ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មើល​ទំនៀម​រៀប​អាពាហ៍​ពិពាហ៍​របស់​ខ្មែរ​អ៊ិស្លាម តើ​ខុសគ្នា​បែប​ណា?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាពាហ៍ពិពាហ៍ គឺជា​ការ​បង្ហាញ​ពី​ជិ​វិត​យុវវ័យ​របស់​កូនកំលោះ​កូនក្រមុំ​ឈាន​ដល់​ដំណាក់​ចុង​ក្រោយ ហើយ​អ្នក​ទាំង​ពីរ​នឹង​ឈាន​ដល់​ជីវិត​មួយ​ដែល​ត្រូវ​រួមរស់​ជាមួយ​គ្នា បង្កើត​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​រស់នៅ​លើ​ភព​ផែនដី​បន្ត​ទៀត ។ សម្រាប់​សាសនា​អ៊ិ​ស្លា​ម ការ​រៀប​អា​ពា​ហ៍ ពិពាហ៍​គឺ​ត្រូវធ្វើ​ទៅ​តាម​ច្បាប់​អ៊ិ​ស្លា​ម​ដែល​បាន​កំណត់​នៅ​ក្នុង​គម្ពីរ​អាល់​គួរ​អាន…

រាជធានី​ភ្នំពេញ ៖ អាពាហ៍ពិពាហ៍ គឺជា​ការ​បង្ហាញ​ពី​ជិ​វិត​យុវវ័យ​របស់​កូនកំលោះ​កូនក្រមុំ​ឈាន​ដល់​ដំណាក់​ចុង​ក្រោយ ហើយ​អ្នក​ទាំង​ពីរ​នឹង​ឈាន​ដល់​ជីវិត​មួយ​ដែល​ត្រូវ​រួមរស់​ជាមួយ​គ្នា បង្កើត​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​រស់នៅ​លើ​ភព​ផែនដី​បន្ត​ទៀត ។

សម្រាប់​សាសនា​អ៊ិ​ស្លា​ម ការ​រៀប​អា​ពា​ហ៍ ពិពាហ៍​គឺ​ត្រូវធ្វើ​ទៅ​តាម​ច្បាប់​អ៊ិ​ស្លា​ម​ដែល​បាន​កំណត់​នៅ​ក្នុង​គម្ពីរ​អាល់​គួរ​អាន និង​តាម​សម្ដី​របស់​ណា​ហ្ពី មិន​ត្រូវធ្វើ​ទៅ​តាម​ការ​នឹក​ឃើញ ឬ​ទៅ​តាម​សង្គម​សព្វថ្ងៃ​ឡើយ ។ មុន​នឹង​ឈាន​ដល់​ថ្ងៃ​មង្គលការ​អ៊ិ​ស្លា​ម​តម្រូវ​ឲ្យ​ខាង​ប្រុស​ចូល​ស្ដីដណ្ដឹង​ខាង​ស្រី ដោយ​មានការ​ឯកភាព​រវាង​ឪពុក​ម្ដាយ​ទាំង​សង​ខាង និង​កូនស្រី​កូនប្រុស​ដូច​គ្នា ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ពី​ខាង​ណាមួយ​ឡើយ ។

លោក​សាំ សើ​រី​ហ្វះ ជា​ហា​កឹ​ម ប្រចាំ​ភូមិ​តា​ដិ​ប កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​រៀបរាប់​ថា បើសិនជា​បុរស​ណា​ពេញចិត្ត​កូនក្រមុំ​អ្នក​ណា​ម្នាក់​ហើយ គឺ​ត្រូវ​តែ​ប្រាប់​ឪពុក​ម្ដាយ​របស់​ខ្លួន​ឲ្យ​ទៅ​ចូល​ស្ដីដណ្ដឹង​កូនស្រី​នោះ​តាម​ប្រពៃណី​ដែល​ច្បាប់​បាន​កំណត់​មក រួច​ហើយ​ត្រូវ​មាន​ចាស់ទុំ ដូច​ជា ទួន ឬ​ហា​កឹ​ម ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ចូល​ស្ដីដណ្ដឹង​នោះ។

លោក​សាំ សើ​រី​ហ្វះ ថ្លែង​ថា​៖ «​បើ​តាម​ច្បាប់​អ៊ិ​ស្លា​ម គឺ​មិន​បាន​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​ឪពុក​ម្ដាយ​បង្ខិតបង្ខំ​នោះ​ទេ លុះត្រាតែ​សងខាង​ស្រឡាញ់​គ្នា ដោយ​មាន​ការ​ចូល​ស្ដីដណ្ដឹង​ត្រឹមត្រូវ និង​មាន​របស់​បញ្ចាំចិត្ត​ដើម្បី​បញ្ជាក់​ថា នាង​ជា​អនាគត​របស់​បុរស​ម្នាក់​ហ្នឹងហើយ ។ ទាក់ទង​នឹង​ការ​ជូន​លុយ ឬ​ថ្លៃទឹកដោះ គឺ​ខាង​ស្រី​មិន​អាច​តម្រូវ​ថា​ត្រូវ​យក​ថ្លៃ​បណ្ណាការ​ចំនួន​ប៉ុន្មាន​ទេ គឺ​ត្រូវ​មើលទៅ​តាម​សមត្ថភាព​របស់​​ក្រុម​គ្រួសារ​ទាំង​សងខាង ហើយ​មួយទៀត គឺ​មើលទៅ​តាម​សង្គម​របស់​យើង មិន​អាច​កាត់​លើស​ហ្នឹង​​បាន​ទេ តែ​ម្យ៉ាងទៀត​កាល​នៅ​សម័យ​ណា​ហ្ពី បើ​ថា​កូនកំលោះ​អាច​ទន្ទេញ​គម្ពីរ​អាល់​​គួរ​អាន​បាន​មួយ​សូ​រោះ នោះ​វា​ជា​តម្លៃ​ថ្លៃទឹកដោះ​របស់​គាត់ នេះ​សម្រាប់​អ្នក​ដែល​គ្មាន​​សមត្ថភាព​ក្នុង​ការ​ជូន​បណ្ណាការ​ទៅ​ខាង​ស្រី​។ ហើយ​បើសិនជា​គ្រួសារ​ទាំង​សង​ខាង​ចង់​សែនព្រេន (​នី​កាស់​) ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ​ហ្នឹង​បាន​ដូច​គ្នា រួច​អ្នក​ទាំង​ពីរ​អាច​រស់នៅ​ជាមួយ​គ្នា​បាន​មួយ​អាទិត្យ​មុន​ថ្ងៃ​រៀប​ការ ដើម្បី​យល់ចិត្ត​ថ្លើម​គ្នា​ថា​តើ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​បាន ឬទេ ។

បន្ទាប់​ពី​មានការ​ចូល​ស្ដីដណ្ដឹង​រួច​សព្វគ្រប់​ទៅ​តាម​ប្រពៃណី​របស់​សាសនា​អ៊ិ​ស្លា​ម​ហើយ សម្រាប់​អ្នក​ដែល​គាត់​មាន​សមត្ថភាព គឺ​គាត់​បាន​រៀបចំ​កម្មវិធី​មង្គលការ ដើម្បី​បង្ហាញ​ដល់​បងប្អូន​ទាំង​សងខាង ឬ​ភ្ញៀវ​ដែល​ចូលរួម​បានដឹង​កូនកំលោះ​ក្រមុំ​មួយគូរ​

នេះ​នឹង​ក្លាយជា​ប្ដី​ប្រពន្ធ​គ្នា​ពេញ​សិទ្ធិ​ចាប់ពី​ថ្ងៃនេះ​តទៅ »​។
អ្នកស្រី​ស៊ូ នួ​ត​អៃ​នី ដែល​ជា​គ្រូបង្រៀន​ផ្នែក​សាសនា​បាន​ថ្លែង​ថា​៖ «​ចំពោះ​ភ្ញៀវ​ដែល​អញ្ជើញ​មក​ចូលរួម​ពិសា​អាហារ​គឺ​ម្ចាស់​ដើមការ ឬ​កូនកំលោះ កូនក្រមុំ​មិន​ត្រូវ​ទទួល​លុយ​ពី​ភ្ញៀវ​ដែល​មក​ចូលរួម​ទេ ព្រោះ​អាពាហ៍ពិពាហ៍​មួយ​នេះ​ជា​ការ​អញ្ជើញ​ភ្ញៀវ​ឲ្យ​គាត់​មក​អបអរសាទរ​ចំពោះ​កម្មវិធី​របស់​កូនកំលោះ​កូនក្រមុំ​តែ​ប៉ុណ្ណោះ មិនមែន​ជា​ការ​រៀបចំ​កម្មវិធី​ដើម្បី​បាន​លុយ​ពី​អ្នក​ណា​ម្នាក់​ទេ​»​។

បើ​តាម​ច្បាប់​អ៊ិ​ស្លា​ម ចំពោះ​កូនក្រមុំ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​នេះ គឺ​មិន​តម្រូវ​ឲ្យ​តុប​តែង​ខ្លួន​ហួស​ពី​ច្បាប់​បាន​កំណត់​ឡើយ តែ​បើសិនណា​ធ្វើ​ប្រការ​ដែល​ច្បាប់​ហាមឃាត់ គឺ​វា​មិន​បាន​ទទួល​ការ​ប្រទាន​ពរ​ពី​អ​ល់​ឡោះ​ជា​ម្ចាស់​នោះ​ទេ ហើយ​បើកាលណា​ធ្វើ​ទៅ​តាម​សូ​ណះ​របស់​អ​ល់ ឡោះ គឺ​យើង​បាន​ប្រទាន​ពរ​(​រ៉ស់​ម៉ះ​)​ពី​ម្ចាស់​របស់​យើង ។

អ្នកស្រី​ស៊ូ នួ​ត​អៃ​នី បញ្ជាក់​ថា​៖ «​ការ​តុបតែង​ខ្លួន​រវាង​កូនក្រមុំ និង​កូនកំលោះ គឺ​ច្បាប់​មិន​ហាមឃាត់​ទេ តែ​កុំ​ឲ្យ​តែ​លើស​ទៅ​នឹង​ប្រការ​ដែល​ប្រាប់​ទៅ​បាន​ហើយ ដូច​ជា​កូនក្រមុំ​ពាក់​សម្លៀក​បំពាក់​រឹប​រាង បញ្ចេញ​សាច់ អាវ​ស្ដើង និង​ការ​បញ្ចេញ​សក់ និង​គល់​ក​ជា​ដើម ដែល​នេះ​សុទ្ធតែ​ជា​ការ​ហាមឃាត់ ។ សូ​ម្បី​តែ​ការ​ធ្វើ​មុខ កោរ​ចិញ្ចើម​ហួសហេតុ​ដើម្បី​ឲ្យ​ប្លែក​ភ្នែក និង​មានការ​ចាប់អារម្មណ៍ ពិសេស​ទាក់ទាញ​ភ្នែក ប្រុស​ៗ​គឺ​មិន​ត្រូវ​ដែរ តែ​ក្នុង​នោះ​វា​មាន​មតិ​ពីរ​ដែល​ម្ខាង​ថា​ត្រូវ និង​ម្ខាង​ទៀត​ថា​មិន​ត្រឹមត្រូវ ព្រោះ​ការ​កោរ​ចិញ្ចើម​នេះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព តែ​បច្ចុប្បន្ន​ដោយសារ​តែ​ការ​ជឿនលឿន និង​តាម​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ឥឡូវ​គឺ​គាត់​ធ្វើ​យ៉ាងណា​ឲ្យ​តែ​ស្អាត និង​មានការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ ។

ការ​រៀប​អាពាហ៍ពិពាហ៍​របស់​សាសនា​អ៊ិ​ស្លា​ម គឺ​មិន​មាន​អ្វី​វែង​ឆ្ងាយ​ទេ បើសិនណា​ជា​យើង​ធ្វើ​ទៅ​តាម​ច្បាប់​អ៊ិ​ស្លា​ម​នោះ តែ​បើសិនជា​យើង​ធ្វើ​វា​ទៅ​តាម​សង្គម ការ​នឹកឃើញ​ថា​ធ្វើ​បែប​នេះ បែប​នោះ​សក្តិ​សម​នឹង​មុខមាត់​របស់​ខ្លួន ដូចនេះ​អាពាហ៍ពិពាហ៍​នោះ​មិន​បាន​ទទួល​សិរី​សួស្ដី​ពី​ព្រះ​ជា​ម្ចាស់​ទេ ហើយ​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ និង​ថវិកា​ច្រើន​ទម្រាំ​តែ​ចប់​កម្មវិធី »​។

លោក​ម៉ៅ យ៉ើ​មេ​ល ជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ​ផ្នែក​ច្បាប់​សាសនា ប្រាប់​ថា «​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃនេះ គឺ​យើង​មើលឃើញ​ថា ការ​ប្រារព្ធ​ពិធី ផ្សេង​ៗ​មាន​លក្ខណៈ​ខុស​គ្នា អ្នកខ្លះ​គាត់​ធ្វើ​ទៅ​តាម​ច្បាប់​អ៊ិ​ស្លា​ម​ដែល​បាន​កំណត់​មក និង​មួយ​ចំនួន​ទៀត​គឺ​គាត់​ធ្វើ​តាម​ប្រពៃណី​ដូនតា​ដែល​ធ្លាប់​ធ្វើ​កន្លង​មក និង​តាម​ការ​នឹកឃើញ​របស់​គាត់​ថា​ធ្វើ​ទៅ​បែប​នេះ​វា​សម ដោយ​ភ្លេច​គិត​ថា​នេះ​មិនមែន​ជា​ការ​ដែល​សាសនា​តម្រូវ​ឲ្យ​ធ្វើ​ទេ ។

សម្រាប់​យើង​ជា​មូ​ស្លុ​ី​ម ការ​រៀប​ការ​ដែល​ត្រឹម​ត្រូវជា​ការ​រៀប​ការ​ទាំងឡាយ​ណា​ដែល​អនុវត្ត​លក្ខខណ្ឌ​ដ៏​សុក្រឹត​តាម​ច្បាប់​អ៊ិ​ស្លា​ម​បាន​កំណត់​មក ដូច​ជា​ត្រូវ​តែ​ជា​ការ​រៀប​ការ​ដែល​ធ្វើ​ឡើង​តាម​រយៈ​ការ​ឯកភាព​ពី​អាណាព្យាបាល​ខាង​កូនស្រី ត្រូវ​ផ្តល់​ថ្លៃ​បណ្ណាការ​សម្រាប់​កូនក្រមុំ​នៅ​ចំនួន​កំណត់​មួយ​ជាក់លាក់ ត្រូវ​មាន​សាក្សី​ដឹង​លឺ ដូច​ជា​ហា​កឹ​ម ទួន ហើយ​ការ​ឯកភាព​រវាង​សាមីខ្លួន​ទាំង​ពីរ​ផង​ដែរ ។

សព្វ​ថ្ងៃនេះ នៅ​ភូមិ​ស្រុក​របស់​យើង​ធ្លាប់តែ​លឺ​ថា​មាន​ពីរ​ក្រុម គឺ​ពួក​«​សាលា​ហ្វ​» ដែល​ឲ្យ​ឈ្មោះ​ថា «​វា​ហ្វ​ប៊ី​» និង​ពួក​«​តាប់​លី​ក​» ដែល​គេ​ឲ្យ​ឈ្មោះ​ថា «​ខាង​ល្ហោ​» ប៉ុន្តែ​បើ​តាម​ច្បាប់​​អ៊ិ​ស្លា​ម​គឺ​មិនមែន​មាន​តែ​ពីរ​ក្រុម​ហ្នឹង​ទេ គឺ​មាន​៧៣​ក្រុម »​។

ដោយឡែក​រវាង​ក្រុម​ទាំង​ពីរ​នេះ គឺ​ការ​រៀប​អាពាហ៍ពិពាហ៍​ខុស​គ្នា ដោយ​ក្រុម «​តាប់​លី​ក​» មាន​ធ្វើ​មៅ​លុត ការ​ដង្ហែ​កូនកំលោះ​ប្រើ​សេះ ឬ​ជិះ​ក​.​មនុស្ស​ទៅ​កាន់​ផ្ទះ​របស់​កូនស្រី ការ​រាំ​មុខ​គ្រែ ការ​លាង​ជើង​កូនកំលោះ កូនក្រមុំ និង​យប់​ឡើង​មានការ​ទទួលភ្ញៀវ និង​ចម្រៀង​​កំដរ​ជាដើម ។ តែ​នេះ​ជា​ការ​ហាមឃាត់​សម្រាប់​សាសនា​អ៊ិ​ស្លា​ម ដែល​មិន​តម្រូវ​ឲ្យ​ធ្វើ​បែប​ហ្នឹង​ឡើយ តែ​សម្រាប់​ក្រុម «​សាលា​ហ្វ​» គឺ​ក្នុង​ថ្ងៃ​ពិសេស​នេះ​មិន​មានការ​រៀបចំ​កម្មវិធី​បែប​នោះ​ឡើយ ព្រោះ​វា​ជា​ថ្ងៃ​ដែល​ចង់​បញ្ជាក់​ប្រាប់​ដល់​សាច់ញាតិ អ្នក​ចូល​រួម​ថា​អ្នក​ទាំង​ពីរ​បាន​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ហើយ​មានការ​ហូប​ចុក​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ ពេល​យប់​មុន​ថ្ងៃ​ការ​គឺ​មានការ​និយាយ​ពី​ច្បាប់​អ៊ិ​ស្លា​ម​ដោយ​អ្នក​ដែល​មានចំណេះ​ដឹង​ជ្រៅជ្រះ​ក្នុង​ច្បាប់​សាសនា ។

ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​កូនក្រមុំ និង​កូនកំលោះ អ្វី​ដែល​សំខាន់​ជាងគេ​គឺ​ការ​ចូល​ស្ដីដណ្ដឹង​តាម​ច្បាប់ និង​ការ​នី​កាស់ (​សែនព្រេន​) លើក​កូនក្រមុំ​ឲ្យ​ទៅ​កូនកំលោះ​តែ​ប៉ុណ្ណោះ ។

១-​ឪពុក​ម្តាយ​របស់​កូនកំលោះ ក្រមុំ
២-​ត្រូវ​មាន​សាក្សី
៣-​កូនកំលោះ ក្រមុំ
៤-​បណ្ណាការ​សម្រាប់​កូនក្រមុំ
៥-​ពាក្យ​ដែល​កូនកំលោះ​ត្រូវ​ទទួល​ថា​«​ខ្ញុំ​ទទួល​ហើយ​ការ​នី​កាស​របស់​ឯង​»

ចំពោះ​ការ​អញ្ជើញ​ភ្ញៀវ​ក្នុង​ថ្ងៃ​មង្គល​នោះ គ្រាន់តែ​ជា​ការ​ធ្វើ​ឲ្យ​សក្តិ​សម​នឹង​សង្គម និង​ចង់​ប្រកាសប្រាប់​ញាតិ​មិត្ត​ថា អ្នក​ទាំង​ពីរ​នឹង​ក្លាយជា​ប្ដី​ប្រពន្ធ​គ្នា​ពេញ​សិទ្ធិ​ចាប់ពី​ថ្ងៃនេះ​តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ