ខេត្តបន្ទាយមានជ័យ ៖ បុរសជាជាងផ្សាពិដានផ្ទះម្នាក់បានធ្វើការប្រហែសត្រូវខ្សែភ្លើងតង់ស្យុងខ្ពស់ឆក់ឆេះខ្លួនរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងសាលាក្រុងសិរីសោភ័ណ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ខណៈពេលជនរងគ្រោះបានលើកដែកប៉ះនឹងខ្សែភ្លើងស្រាតតបណ្តាញខ្សែភ្លើងរបស់រដ្ឋនៅតាមដងផ្លូវ៧មករានោះ។
ព័ត៌មានពីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះភូ ភុយ អាយុ៥០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ព័ត៌មានពីអ្នកឃើញហេតុការណ៍ប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះរួមទាំងជាងដែកជាច្រើននាក់ទៀតកំពុងផ្សាពិដានផ្ទះឈ្មោះមឿន សីហា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។ បន្ទាប់មកជនរងគ្រោះបានឡើងទៅផ្នែកខាងលើផ្ទះដើម្បីផ្សាពិដានផ្ទះរំពេចនោះមានកម្មករម្នាក់នៅខាងក្រោមបានហុចឆ្អឹងដែកឱ្យជនរងគ្រោះក៏ចាប់ទាញយកឡើងទៅលើមិនប្រយ័ត្នប៉ះ និងខ្សែភ្លើងស្រាតដែលតបណ្តាញរត់កាត់នៅលើដំបូលផ្ទះនោះបណ្តាលឱ្យឆក់ជនរងគ្រោះឆេះអស់មួយចំហៀងខ្លួនរងរបួសធ្ងន់ ។ ម្ចាស់ផ្ទះ និងកម្មករក៏បានជួយនាំគ្នាជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណតែដោយសារអាការរបួសធ្ងន់ធ្ងរពេកក៏បានដឹកបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
ការសាងសង់ផ្ទះនៅក្រោមបង្គោលខ្សែភ្លើងកម្រិតខ្ពស់នៅលើចំណីផ្លូវសាធារណ បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីឱ្យដឹងថា រាល់ការសាងសង់ផ្ទះឬសំណង់អគារណាមួយយ៉ាងហោចណាស់មិនឱ្យនៅជិតជាង៣ម៉ែត្រពីខ្សែបណ្តាញអគ្គីសនីនោះឡើយ ៕
ចែករំលែកព័តមាននេះ