ខេត្តកោះកុង ៖ កម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានតាមប្រមាញ់ស្រាវជ្រាវរុករកបទល្មើសសព្វសាររពើដែលតែងតែកើតមាននៅក្នុងខេត្ត ហើយបានបង្ក្រាបជាបន្តបន្ទាប់ជាក់ស្តែងដូចជាករណីប្រហិត និងជើងមាន់ស្លាបមាន់ខូចគុណភាពនាំចូលពីប្រទេសថៃ កាលពីពេលថ្មីៗកន្លងមក ។ ហើយនៅថ្ងៃទី០៧ ខែវិច្ឆិកា ២០១៧ ម្សិលមិញនេះរកឃើញឈើមូលចំនួន២៤ដើមទៀត ដែលក្រុមឧក្រិដ្ឋជនព្រៃឈើទើបតែបានលួចកាប់ក្នុងពេលថ្មីៗ ហើយយកទៅត្រាំក្នុងទឹកស្រះមួយកន្លែង ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ។
ហើយរយៈពេលពេញមួយថ្ងៃ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក មីន រស្មី ស្នងការរងទទួលផែនសេដ្ឋកិច្ច សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្ត បានយករថយន្តស្ទូចទៅស្រង់យកឈើមូលទាំងនោះមករក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តអស់ហើយ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចនៅមិនទាន់រកមុខម្ចាស់ឈើឃើញនៅឡើយទេ គ្រាន់តែដឹងថាទីតាំងស្រះទឹកដែលមានដាក់ឈើត្រាំនោះ ជាកម្មសិទ្ធរបស់ឈ្មោះ ប្រុស ។ ប្រភពមន្ត្រីក្នុងខេត្តជាច្រើនលើកឡើងថា តាំងពីលោកវរៈសេនីយ៍ឯក មីន រស្មី ឡើងជាស្នងការរងទទួលផែនសេដ្ឋកិច្ច លោកបានធ្វើការបង្ក្រាបបទល្មើសធំៗចំនួន២ករណី ហើយដែលសមត្ថកិច្ចជំនាញបង្ក្រាប គឺទី១បានបង្ក្រាបទំនិញខូចគុណភាពជិត២តោន ប្រគល់ឲ្យជំនាញកាំកុងត្រូល ដុតកម្ទេចចោល និងទី២គឺបទល្មើសឈើមូលនេះឯង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល រឹតបន្តឹងអំពីការទប់ស្កាត់បទល្មើសទាំងអស់នេះ ៕
ចែករំលែកព័តមាននេះ