ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ​ក្លាយជា​ភ្នំ​កម្ពស់​ជាង​50​ម៉ែត្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ទីលាន​ចាក់សំរាម និង​កាក​សំណល់​ផ្សេង​ៗ ដែល​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្មេង​អនាថា​រាប់រយ​នាក់​តែង​នាំ​គ្នា​ទៅ​រើស​សំរាម​ជា​ប្រចាំ​នោះ បច្ចុប្បន្ន​ទីនោះ​បាន​ប្រែក្លាយ​រូបរាង​មក​ជាទី​ទួល​ដែល​ត្រូវ​បោះបង់​ចោល​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ និង​មាន​ស្មៅ​ដុះ​ហ៊ុម​ព័ទ្ធ​ដូច​ភ្នំ ។ នោះ​គឺ​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ អតីត​ទីលាន​ចាក់សំរាម និង​កាក​សំណល់​ផ្សេង​ៗ ដែល​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្មេង​អនាថា​រាប់រយ​នាក់​តែង​នាំ​គ្នា​ទៅ​រើស​សំរាម​ជា​ប្រចាំ​នោះ បច្ចុប្បន្ន​ទីនោះ​បាន​ប្រែក្លាយ​រូបរាង​មក​ជាទី​ទួល​ដែល​ត្រូវ​បោះបង់​ចោល​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ និង​មាន​ស្មៅ​ដុះ​ហ៊ុម​ព័ទ្ធ​ដូច​ភ្នំ ។ នោះ​គឺ​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ដែល​មាន​ផ្ទៃដី​ជិត​៦​ហិ​កតា និង​មាន​កម្ពស់​ជាង​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

កំឡុង​ពេល​អតីត​ទីលាន​ចាក់សំរាម​នេះ​ពុំ​ទាន់​បាន​ទុក​ចោល ពោល​គឺ​ប្រមាណ​ជាង​១០​ឆ្នាំ​មុន គេ​តែង​សង្កេត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ប្រកប​របរ​រើស​អេ​ត​ចាយ​ដើម្បី​ចិញ្ចឹម​ជីវិត តែង​នាំ​គ្នា​ទៅ​កាន់​ទីលាន​ចាក់សំរាម​មួយ​នេះ ដើម្បី​កាយ​យក​ថង់ និង​គ្រឿង​អេ​ត​ចាយ​ដូច​ជា ជ័រ ដែក ស្ពាន់ និង​អាលុយមីញ៉ូម​ជាដើម ដែល​អាច​យក​ទៅ​លក់​បាន​ប្រាក់​បន្តិចបន្តួច​ត្រឡប់​មក​វិញ គ្រាន់​ចិញ្ចឹមជីវិត​និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ប្រជាពលរដ្ឋ​ដែល​ទៅ​រើស​អេ​ត​ចាយ​នៅ​អតីត​ទីលាន​ចាក់សំរាម​និយាយ​ថា ពួក​គាត់​អាច​រក​ចំណូល​បាន​ចាប់ពី​៣​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ខ្លះ​អាច​រក​បាន​តែ​១៥.០០០​រៀល​ក៏​មាន​ដែរ ព្រោះ​សំរាម​ដែល​ប្រមូល​មក​ពី​ទីប្រជុំជន នៅ​ថ្ងៃ​ខ្លះ​ពុំ​មាន​គ្រឿង​អេ​ត​ចាយ ដូច​ជា​ដប​ទឹកបរិសុទ្ធ និង​សម្បក​កំប៉ុង​ទឹកក្រូច​ច្រើន​ទេ ដូច្នេះ​ហើយ​ចំណូល​ក៏​ពុំ​សូវ​រកបាន​ច្រើន​ទៅ​តាម​នោះ​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​កំឡុង​១០​ឆ្នាំ​មុន លំនៅ​ឋាន​នៅ​ក្បែរ​នោះ គឺជា​ប្រភេទ​ផ្ទះ​ខ្ទម​តូច​ៗ
សង់​ឡើង​ពី​ឈើ​ប្រក់ស​ង្ក័​សី​ចាស់​ៗ ឬ​ប្រក់ស្បូវ ដែល​បងប្អូន​ពលរដ្ឋ​ក្រីក្រ​ជ្រកកោន​ដើម្បី​​ប្រកប​របរ​រើស​អេ​ត​ចាយ​នៅ​អតីត​ទីលាន​ចាក់សំរាម​ខាងលើ ។ ប៉ុន្តែ​បើ​យើង​ក្រឡេក​​មក​មើល​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ លំនៅ​ឋាន​ប្រភេទ​ខ្ទម​ប្រក់​ស្បូវ​នោះ​ស្ទើរតែ​១០០​ភាគរយ​ពុំ​មានដូច​មុន​ទៀត​ឡើយ គឺ​ប្រែក្លាយ​មក​ជា​លំនៅ​ឋាន​ប្រភេទ​ផ្ទះថ្ម​តូច​ធំ​មួយ​ចំនួន​មក​វិញ ខណៈ​ដែល​ទីលាន​ចាក់សំរាម​ចាស់​ត្រូវ​បញ្ឈប់​លែង​អនុញ្ញាត​ឲ្យ​ចោល​សំរាម ហើយ​ផ្លាស់​ប្តូរ​ពី​ទីតាំង​ចាស់​ទៅ​កាន់​ទីតាំង​ថ្មី ស្ថិត​ក្នុង​ទឹកដី​នៃ​សង្កាត់​ជើងឯក ខណ្ឌដង្កោ វិញ ។

លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ប្រាប់​កោះសន្តិភាព​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង WhatsApp កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ថា អតីត​ទីលាន​ចាក់សំរាម​ខាង​លើ​នេះ លោក​ក្តាប់​ព័ត៌មាន​មិនសូវ​ជុំ​ទេ ព្រោះ​ជា​ការងារ​របស់​សាលា​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​លោក​បានដឹង​ខ្លះ​ៗ​ត្រឹម​ថា ទីលាន​នេះ​ដូច​ជា​បាន​វិនិយោគ​ឲ្យ​ទៅ​ដៃគូរ​ឯកជន​មួយ​រួច​ហើយ ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ តែ​លោក​មិនដឹង​ថា​គេ​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​នេះ​ឲ្យ​ទៅ​ជា​អ្វី​ឲ្យ​ប្រាកដ​ឡើយ ។

លោក​អភិបាល​ខណ្ឌ​បន្ថែម​ថា តាម​ការ​សន្និដ្ឋាន នៅ​ថ្ងៃ​អនាគត​តំបន់​នេះ​អាច​អភិវឌ្ឍន៍
ទៅ​ជា​សាលារៀន ផ្សារ​ទំនើប ឬ​ជា​មន្ទីរពេទ្យ​ជាដើម ប៉ុន្តែ​អ្វី​ឱ្យ​ប្រាកដ​១០០​ភាគរយ​នោះ​លោក​ពុំ​ដឹង​ច្បាស់​នៅឡើយ​ទេ ។

គួរ​រំឭក​ថា កាលពី​កំឡុង​ឆ្នាំ​១៩៩៥ មាន​អង្គការ​មួយ​ឈ្មោះ «​អង្គការ​ស្នាមញញឹម​នៃ​កុមារ​-PSE» ដែល​បាន​បង្កើត​ឡើង​ដោយ​ប្តី​ប្រពន្ធ​ជា​ជនជាតិ​បារាំង​គឺ លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យែ​រ និង​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យែ​រ បាន​ជួយ​សង្គ្រោះ​និង​កែប្រែ​វាសនា​ក្មេង​ៗ​រាប់​ពាន់​នាក់​ដែល​រស់នៅ​ជាមួយនឹង​គំនរ​សំរាម​ខាងលើ ឲ្យ​រួច​ផុត​ពី​ភាព​តោកយ៉ាក លំបាក​ក្រីក្រ និង​គ្មាន​ទីពឹង ទីជម្រក​ជាដើម ។

អង្គការ​មួយ​នេះ បាន​យក​កុមារ​តូច​ៗ​ខាងលើ ទៅ​អប់រំ​ណែនាំ​ឱ្យ​រៀនសូត្រ​តាម​កម្រិត​នៃ​សាលា​រដ្ឋ បង្ហាត់បង្រៀន​ទាំង​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ផ្សេង​ៗ និង​ជួយ​រក​ការ​ងារ​ឱ្យ​ពួក​គេ​ធ្វើ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផង​ដែរ ។ បន្ថែម​ពី​នេះ អង្គការ​ក៏​មាន​ផ្តល់​ទី​កន្លែង​ស្នាក់​នៅ​ដល់​ក្មេង​ៗ​ដែល​ភាគច្រើន​មក​ពី​ជនបទ និង​មួយ​ចំនួន​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​បារាំង​ដែល​ជា​ស្ថាបនិក​អង្គការ PSE បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ទិញ​ដី​ដ៏​ធំ​មួយ​ទំហំ​ជាង​១​ហិ​កតា ដើម្បី​សាងសង់​ជា​អគារសិក្សា បណ្ណាល័យ បន្ទប់​ហូប​ចុក ស្នាក់​នៅ និង​អគារ​រដ្ឋបាល​ទូទៅ​ជា​ច្រើន​ទៀត សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​រៀនសូត្រ និង​ការ​រស់នៅ​របស់​ក្មេង​ៗ​ទាំងនោះ ។

លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យែ​រ (Christian GAUQUELIN des PALLIERES) ដែល​សិស្ស​ទូទៅ​ហៅ​លោក​ថា «​ប៉ា​ប៉ា​-PAPA» និង​ជា​ស្ថាបនិក​នៃ​អង្គការ​ខាងលើ​នេះ បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ជរាពាធ​ក្នុង​វ័យ​៨២​ឆ្នាំ ។ លោក និង​ភរិយា គឺ​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យែ​រ
ជា​ជនជាតិ​បារាំង និង​បាន​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០​មក​ម្ល៉េះ​។

ពួក​គាត់​បាន​ស្នើ​ទៅ​ដល់​ព្រះមហាក្សត្រ ដើម្បី​សុំ​ចូល​ជា​សញ្ជាតិ​ខ្មែរ ក៏​ត្រូវ​បាន​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហ​នុ ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​ឲ្យ​ចូលសញ្ជាតិ​ខ្មែរ តាំងពី​ឆ្នាំ​២០០៤ ។

គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​កុមារ​តូច​ៗ​ដែល​អង្គការ​យក​មក​ចិញ្ចឹម​បីបាច់​តាំងពី​ឆ្នាំ​១៩៩៥​មក​នោះ ម្នាក់​ៗ​បាន​ចេញ​ធ្វើ​ការងារ​នៅ​តាម​បណ្តា​ស្ថាប័នរដ្ឋ និង​ឯកជន ឬ​តាម​ជំនាញ​ផ្សេង​ៗ អស់ហើយ​ដែរ ទៅ​តាម​បទ​ពិសោធន៍ និង​ចំណេះដឹង​ដែល​បាន​ឆ្លងកាត់​ការ​រៀន​សូត្រ់​ពី​អង្គការ​PSE រួច​មក ។ នេះ​បើ​តាម​តំណាង​អង្គការ​បាន​ប្រាប់​ភ្នាក់ងារ​កោះ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ