ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ថ្នាំ​គីមី​ចម្រាញ់​មាស​ខុស​ច្បាប់​នៅ​ស្រុក​ភ្នំ​ព្រឹក​ហូរ​ចូល​អូរ​ធម្ម​ជាតិ មនុស្ស​និង​សត្វ​ពាហនៈ​ប្រឈម​គ្រោះ​ថ្នាក់

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​ ​មាន​សេចក្តី​រាយ​ការណ៍​ថា មេ​គោ​២​ក្បាល​ទៀត​ហើយ​បាន​ងាប់​ដោយ​សារ​ពុល​ទឹក​ថ្នាំ​ដែល​មាន​សារធាតុ​គីមី​ដ៏​សាហា.វ​ដែល​ធ្លាយ​ចេញ​ពី​អាង​ស្តុក​របស់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​កាល​ពី​ព្រឹ​ក​ថ្ងៃទី​១៧ តុលា នៅ​ចំណុច​អូរ​មួយ​កន្លែង​ក្នុង​ភូមិ​ភ្នំ​ព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំ​ព្រឹក។

វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​​ដែល​ក្រុម​អ្នក​ធ្វើ​អាជីវ​កម្ម​​​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ស្រុក​ភ្នំ​ព្រឹក បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​ ធ្វើ​ឱ្យ​រាល​ដាល​ដល់​សុខ​ភាព​

ខេត្ត​បាត់​ដំបង​ ៖ ​ ​មាន​សេចក្តី​រាយ​ការណ៍​ថា មេ​គោ​២​ក្បាល​ទៀត​ហើយ​បាន​ងាប់​ដោយ​សារ​ពុល​ទឹក​ថ្នាំ​ដែល​មាន​សារធាតុ​គីមី​ដ៏​សាហាវ​ដែល​ធ្លាយ​ចេញ​ពី​អាង​ស្តុក​របស់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​កាល​ពី​ព្រឹ​ក​ថ្ងៃទី​១៧ តុលា នៅ​ចំណុច​អូរ​មួយ​កន្លែង​ក្នុង​ភូមិ​ភ្នំ​ព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំ​ព្រឹក។

វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​​ដែល​ក្រុម​អ្នក​ធ្វើ​អាជីវ​កម្ម​​​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ស្រុក​ភ្នំ​ព្រឹក បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​ ធ្វើ​ឱ្យ​រាល​ដាល​ដល់​សុខ​ភាព​មនុស្ស​ និង​សម្លាប់​សត្វ​ពាហនះ​នៅ​តំបន់​នោះយ៉ាង​រង្គាល​ ដែល​បណ្តាល​មក​ពី​ការ​បង្ហូរ​ទឹក​ថ្នាំ​ចម្រាញ់​យក​មាស​ដែល​មាន​សារ​ធាតុ​គីមី​ចូល​ទៅ​ក្នុង​អូរ​ នឹង​អណ្តូង​ទឹក​នៅ​ក្នុង​តំបន់​​ក្បែរ​នោះ​ ។ កន្លង​មក​ស្ថាប័ន​ពាក់​ព័ន្ធ​និង​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ធ្លាប់​​បាន​សន្យា​មិន​ដាច់​ពី​មាត់​ថា និង​បង្រ្កាប​ក្រុម​អ្នក​បំផ្លាញ​បរិស្ថាន និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទាំង​នោះ ។ ប៉ុន្តែ​គេ​មិន​ឃើញ​ការ​សន្យា​នេះ​មាន​ប្រ​សិទ្ធ​ភាព​ទេ រហូត​មក​ដល់​ពេល​​នេះ​ បើ​ទោះ​ជា​ក្រុម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ទាំ​ង​នោះ​បង្ហូរ​ទឹក​ថ្នាំ​គីមី​បំពុល​បរិស្ថាន​ និង​បំពុល​សត្វ​គោ​អ្នក​ភូមិ​ងាប់​ជា​បន្ត​បន្ទាប់​ក្តី ដែល​គេ​សង្ស័យ​ថាមាន​ផល​ប្រយោជន៍​ផ្ទាល់​ធំ​ជាង​អ្វី​ទាំង​អស់ ។

អ្នក​ភូមិ​ឈ្មោះ​ឆយ សាវុន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ នៅ​ភូមិ​ភ្នំ​ព្រឹក​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ទឹក​ថ្នាំ​ដែល​មាន​សារធាតុ​គីមី​ខ្លាំង​បាន​ធ្លាយ​ចេញ​ពី​អាង​ស្តុក​កាក​សំណល់​រ៉ែ​មាស​មួយ​កន្លែង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​សារ៉ាយ​ ញ៉​ អាយុ​៤៩​ឆ្នាំ ហូរ​ចូល​ទៅ​ក្នុង​អូរ​នៅ​ក្នុង​ភូមិ​ ហើយ​បាន​សម្លាប់​មេ​គោ​អ្នក​ភូមិ​ចំនួន​២​ក្បាល​ដោយ​សារ​តែ​សត្វ​គោ​ទាំង​នេះ​ផឹក​ទឹក​អូរ​នោះ ។ សាក្សី​រូប​នេះថា មេ​គោ​២​ក្បា​ល​នោះ​ជា​របស់​ក្មួយ​ប្រុស​គាត់​ឈ្មោះ​ឡេង ឡាង ។ គាត់​និយាយ​​ថា ​គោ​២​ក្បាល​នោះ​​បាន​ងាប់​ជា​បន្ត​បន្ទាប់​ប្រហែល​ជាង​១​ម៉ោង ក្រោយ​ពី​វា​បាន​ផឹក​ទឹក​អូរ​នោះ ។

តាម​ការ​ស្រង់​សម្តី​ពី​ម្ចាស់​គោ​លោក​ឡេង ឡាង និយាយ​ថា មេ​គោ​របស់​គាត់​ទាំង​២​ក្បាល​បាន​យកទៅ​ចង​ឱ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​អូរ​នោះ​ ប៉ុន្តែ​ពួក​វា​បាន​ដេក​ងាប់​ក្នុង​អូរ​១​ក្បាល​ និង​ក្បែរ​អូរ​១​ក្បាល នៅ​វេលា​ម៉ោង​ប្រហែល​១១​ព្រឹក​នា​ថ្ងៃ​កើត​ហេតុ​នោះ​ ពេល​គាត់​ទៅ​មើល​ ។ គាត់​ប្រាប់​ថា មេ​គោ​គាត់​ងាប់​ដោយ​សារ​ផឹក​ទឹក​អូរ​ដែល​មាន​សារ​ធាតុ​គីមី​ហូរ​ចេញ​ពី​កន្លែង​អាង​ចម្រាញ់​មាស​របស់​ឈ្មោះ​សារ៉ាយ ញ៉ ។ គាត់​បញ្ជាក់​ថា ឃើញ​ដូច្នេះ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល និង​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យ​ដឹង​តែ​ម្តង ។

សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​ចុះ​ទៅ​ពិនិត្យ​ចំណុច​កើត​ហេតុ ប៉ុន្តែ​គេ​គ្មាន​វិធាន​ការណ៍​មួយ​ចាត់​ការ​ចំពោះ​ម្ចាស់​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នោះ​ទេ គឺ​គ្រាន់​តែ​ធ្វើ​កំណត់​ហេតុ​តែ​ប៉ុណ្ណោះ​ ។ មេ​ឃុំ​ភ្នំ​ព្រឹក​លោក​ម៉ែន​ សែប បានបំភ្លឺ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២២​ តុលា​ថា ពិត​ជា​មាន​សត្វ​គោ​អ្នក​ភូមិ​ងាប់​ដោយ​សារ​ការ​ពុល​ទឹក​ថ្នាំ​គីមី​ចម្រាញ់​មាស​នោះ​មែន ។ លោក​បញ្ជាក់​ថា ទឹក​ថ្នាំ​គីមី​នោះ​បាន​ធ្លាយ​ចេញ​ពី​ទី​តាំង​ស្តុក​កាក​សំណល​់​រ៉ែ​មាស​គ្មាន​ច្បាប់របស់​ស្ត្រី​ម្នាក់​ឈ្មោះ​សារ៉ាយ ញ៉ ហូរ​ចូល​ទៅ​ក្នុង​អូរ​ក្នុង​ភូមិ ។ លោក​ថា កន្លង​មក​ក៏​មាន​សត្វ​គោ​ងាប់​ដោយ​ពុល​ទឹក​ថ្នាំ​គីមី​ចម្រាញ់​មាស​បែប​នេះ​ដែរ ។ អ្នក​ភូមិ​ប្រាប់​ថា ភាគី​បង្ក​បាន​យល់​ព្រម​ទទួល​កំហុស​ និង​បាន​ព្រម​ព្រៀង​បង់​សំណងថ្លៃ​គោ​ទាំង​២​ក្បាល​ដល់​ម្ចាស់​ចំនួន​១៥.០០០​បាត ដោយ​បាន​ធ្វើ​កិច្ច​សន្យា​ជា​លាយ​ល័ក្ខ​អក្សរ ។ ប៉ុន្តែ​សំណង​​នេះ​មិន​ទាន់​បាន​បង់​ដល់​ដៃ​ភ្លាម​ៗ​ទេ ដោយភាគី​បង្ក​សន្យា​ថា នឹង​ប្រគល់​នៅ​ថ្ងៃទី​១ វិច្ឆិកា ខាង​មុខ​នេះ តែ​បើ​ដល់​ថ្ងៃ​កំណត់​មិន​ប្រគល់​ប្រាក់​ទេ ភាគី​បង្ក​នោះ​ថា ខ្លួន​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។ ទំនង​បែប​សន្យា​ខ្យល់​ ។
​សេចក្តី​រាយ​ការណ៍​ដដែល​ថា ក្រោយ​ពី​មាន​ងាប់​មេ​គោ​នេះ​២​​ថ្ងៃ​ អ្នក​ភូមិ​ភ្នំ​ព្រឹក​ជាង​៤០​គ្រួ​សារ​បាន​នាំ​គ្នា​ផ្តិ​ចមេ​ដៃ ដើម្បី​ប្តឹង​ទៅ​អាជ្ញា​ធរ​មូល​ដ្ឋាន​ស្នើ​ឱ្យ​បញ្ឈប់​រាល់​សកម្ម​ភាព​ក្រុម​អ្នក​ធ្វើ​អា​ជីវកម្ម​​រ៉ែ​មាស​គ្មាន​ច្បាប់​ទម្លាប់​ទាំង​អស់​នោះ ។ ពួកគេ​និយាយថា បណ្តឹង​នោះ​បាន​ដាក់​ដល់​ដៃ​លោក​មេ​ភូមិ​ហើយ តែ​មិន​ទាន់​ឃើញ​លោក​មេ​ភូមិ ឬ​លោក​មេ​ឃុំ​ចុះ​អើ​ពើក្នុង​ករណី​នេះ​ទេ ។ អ្នក​ភូមិ​បញ្ជាក់​ថា សព្វ​ថ្ងៃ​គ្រប់​ទី​តាំង​រែង​មាស​ពាស​ពេញ​ក្នុង​ឃុំ​ភ្នំ​ព្រឹក កំពុង​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន សុខ​ភាព​ប្រជា​ពល​​រដ្ឋ​​ និង​ការ​សម្លាប់​សត្វ​ក្នុង​ភូមិ ។ នេះ​មិន​មែន​លើក​ទី​១​ទេ ដែល​ទឹក​ថ្នាំ​ដែល​មាន​សារ​ធាតុ​គីមី​ហូរ​ចេញ​ពី​កន្លែង​ចម្រាញ់​មាស​ ចូល​ទៅ​ក្នុង​អូរ​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​មនុស្ស​ និង​សត្វ​ ប៉ុន្តែ​គ្មាន​មន្ត្រី​ណា​បើក​ភ្នែក​មើល​ឡើយ បើ​ទោះ​ជា​បាន​ឃើញ​ផល​វិបាក​ទាំងនេះ​ផ្ទាល់​ភ្នែក​ស្ទើរ​រាប់​ភ្លេច​ក្តី ។

លោក​ជឺ ឈៀង ប្រធាន​មន្ទីរ​ឧស្សា​ហកម្ម​រ៉ែ​ និង​ថាម​ពល​​ក៏​ដូច​ជា​លោក​ឆាយ យួប ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ជា​ថ្មី​បាន​ទេ​កាល​ពី​ព្រឹក​ថ្ងៃទី​២២ តុលា ។ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​ដ៏​សំខាន់​ទាំង​២​រូប​សុទ្ធ​តែ​ធ្លាប់​អះអាង​កន្លង​មក​ថា នៅ​តំបន់​ដែល​សម្បូរ​កំណប់​មាស​ដ៏​មហា​សាល​នៅ​ស្រុក​ភ្នំ​ព្រឹក​នោះ មាន​តែ​ក្រុមហ៊ុន​ចិន​មួយ​ទេ​ឈ្មោះ​«ភូយ៉ាង»ដែល​មាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​​រ៉ែ​មាស​ស្រប​​ច្បាប់​ ក្រៅ​ពី​នេះ​សុទ្ធ​តែ​គ្មាន​ច្បាប់​ទំាង​អស់ ។ លោក​អះ​អាង​ដដែល​ៗ​ថា និង​ចុះ​ពិនិត្យ​ ហើយ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​អ្នក​រុក​រក​មាស​ខុស​ច្បាប់​ទាំង​នោះ តែ​ការ​សន្យា​នេះ​ត្រូវ​គេ​កត់​សម្គាល់​ថា ជា​ការ​«សន្យា​ខ្យល់»​ស្ថិត​នៅ​តែ​លើ​បបូរ​មាត់ ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​មតិ​ជា​ច្រើន​រិះ​គន់​ថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​បាន​ឃុំ​ឃិត​បើក​ដៃ​ឱ្យ​មាន​បទ​ល្មើស​ទាំង​នោះ ជា​ថ្នូរ​និង​លាភ​សក្ការៈ។ បច្ចុប្បន្ន​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​នៅ​តែ​ធ្វើ​សកម្ម​ភាព​ និង​កាន់​តែ​កំពុង​បង្ក​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដល់​បរិ​ស្ថាន សុខ​ភាព​មនុស្ស និង​សម្លាប់​សត្វ​ពាហ​នៈ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន ។

មេ​ឃុំ​ភ្នំ​ព្រឹក​លោក​ម៉ែន សែប​ បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភាព​ថា តាម​ការ​ស្រង់​ស្ថិតិ​កាលពី​លើក​មុន​មាន​អ្នក​ធ្វើ​អាជី​វកម្ម​​រ៉ែ​គ្មាន​ច្បាប់​ទាំង​អស់​ជាង​៦០​កន្លែង ប៉ុន្តែ​ឥឡូវ​សម្រាក​ខ្លះ​ហើយ ។ ​លោក​មេ​ឃុំ​ប្រាប់​ថា ពួកគេ​កន្លង​មក​សុទ្ធ​តែ​ធ្លាប់​ផ្តិតមេ​ដៃ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​រួច​ហើយ ។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា ចុះ​បើ​មាន​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​រួច​ហើយ​ហេតុ​អី​ក៏​ពួកគេ​នៅ​តែ​បន្ត​ធ្វើ​បាន​ទៀត? លោក​មេ​ឃុំ​តប​ថា «មាន់​ពង​នឹង​ស្រូវ​តែង​តែ​ចឹក​ស្រូវ​ហើយ មិន​ខុស​ពី​ស្រ​មោច​និង​ស្ករ​ទេ»លោក​មេ​ឃុំ​បង្ហើ​សំណើច​បន្តិច​រួច​បន្ត​ថា បើ​ពួកគាត់​ដេក​លើ​គំនរ​មាស​ ហើយមិន​​ឱ្យ​គាត់​ចឹក​មាស​ម៉េច​នឹង​កើត?​ទោះ​ជា​យ៉ាង​ណា​លោក​មេ​ឃុំ​ម៉ែន សែប មិន​បាន​សន្យា​ថា នឹង​មាន​វិធាន​ការ​បែប​ណា​ចំពោះ​ម្ចាស់​អាង​ស្តុក​ទឹក​ថ្នាំ​គីមី​ចម្រាញ់​មាស ដែល​បំពុល​សត្វ​គោ​អ្នក​ភូមិ​ ឬ​ទៅ​លើ​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​គ្មាន​ច្បាប់​ដទែ​ទៀត​ដែរ ។ ប៉ុន្តែ​លោក​គ្រាន់​តែ​បញ្ជាក់​ថា លោក​បាន​ធ្វើ​របាយ​ការណ៍​ជូនទៅ​ថ្នាក់​លើ​ហើយ ។ គេ​នឹង​រង់​ចាំ​មើល​​ថា តើ​មាន​ស្ថា​ប័ន​ណា​ដែល​ចុះ​ធ្វើ​ការ​ងារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​តាម​សំណូម​ពរ​ប្រជា​ពល​រដ្ឋ​ ៕