស្តេចមួយអង្គមិនចាំព្រះនាមបាននាំមហេសីទៅប្រពាតនិងបរបាញ់សត្វព្រៃជាការលំហែព្រះកាយ។ រាល់ពេលដែលព្រះអង្គទៅកម្សាន្តនៅទីនោះតែងឈប់សម្រាកត្រង់ទីមួយដែលពីដើមហៅថា កោះពន្លា តែរហូតមកដល់បច្ចុប្បន្នទីទួលនោះក្លាយទៅជាអារាមមួយដែលរហូតសព្វថ្ងៃអ្នកស្រុកហៅថាវត្តកោះជាលា។ ចំណែកទីដែលស្តេចចូលចិត្តទៅបរបាញ់សត្វនោះមានឈ្មោះថា អូរដាដែលរហូតបច្ចុប្បន្នជាប់ឈ្មោះថា ភូមិអូរដា។ ត្រង់ទឹកធ្លាក់ដែលព្រះរាជានិងមហេសីតែងទៅស្រង់ ហើយជាប់ឈ្មោះថា ជ្រាវនោះ គឺដើមហេតុ ដោយសារតែមហេសីព្រះអង្គជ្រុះបាត់ព្រះទម្រង់(ចិញ្ចៀន)។ ក្រុមសេនាអាមាត្យបាននាំគ្នាចុះក្នុងទឹកជ្រាវ ឬរាវរកចិញ្ចៀនទើបជាប់ឈ្មោះទឹកធ្លាក់នោះថាទឹកជ្រោះជ្រាវ ឬទឹកធ្លាក់ជ្រាវរហូតមកដល់បច្ចុប្បន្ន ។
ពាក់ព័ន្ធរឿងរ៉ាវទឹកធ្លាក់នោះគ្មានការអះអាងណាមួយពិតប្រាកដទេគ្រាន់តែជាការនិយាយតៗគ្នាប៉ុណ្ណោះ។ បើទោះជាគ្មានការអះអាងជាក់លាក់ក៏ដោយ ក៏ទីនោះបានក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់អ្នកស្រុករួចទៅហើយ ។ មានការលើកឡើងថាទឹកជ្រោះជ្រាវនេះបើសិនជាមានក្រុមហ៊ុនឯកជនណាមួយទៅវិនិយោគច្បាស់ជាក្លាយជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតនៅេខត្តកំពង់ស្ពឺ ។លោកកេត សុខុម ប្រធានមន្ទីរទេចរណ៍ខេត្ត ឱ្យដឹងថា ទឹកធ្លាក់ជ្រាវនោះលោករួមនិងក្រុមការងារមន្ទីរធ្លាប់ទៅសិក្សាដល់កន្លែងជាក់ស្តែងម្តងមកហើយ។ ទីនោះទឹកធ្លាក់មានបីដំណាក់ឯណោះ ហើយស្ថានភាពទឹកត្រជាក់និងថ្លាឈ្វេងដូចកញ្ចក់។ មន្ទីរធ្លាប់បានរៀបចំឯកសារបញ្ជូនទៅក្នុងកម្មវិធីថ្នាក់ជាតិដើម្បីសុំថវិកាយកអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ទេសចរណ៍ តែត្រូវរាំងស្ទះដោយសារមិនមានថវិកាគ្រប់គ្រាន់។ លោកប្រធានមន្ទីរបន្តថានៅដើមឆ្នាំ២០១៣លោកនឹងរៀបចំឯកសារដាក់ទៅថ្នាក់ជាតិម្តងទៀត ដើម្បីយកថវិកាទៅអភិវឌ្ឍតំបន់នោះឱ្យក្លាយជាកន្លែងទេសចរណ៍សម្រាប់់ភ្ញៀវជាតិ និងអន្តរជាតិកម្សាន្ត ៕
ចែករំលែកព័តមាននេះ