រាជធានីភ្នំពេញ ៖ បុរស៣នាក់ បានប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ជួយអន្តរាគមន៍ រក
យុត្តិធម៌ជូនពួកគាត់ កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៨ វិច្ឆិកា ដោយពួកគាត់បានធ្វើការចោទប្រកាន់ទៅលើថៅកែហាងផឹកស៊ី ខារ៉ាអូខេមួយកន្លែងយីហោហ្គោលឌិនសោន KTV ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យថា បានកៀបស៊ីពួកគាត់ដោយចេញវិក្កយបត្រគិតលុយបំប៉ោងតួលេខស្រាបៀរ និងមុខម្ហូប ដោយកាប់ឆៅតែម្ដង ទោះបីស្រវឹងធ្លាក់ភ្នែកក៏ស្វាងចែសដែរ ។

បុរសទាំង៣នាក់នោះបានសុំលាក់មិនប្រាប់ឈ្មោះទេ ដោយពួកគាត់បាននិយាយប្រាប់នគរបាលថា នៅវេលាល្ងាចថ្ងៃទី៧ វិច្ឆិកា ពួកគាត់បាននាំគ្នាផឹកស៊ីនៅខាងក្រៅ ហើយម្នាក់ៗស្រវឹងខ្លាំងទៅហើយ ប៉ុន្តែមិនមែនស្រវឹងរហូតលែងដឹងអីនោះទេ ។ ដោយសារចង់សប្បាយ នៅវេលាយប់ថ្ងៃដដែល ពួកគាត់ក៏បាននាំគ្នាបន្តដំណើរទៅផឹកនៅហាងនោះទៀត ។ ពេលទៅដល់មិនបានចាប់អារម្មណ៍ថា មានបញ្ហាបែបនឹងកើតឡើងឡើយ ពួកគាត់ក៏បានហៅស្រាបៀរ និងមុខម្ហូបក្លែមមួយចំនួន មកហូបបន្ត ប៉ុនែ្តដោយសារតែស្រវឹងស្រាប់ហើយនោះ ពួកគាត់មិនអាចផឹកស៊ីបានច្រើនទៀតទេ ហើយក៏រឹតតែមិនហ៊ានហៅស្រា និងម្ហូបមកច្រើនដែរ ព្រោះលុយមានតិចផង ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលឈប់ផឹកស៊ី ពួកគាត់បានឲ្យថៅកែហាងគិតលុយ ពេលនោះបុគ្គលិកហាងយកវិក្កយបត្រមកឲ្យពួកគាត់ គ្រាន់តែទទួលយកមកមើលភ្លាមក៏ មានការហួសចិត្តស្ទើរដាច់ផ្ងារទោះបីស្រវឹងក៏ស្វាងដែររកនឹកស្មានមិនដល់ឡើយ ។ ការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ព្រោះនៅក្នុងវិក្កយបត្រនោះពួកគាត់ផឹកស្រាបៀរអស់ដល់ទៅ៦កេស និងម្ហូបដល់ទៅ១២មុខ ហើយគិតជាប្រាក់ចំនួន៣៣១ដុល្លារឯណោះ ។ ចំនួនស្រាបៀរ៦កេសសម្រាប់ពួកគាត់ដែលស្រវឹងស្រាប់ហើយ កុំថាឡើយដល់ទៅផឹក សូម្បីតែងូតទៀតក៏មិនអស់ដែរ បន្ទាប់ពីឃើញតួលេខគិតលុយបែបនេះ ពួកគាត់បានប្រាប់ទៅថៅកែហាងឲ្យគិតលុយម្ដងទៀត ក្រែងមានការភាន់ច្រឡំ ប៉ុន្តែថៅកែហាងបានបញ្ជាក់ថាអត់ច្រឡំទេ គឺនេះជាចំនួនពិតប្រាកដហើយ ។

ប្រភពខាងលើបានបន្តទៀតថា គ្រាន់តែបានឃើញចំនួនតួលេខបំប៉ោងបែបនេះ ពួកគាត់ហាក់ស្វាងស្រវឹងគ្រប់ៗគ្នា ហើយដោយសារមិនមានលុយគ្រប់ចំនួន ដើម្បីទូទាត់ថៅកែហាងមិនបានអនុញ្ញាតឲ្យពួកគាត់ចេញទៅផ្ទះនោះឡើយ។ ពេលនោះពួកគាត់គ្មានមធ្យោបាយអ្វីផ្សេង ក្រៅតែពីការយកម៉ូតូទៅដាក់បញ្ចាំនោះទេ ។ ក្រោយពេលយកម៉ូតូដាក់ឲ្យថៅកែហាងនោះហើយ ទើបថៅកែហាងអនុញ្ញាតឲ្យចាកចេញពីហាងទៅណាទៅចុះ អត់ឃាត់ទេ ។ ចំណែកនារីៗកំដរនាំគ្នាសើចហៀរទឹកមាត់កក្លាក់ ។ លុះរហូតដល់វេលាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ទើបពួកគាត់ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាល រដ្ឋបាលកាកាបដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយតែម្ដង ។
ក្រោយពេលទទួលបានបណ្ដឹងនគរបាលប៉ុស្ដិ៍ខាងលើ បានចុះទៅកាន់ហាងហ្គោលឌិនសោន KTV នោះដើម្បីសួរនាំដល់ម្ចាស់ហាងដែលជាប់ចោទថាគិតលុយ កាប់កោរអត់ដាក់ទឹក ពីភ្ញៀវទាំង៣នាក់នោះ ។ ពេលទៅដល់តំណាងម្ចាស់ហាងនោះបាននិយាយថា បុរសទាំង៣នាក់នោះ ពិតជាបានផឹកសុីអស់ស្រាបៀរចំនួន៦កេស និងសាច់ក្លែម១២មុខ គិតជាទឹកប្រាក់ចំនួន៣៣១ដុល្លារពិតមែន ទើបចេញវិក្កយបត្រប៉ុណ្ណឹង ។ ប៉ុន្តែទោះបីមានការបកស្រាយបែបនេះក្ដី ហាងខាងលើកំពុងទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ ព្រោះតែតួលេខនោះរកជឿមិនបានឡើយ ហើយពេលនោះនគរបាលគ្មានវិធីអ្វីដើម្បីរកការពិតបានទៀតទេ មានតែអូសទូកបណ្តោយទឹកបុណ្ណោះ ។
ចំណែកបុរសទាំងនោះដោយមើលទៅ ចាញ់តែមម្ចាស់ហាងតាំងពីដំបូងរហូតមកហើយនោះ និងមើលទៅនគរបាលក៏ពិបាកដោះស្រាយទៀតនោះ ពួកគាត់ក៏បានសម្រេចចិត្តទូទាត់ប្រាក់ចំនួន៣០០ដុល្លារទៅឲ្យម្ចាស់ហាង ហើយម្ចាស់ហាងក៏បានយល់ព្រមទទួលយកចំនួន៣០០ដុល្លារនោះ ដោយចុះថ្លៃឲ្យ៣១ដុល្លារ និងបានប្រគល់ម៉ូតូទៅឲ្យបុរសទាំង៣នាក់នោះវិញ ជាការបញ្ចប់រឿង ហើយចាត់ទុកជាមេរៀនមួយសម្រាប់ពួកគេដែរ មុនពេលចង់សប្បាយផឹកស៊ីខារ៉ាអូខេ ហើយក៏ជាសារដល់ជនទូទៅដែរ ដើម្បីថ្ងៃក្រោយឱ្យចេះរាងផង ៕

ចែករំលែកព័តមាននេះ