ពុទ្ធោ! គ្រាន់តែចូលឱ្យស្រួលខ្លួនម្តង អស់លុយ៣០០ដុល្លារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កន្លែងម៉ាស្សាកោសជប់ជាច្រើនកន្លែងភាគច្រើនគ្មានច្បាប់ ហើយភ្ញៀវចូលម៉ាស្សាម្តងៗតែងតែបាត់លុយ ជាក់ស្តែងកាលពីម៉ោង២០និង៤៥នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសម្នាក់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ន សុំប្តឹងហាងម៉ាស្សាកោសជប់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ខណៈគាត់បានទៅម៉ាស្សានៅហាងនោះ ហើយបាត់លុយ៣០០ដុល្លារ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានទៅនាំខ្លួនស្ត្រី២នាក់មកសាកសួរផងដែរ។

បុរសរងគ្រោះឈ្មោះ ប៉ុល ច័ន្ទតារា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទូកមាស ឃុំទូកមាសខាងលិចស្រុកមន្ទាយមាស ខេត្តកំពត ចំណែកស្ត្រីសង្ស័យ ១-ឈ្មោះ ស កូឡាប អាយុ២០ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅភូមិត្រពាំល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ហេង ធូ អាយុ៣០ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅភូមិត្រពាំល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។


ក្រោយពីទទួលពាក្យបណ្តឹងភ្លាមលោកអនុសេនីយ៍ឯក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍នគរបាល បានដឹកនាំកម្លាំងទៅអញ្ជើញម្ចាស់ហាងមកកាន់ប៉ុស្តិ៍ ដើម្បីឆ្លើយបំភ្លឺ ក្នុងនោះផងដែរស្ត្រីម្នាក់ឈ្មោះ ស កូឡា សារភាពថា លុយរបស់ភ្ញៀវខាងលើ គឺស្ត្រីឈ្មោះ ហេង ធូ ជាអ្នកលួចយករបស់ភ្ញៀវ ប៉ុន្តែពេលសមត្ថកិច្ចសាកសួរគឺស្ត្រី ហេង ធូ នេះ មិនបានសារភាពឡើយ ។ សមត្ថកិច្ចបន្តថា ស្ត្រី ហេង ធូ នេះ ត្រូវសមត្ថកិច្ចចាប់ឡើងភ្លេចទៅហើយរឿងដដែលៗនេះ និងកសាងសំណុំរឿងទៅសាលាដំបូង៣ដងមកហើយ ប៉ុន្តែមិនដែលជាប់បានយូរឡើយ ។ បច្ចុប្បន្នស្ត្រីទាំង២នាក់ត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។


ចែករំលែកព័តមាននេះ