ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរពីរករណីផ្សេងគ្នា ក្នុងយប់តែមួយ ក្នុងស្រុកបាកាន បានបណ្ដាលឲ្យបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងយុវជនម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ។
សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង១៩យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៦-១៩៧ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយយុវជនម្នាក់ឈ្មោះ យឿន ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១F-០៨៥៣ ធ្វើដំណើរពីលិចទៅកើត ។ ទៅដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែទៅបុកគោយន្តកន្ត្រៃដឹកស្រូវពីក្រោយ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង រងរបួសយ៉ាងធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
ដោយឡែកនៅវេលាម៉ោងរំលងអធ្រាត្រនោះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១១-២១២ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងមួយលើកទៀត បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង មិនដឹងបើកបរពីណាទៅណានោះទេ លុះមកដល់ចំណុចកើតហេតុបានបុកមនុស្សស្មើរជើងម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ពេលបុករួច រថយន្ដបង្កគ្រោះថ្នាក់បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល ចំណែកសាកសពជនរងគ្រោះ មកដល់ថ្ងៃទី០៨នេះហើយ ក៏នៅតែរកអត្តសញ្ញាណមិនទាន់ឃើញនៅឡើយដែរ ហើយសមត្តកិច្ចបានយកទៅតម្កល់នៅវត្តសុវណ្ណជលសា (ហៅវត្តទន្សាយអើត) ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាត់បន្ត ។
ចំពោះវត្ថុតាង សមត្ថកិច្ចបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងសហការគ្នាតាមស្វែងរកដើម្បីឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕
ចែករំលែកព័តមាននេះ