ខេត្តសៀមរាប ៖ យុវជនវ័យ២២ឆ្នាំម្នាក់បែកថ្នាំបានយកដបទឹកលាងបង្គន់អនាម័យ រូបក្បាលទា មួយដប និងដែកកេះ ពណ៌លឿងមួយ មកចាក់ពីលើខ្លួន ដើម្បីដុតសម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ កាលពីវេលាម៉ោង ៧និង៣០ព្រឹក រហូតដល់ម៉ោងជិត១១ថ្ងៃត្រង់ទើបសមត្ថកិច្ចដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ផ្លូវលំ ភូមិជន្លង់ សង្កាត់សាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប ។

លោកអនុសេនីយ៍ឯក ពេជ្រ ស្រមោល នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់សាលាកំរើក បានឲ្យដឹងនៅវេលាម៉ោង២១នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រពលរដ្ឋរាយការណ៍មកប្រាប់ថា បានប្រទះឃើញយុវជនរងគ្រោះ កំពុងដុតសម្លាប់ខ្លួនឯង ខណៈពេលនោះលោកបានដាក់កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សាលាកំរើក មួយចំនួន ឲ្យចុះទៅមើល ដល់កន្លែងកើតហេតុ ដើម្បីរាយការណ៍ ឡើងទៅថ្នាក់លើ ។ បន្ទាប់ពីកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ បានហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយដឹកយកទៅមន្ទីរពេទ្យ ឯកជន ដើម្បីជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែអកុសល មិនអាចជួយបាន ទៅដល់មន្ទីរពេទ្យក៏បានដាច់ខ្យល់បាត់ទៅហើយ ។

ជនរងគ្រោះឈ្មោះ សួន ប៊ុនថានាថ ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប (ធ្លាប់ញៀនថ្នាំ) ។ ប្រហែលជាជនរងគ្រោះទំនងជាយកថ្នាំលាងបង្គន់អនាម័យថា ជាសាំង ព្រមទាំងកម្ទេចសំរាមផងនោះ រួចដុតសម្លាប់ខ្លួនឯងនៅចំនុចកើតហេតុខាងលើនេះតែម្ដង ព្រោះគាត់ញៀនថ្នាំយូរណាស់មកហើយ នេះបើតាមសម្តីរបស់អ្នកជិតខាង និងក្រុមគ្រួសារជនរងគ្រោះ ។
ក្រោយកើតហេតុ ជនរងគ្រោះបានបន្សល់ទុកវត្ថុតាង ឲ្យសមត្ថកិច្ចឃើញនៅកន្លែងកើតហេតុរួមមាន កំប៉ុងថ្នាំលាងបង្គន់សញ្ញារូបទា ចំនួន១កំប៉ុង និងដែកកេះចំនួន១ផងដែរ ។
លោកបានបញ្ជាក់បន្ថែមថា ក្រោយធ្វើកុសលវិច្ឆ័យ រួចមក កម្លាំងជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជា ស្លាប់ដោយសារចាក់ដុតសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមែនករណីឃាតកម្មនោះទេ ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ