ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កាន់តែ​ធំ​ហើយ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដី​បុរី​សណ្ឋាគារ​អង្គរ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដី​បុរី​សណ្ឋាគារ​អង្គរ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​លេខ ១៥៨ អ ន ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ កាត់​ចេញ ដើម្បី​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​វិញ​នោះ មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ មួយ​ចំនួន​ធំ​នៅ​តែ​មិន​ទាន់​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ពេញលេញ​នៅឡើយ​។ សូម​បញ្ជាក់​ផង​ដែរ​ថា ដី​មាន​ទំនាស់​ជាមួយ​អាជ្ញាធរ​អប្សរា​នោះ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ខាងកើត​ឃ្យុ​ង​យូ ក្នុងភូមិ​បឹង​ដូន​ប៉ា ភូមិ​ចុង​កៅស៊ូ ភូមិ​អញ្ចាញ និង​ភូមិ​ព្រៃ​គុយ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​អះអាង​ថា លោក ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន និង​កំពុង​ក្រាញននៀល​រំលោភ​យក​ដី​ពួក​គាត់ ទោះបី​ដឹង​ថា​ដី​ពួក​គាត់​មាន​ឯកសារ​ត្រឹមត្រូវ​យ៉ាងណា​ក៏​ដោយ ថែម​ទាំង​ផ្គើន​ទៅ​នឹង​អនុក្រឹត្យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង​។ លោកស្រី លី អ៊ុំ​អេ​ង មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​ជា​ជន​រង​គ្រោះ​មួយ​រូប​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា នាង​ខ្ញុំ​បាន​ទិញ​ដី​នេះ​ពី​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​ប្លង់​រឹង​ស្លាបមាន់ នៅ​ខែឧសភា ឆ្នាំ​១៩៩៤ តាំងពី​សម័យ​រដ្ឋ​កម្ពុជា រួចរាល់​អស់ហើយ​។ តែ​ក្រោយមក​ដី​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​តំបន់​បុរី​សណ្ឋាគារ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ហើយ​អាជ្ញាធរ​អប្សរា បាន​ដោះស្រាយ​ជា​តម្លៃ​គោលនយោបាយ​ជូន​ប្រជាពលរដ្ឋ អស់ហើយ​ដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​ទទួលយក​តម្លៃ​គោលនយោបាយ​នេះ ហើយ​មួយ​ចំនួន​ទៀត មិន​បាន​ដោះស្រាយ​គោលនយោបាយ​ជាមួយ​អាជ្ញាធរ​អប្សរា​ទេ ដោយ​ពួក​គាត់​បាន​គ្រប់គ្រង និង​អាស្រ័យ​ផល​ទុក​សម្រាប់​ចែក​កូន​ចែក​ចៅ​ទៅ​ថ្ងៃក្រោយ​។

លោកស្រី​បន្ត​ថា នាង​ខ្ញុំ​ក៏​មិន​បាន​ដោះស្រាយ គោលនយោបាយ​ជាមួយ​អាជ្ញាធរ​អប្សរា​ទេ គឺ​នាង​ខ្ញុំ​មាន​ប័ណ្ណកម្មសិទ្ធិ​ស្លាបមាន់ ដែល​រក្សា​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​ជា​ភស្តុ​តាង ស្រាប់​។ លោកស្រី បាន​បន្ត​ទៀត​ថា នៅ​ឆ្នាំ​២០១៦ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដែល​ជា​ព្រះ​រស់​របស់​ពួក​ខ្ញុំ​ទាំងអស់​គ្នា បាន​ចេញ​អនុក្រឹត្យ​លេខ​១៥៨​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ កាត់​ដី​ទាំងនេះ​ចេញ ដើម្បី​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​វិញ ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​ដោះស្រាយ​គោលនយោបាយ​ជាមួយ​អាជ្ញាធរ​អប្សរា ហើយ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​សូ​រិ​យោ​ដី និង​សមត្ថកិច្ច ក៏​បាន​បន្ត​នីតិវិធី​ធ្វើ​វាស់វែង ដើម្បី​ចេញ​វិញ្ញាបនបត្រ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ភ្លាម​ៗ​ផង​ដែរ​។ លោកស្រី បាន​អះអាង​ថា លោក ស៊ុំ ម៉ា​ប់ និយាយ​នេះ​ជា​រឿង​មិន​ពិត​ទេ ព្រោះថា​ក្រុម​គ្រួសារ​របស់​លោក​មិន​បាន​ដោះស្រាយ​គោលនយោបាយ​ជាមួយ​អាជ្ញាធរ​អប្សរា​ទេ ព្រោះ​ប័ណ្ណកម្មសិទ្ធិ​ចាស់ នាង​ខ្ញុំ​រក្សា​ទុក​មក​ដល់​បច្ចុប្បន្ន បើ​គ្រួសារ​នាង​ខ្ញុំ​ដោះស្រាយ​គោលនយោបាយ​ជាមួយ​អាជ្ញាធរ​អប្សរា​មែន​នោះ អាជ្ញាធរ​អប្សរា​ច្បាស់​ជា​ដក​ប័ណ្ណកម្មសិទ្ធិ​របស់​គាត់​ទុក​បាត់​ទៅ​ហើយ មិនមែន​នាង​ខ្ញុំ រក្សា​ទុក​មក​ដល់​បច្ចុប្បន្ន​នេះ​ទេ​។

លោកស្រី​បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា បើ​អាជ្ញា​អប្សរា​មាន​ឯកសារ​ថា​ដី​នោះ​បាន​ដោះស្រាយ​គោលនយោបាយ​មែន សូម​ឱ្យ​អាជ្ញាធរ​អប្សរា​បង្ហាញ​ឯកសារ​មក បើ​មាន​មែន​ក្រុម​គ្រួសារ​នាង​ខ្ញុំ​សុខចិត្ត​ប្រគល់​ដី​ទាំងនោះ​ជូន​អាជ្ញាធរ​អប្សរា តែបើ​គ្មាន​ទេ​សូម​ឱ្យ​អាជ្ញាធរ​អប្សរា ប្រគល់​ដី​ទាំងនោះ​ទៅ​ឱ្យ​ពួក​គាត់​វិញ​ឱ្យ​បាន​ឆាប់​ស្រប​តាម​អនុក្រឹត្យ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហើយ​បើ​អាជ្ញាធរ​អប្សរា​ដោះស្រាយ​គោលនយោបាយ​ជាមួយ​អ្នក​ផ្សេង​វិញ​នោះ​ដែល​មិនមែន​ជា​ម្ចាស់​ដី​ពិតប្រាកដ ត្រួត​លើ​ដី​ពួក​គាត់ នោះ​ពួក​គាត់​មិន​ទទួលខុសត្រូវ​ឡើយ​។ ហើយ​នាង​ខ្ញុំ​បាន​សុំ​ច្បាប់ ទៅ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​អប្សរា ចុះ​ហេតុ​អ្វី​បានជា​ខាង​អាជ្ញាធរ​ខេត្ត​ចេញ​ច្បាប់​មក​មុន ព្រោះ​បាន​ដាក់​ពាក្យ​អំ​ណា​ល​គ្នា ឬ​ខាង​អាជ្ញាធរ​អប្សរា​មាន​បំណង ចង់​ធ្វើបាប​ក្រុម​គ្រួសារ​នាង​ខ្ញុំ ថែម​ទាំង​ឱ្យ​កូនចៅ​យក​ឡាន​មក​បិទផ្លូវ ដើម្បី​មិន​ឱ្យ​រថយន្ត​របស់​នាង​ខ្ញុំ ចូល​ចាក់​ដី​ថែម​ទៀត​ផង​។ ជា​ចុង​ក្រោយ​លោកស្រី និង​ក្រុម​គ្រួសារ សូម​អំពាវនាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ម្លប់​ដ៏​ត្រជាក់​របស់​កូនចៅ តាម​រយៈ​ទំព័រ​សារព័ត៌មាន សូម​លោក​មេត្តា​ជួយ​អន្តរាគមន៍ រឿង​នេះ​ដល់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ផង ព្រោះ​លោក ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន និង​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដាក់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប យ៉ាង​ខ្លាំងក្លា​បំផុត សូ​ម្បី​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការលើ​ដី ឬ​ធ្វើ​ទ្រុងមាន់ ដែល​ពួក​គាត់ មាន​ស្រាប់​ក៏​ធ្វើ​មិន​បាន​ផង​។

គួរ​រម្លឹក​ផង​ដែរ​ថា​ទោះជា​យ៉ាងណា​ក៏​ដោយ មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ទៀត​នៅ​តែ​មិន​ទាន់​បាន ដោះស្រាយ​ចប់​នៅឡើយ តួយ៉ាង​ដូច​ជា​ភរិយា​របស់​លោក ទោះបី​មាន​ប័ណ្ណកម្មសិទ្ធិ​ស្លាបមាន់​ចាស់ រក្សា​ទុក​នៅ​នឹង​ដៃ យ៉ាងនេះ​ក៏​ដោយ​ក៏​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បាន​ចេញ​វិញ្ញាបនបត្រ​ថ្មី​ជូន​ពួក​គាត់​តាម​ទំហំ និង​ជើង​ម៉ែត្រ​នៃ​ប័ណ្ណកម្មសិទ្ធិ​ចាស់​នោះ​ដែរ ព្រោះ​លោក ស៊ុំ ម៉ា​ប់ បាន​រារាំង​មិន​ឱ្យ​ចេញ ដោយ​អះអាង​ថា​ដី​ភរិយា​លោក​មួយ​ផ្នែក​ត្រូវ​បាន​អាជ្ញាធរ អប្សរា​ដោះស្រាយ​គោលនយោបាយ​ហើយ​។ ជុំវិញ​ករណី​ដែរ​ពលរដ្ឋ​ចោទប្រកាន់​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ស៊ុំ ម៉ា​ប់ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​៕
https://youtu.be/3saNg—qww

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ