ខេត្តកំពង់ឆ្នាំង ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប មានគម្រោងបង្កើតឲ្យមានកន្លែងលក់សំបុត្រ នៅតាម រមណីដ្ឋានប្រវត្តិសាស្ត្រនានាក្នុងព្រះជាណាចក្រកម្ពុជា សម្រាប់ខេត្តកំពង់ឆ្នាំង ក៍មានរមណីដ្ឋានប្រវត្តិ សាស្ត្រច្រើនណាស់ដែរ ។

លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរស័ព្ទដល់ភ្នាក់ងារ យើង កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកាថា សម្រាប់ខេត្តកំពង់ឆ្នាំង មានរមណីដ្ឋានច្រើនណាស់ដូចជា នៅវត្តកំពង់ត្រឡាចលើ នៅរមណីដ្ឋានលង្វែក ក្នុងស្រុកកំពង់ត្រឡាច នៅប្រាសាទកំពង់ព្រះស្រុកបរិបូរណ៌ និងនៅប្រសាទមួយចំនួននៅស្រុកកំពង់លែងជាដើម ។ ប៉ុន្តែការរៀបចំឲ្យមានការលក់សំបុត្រនោះ គឺសម្រាប់តែភ្ញៀវទេសចរណ៍បរទេសតែប៉ុណ្ណោះ ។ វត្តកំពង់ត្រឡាចលើមាន គំនូរបុរាណជិត៤០០ឆ្នាំ លើជញ្ជាំងព្រះវិហារ គឺក្នុងសតវត្យទី១៦ គំនូរនេះរៀបរាប់ពីជីវភាពរស់នៅប្រជាពលរដ្ឋដូចប្រាសាទបាយ័នដែរ ។ លោកបានបញ្ជាក់ថា គំនូរបុរាណនៅលើជញ្ជាំងព្រះវិហារវត្តកំពង់ត្រឡាចលើ គឺពិតជាមានតម្លៃខ្លាំងណាស់កន្លងមក ក្រសួងបានធ្វើការជួសជុលចំនួន២ដងហើយ ។

ព្រះគ្រូចៅអធិការវត្ត ព្រះនាម ម៉ែន តុត ធ្លាប់មានថេរដីកាថា គំនូរបុរាណក្នុងព្រះវិហារវត្ត នៅលើជញ្ជាំងផ្នែកខាងត្បូង គឺខូចខាតខ្លាំងជាងគេ រលប់ស្ទើមើលលែងឃើញទៅហើយ ចំណែកខាងជើងខាងមុខ និងខាងក្រោយអាចមើលបានខ្លះ ។ ការខូចខាតនេះដោយសារតែដំបូលព្រះវិហារលិចទឹកហូរស្រក់លើផ្ទាំងគំនូរបណ្តាលឲ្យខូចខាតនេះមួយផ្នែកមួយផ្នែកទៀត គឺដោយសារសម័យ ប៉ុល ពត ។ ព្រះអង្គបានសំណូមថាបើអាចធ្វើបានសូមខាងក្រសួងមកជួយជួសជុល ជញ្ជាំង ឬធ្វើយ៉ាងណាឲ្យគំនូរនោះបានមើលច្បាស់ជាងនេះផង ។

សូមបញ្ជាក់ថា វត្តពោធិរុក្ខរាម ហៅវត្តកំពង់ត្រឡាចលើក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុក កំពង់ត្រឡាច ដែលជាវត្តវ័យចំណាស់ជាងគេក្នុងខេត្តកំពង់ឆ្នាំង ៕

ចែករំលែកព័តមាននេះ