រាជធានីភ្នំពេញ ៖ ហូលគឺជាអត្ដសញ្ញាណមួយរបស់ខ្មែរ ។ ហូលខ្មែរមានក្បាច់រចនា ច្រើនប្រភេទ ។ ក្នុងចំណោមក្បាច់ដ៏ស្រស់ស្អាតទាំងអស់ ក្បាច់ផ្កាចន្ទន៍ គឺជាប្រភេទហូល ដែលគេពេញនិយមស្លៀកពាក់ជាងគេនៅប្រទេសកម្ពុជា ។
ក្បាច់ផ្កាចន្ទន៍មានប្រវត្តិទាក់ទងនឹងរឿងព្រេងបុរាណដ៏ល្បីល្បាញរបស់ខ្មែរយើងផងដែរ គឺរឿង«ព្រះថោងនាងនាគ» ។
ផ្កាចន្ទន៍ជានិមិត្តរូបឱ្យនារីខ្មែរ គឺនាងនាគ(ក្នុងរឿងព្រេងព្រះថោងនាងនាគ) ដែលជាម្ចាស់ទឹកដីនៃដែនសុវណ្ណភូមិខ្មែរ ។ នេះបើតាម លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍នៅក្នុងពិធីបើកមហោស្រពសិល្បៈជាតិឆ្នាំ២០១៧ ស្តីពីសិល្បៈតម្បាញ នៅបណ្ណាល័យជាតិ កាលពីថ្ងៃទី២៣ វិច្ឆិកា ។ លោកជំទាវបានពន្យល់ថា «ពាក្យថានាងនាគនេះ ខ្មែរយើងចាត់ទុកថាជាមេទឹក ។ នៅពេលដែលនិយាយពីនាគ យើងគិតថា នាគមានស្រកា សំពត់ហូលដែលស្រីៗស្លៀកហ្នឹង គឺថា លើកក្រឡាគោមទៅតាមក្បាច់ស្រកានាគ ដូច្នេះហើយទើបវាមាននៅក្នុងក្រឡានីមួយៗ គឺថាយើងមានផ្កាទៅទៀត ដូច្នេះហើយទើបថ្ងៃនេះយើងមានប្រធានបទក្បាច់ផ្កាចន្ទន៍»។

ការណ៍ដែលនារីខ្មែរស្លៀកសំពត់ហូល ឬមានសិល្បៈត្បាញសំពត់សូត្រនេះ មិនមែនជារឿងចៃដន្យនោះទេ ហើយការច្នៃជាក្បាច់ ផ្សេងៗក៏មិនមែនជាកិច្ចការងាយស្រួលនោះដែរ ដែលនេះជាការប្រឹងប្រែងរបស់បុព្វបុរសខ្មែរ ដែលបានប្រឹងប្រែងច្នៃប្រឌិតតាំងពីការរវៃយកសូត្រអំពីនាង ហូតទៅច្នៃជាអំបោះត្បាញជាគោម និងជ្រលក់ពណ៌ រហូតចេញជាក្រណាត់មួយផ្ទាំងសម្រាប់បំពាក់លើរាងកាយ ។
បើតាមបុរសអ្នកត្បាញហូលម្នាក់នៅខេត្តតាកែវ ឱ្យដឹងថា ការត្បាញក្បាច់ផ្កាចន្ទន៍មិនស្រួលទេ ហើយប្រើរយៈពេលយូរគួរសម ។ ក្នុងមួយក្បិនត្រូវចំណាយរយៈពេលជាង១០ថ្ងៃ។ ចំណែកតម្លៃគឺចាប់ពី១៧០ដុល្លារក្នុងមួយក្បិន ។

ដើម្បីចូលរួមថែរក្សាកេរដំណែលតាំងពីសម័យបុរាណមក នៅឆ្នាំ២០១៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកប្រធានបទ«ការរចនាក្បាច់លម្អគោមផ្កាចន្ទន៍លើសំពត់ហូលខ្មែរ» ដើម្បីជ្រើសរើសអ្នកមានស្នាដៃសិល្បៈតម្បាញសូត្រ ។
លោកជំទាវភឿង សកុណា ឱ្យដឹងថា ប្រធានបទក្បាច់ក្រឡាគោមផ្កាចន្ទន៍ដែលក្រសួងបានលើកយកមកប្រកួតប្រជែងនេះ មិនមែនជាការចៃដន្យទេ តែបានបង្កប់ខ្លឹមសារដ៏មានអត្ថន័យរបស់ជាតិខ្លួន ។ តាមឯកសារប្រវត្តិសាស្ត្ររបស់អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាបញ្ជាក់ឱ្យឃើញថា ខ្មែរយើងចេះតម្បាញតាំងពីសម័យប្រវត្តិសាស្ត្រមក ដូចមានភស្តុតាងនៅតំបន់ស្ថានីយម្លូរព្រៃ ខេត្តព្រះវិហារ និងស្ថានីយសំរោងសែនខេត្តកំពង់ឆ្នាំង គេបានរកឃើញឧបករណ៍តម្បាញជាច្រើនដែលធ្វើអំពីដីដុត។

យោងតាមឯកសារអ្នកការទូតចិនលោកជីវ តាខ្វាន់ អះអាងថា នៅសតវត្សទី១៣ ខ្មែរចេះត្បាញហូល ផាមួង មានក្បាច់ផ្កាភ្ញី ល្អៗ មានតម្លៃខ្ពស់ រីឯក្នុងព្រះរាជពិធីនៅក្រុងអង្គរព្រះរាជាស្លៀកសំពត់ហូល ពណ៌មាសល្អជាងគេ ហើយមន្ត្រីតូចធំតាមលំដាប់ស្លៀកពាក់សំពត់ហូលដែលមានក្បាច់ផ្កា តិចៗ ឬច្រើនទៅតាមឋានៈ ខុសៗគ្នា ដូចមានរូបចម្លាក់ដែលឆ្លាក់នៅតាមជញ្ជាំងប្រាសាទបុរាណទាំងឡាយជាភស្តុតាង ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែង៖«ខ្មែរយើងស្លៀកសំពត់ហូលតាំងពីសម័យអង្គរ ហើយមុនអង្គរទៅទៀតនៃការចេះត្បាញរបស់យើង ហើយយើងមើលទៅក្នុងរូបចម្លាក់នៅអង្គរ លោកជីវតាខ្វាន់គាត់សរសេរក្បាច់ផ្កា មួយៗ គឺបង្ហាញអំពីឋានៈ វណ្ណៈ ។ ប្រជាជនធម្មតាមិនអាចប្រើសំពត់ដែលមានផ្កាច្រើនបានទេ ផ្ការង្វើលជាទីបំផុត ហើយនៅចុងជាយទៀត។ អ៊ីចឹងបើយើងមើលទៅលើរូបចម្លាក់របស់នារីដែលនៅតាមអង្គរ មានផ្កា ខុសៗគ្នា ផ្កាខ្លះញឹកទៅ ផ្កាខ្លះស្រាលទៅ ផ្ការបស់ព្រះមហាក្សត្រ គឺមិនអាចអ្នកផ្សេងប្រើបានទេ ។

ក្រសួងនឹងព្យាយាមខិតខំថែរក្សាឱ្យបានគង់វង្សនូវសិល្បៈតម្បាញនេះ ខណៈ ចាស់ៗដែលចេះជំនាញនេះបានបាត់បង់ជីវិត បណ្តើរៗដែលធ្វើឱ្យសិល្បៈប្រភេទនេះឆាប់រលុបបានប្រសិនបើមិនមានក្មេងជំនាន់ក្រោយថែរក្សា »។
ហូលគឺជាសំពត់សូត្ររបស់ខ្មែរ ត្បាញដោយសូត្រចងគាតលើកជាគោម ជាក្រឡាក្បាច់រចនាវិចិត្រ ផ្សេងៗតាមចំពោះ និងសេចក្តីពេញចិត្តនៃអ្នកត្បាញ និងជាការយ៉ាងល្អិតធ្វើដោយផ្ចិតផ្ចង់របស់ស្ត្រីខ្មែរ ។ ហូលជាសម្លៀកបំពាក់បុរាណខ្មែរ ដែលបង្ហាញពីចរិយាមារយាទ សេចក្តីថ្លៃថ្នូររបស់មនុស្ស ភាពទន់ភ្លន់ រួសរាយ និងបង្ហាញពីអរិយធម៌ដ៏អស្ចារ្យរបស់ខ្មែរ។ ប្រជាជនដែលនិយមផលិតហូលផាមួងច្រើនជាងគេ គឺអ្នកខេត្តតាកែវ ៕
ចែករំលែកព័តមាននេះ