រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែការស្រវឹងស្រា ហើយយកសាំងចាក់ដុតខ្លួន បណ្តាលឱ្យឆេះខ្លោចសព្វពេញខ្លួនប្រាណ សូម្បីតែសក់ក្បាល និងប្រដាប់ភេទក៏ឆេះរួញអស់រលីងដែរ។ ចំណែកមុខវិញឆេះខ្លោចខ្មៅមើលស្ទើរមិនស្គាល់ថា ជាមុខ ឯដងខ្លួនទាំងមូលឆេះខ្លោចខ្មៅដែរ ហើយត្រឹមចង្កេះចុះក្រោមរលាត់ស្បែកក្រហមរងាលដូចកូនកណ្តុររលូត ។ រឿងរ៉ាវដុតខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ កុម្ភៈ ហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកំពង់ត្រឡាច តែដោយសារការឆេះខ្លួននេះធ្ងន់ធ្ងរពេក ទើបមន្ទីរពេទ្យបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
តាមប្រភពព័ត៌មានពីអ្នកដែលនៅជិតផ្ទះកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះមឿន ធា អាយុ២៤ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅភូមិសារាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះថោ រ៉ា អាយុ២៣ឆ្នាំ និងមានកូនប្រុសម្នាក់ ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា កាលពីថ្ងៃទី១៦ កុម្ភៈ ប្រពន្ធជនរងគ្រោះបានទៅខ្ចីប្រាក់ពីអង្គការចំនួន៧០ម៉ឺនរៀល បន្ទាប់ពីខ្ចីប្រាក់បានហើយ ជនរងគ្រោះបានយកប្រាក់នេះទៅទិញទូរស័ព្ទដៃមួយគ្រឿង រួចទៅផឹកស្រានៅភូមិអូរ ឃុំច្រេស ចំងាយពីផ្ទះប្រមាណ៣គីឡូម៉ែត្រ ពេញមួយថ្ងៃ ទើបត្រឡប់មកផ្ទះវិញ ។ លុះមកដល់ផ្ទះម៉ោងប្រមាណ៧និង២០នាទីយប់ ឈ្មោះមឿន ធា ជាប្តី និងប្រពន្ធឈ្មោះថោ រ៉ា បានឈ្លោះប្រកែកគ្នា ។
បន្ទាប់ពីឈ្លោះប្រកែកគ្នារួច ឈ្មោះមឿន ធា បានទៅផ្ទះប្អូនស្រីឈ្មោះមឿន ផាត អាយុ១៣ឆ្នាំ រួចប្រើឱ្យទៅទិញសាំង១លីត្រ យកមកចាក់ម៉ូតូ ។ ប្អូនស្រីក៏ដើរទៅទិញសាំងយកមកឱ្យ ហើយត្រឡប់ទៅផ្ទះវិញ ស្មានថា បងយកសាំងទៅចាក់ម៉ូតូ បែរជាបងប្រុសនេះ ពេលបានសាំងហើយ ដើរទៅមុខផ្ទះរួចយកសាំងចាក់ស្រោចលើខ្លួនប្រាណ ហើយកេះដែកកេះដុតឆេះឆាបសន្ធោសន្ធៅតែម្តង ដោយគ្មាននរណាជួយពន្លត់ ព្រោះអ្នកភូមិរវល់ធ្វើស្រែ និងមិនបានមកសំរាកនៅផ្ទះទេ ហើយអ្នកដែលនៅផ្ទះសុទ្ធតែចាស់ជរា ដូច្នេះហើយទើបគ្មានអ្នកជួយ ទាល់តែភ្លើងឆេះស្ទើរខ្លោចពេញខ្លួនរលត់ទៅវិញទើបបានដឹង។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារបាននាំជនរងគ្រោះមកដល់មន្ទីរពេទ្យព្រះកុសុមៈ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ កុម្ភៈ ។ ពេលមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានធ្វើការជួយសង្គ្រោះជាបន្ទាន់ តែមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ កុម្ភៈ ជនរងគ្រោះក៏បានស្លាប់ ។ លោកវេជ្ជបណ្ឌិតសូ វុន អគ្គានុរក្សរងប្រចាំមន្ទីរពេទ្យព្រះកុសុមៈ បានមានប្រសាសន៍ឱ្យដឹងថា ដោយសារជនរងគ្រោះត្រូវភ្លើងឆេះពេញខ្លួនទាំងអស់ ដូច្នេះកំរិតនៃការឆេះឆាបឈានដល់១០០ភាគរយទៅហើយ គ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ ។
- អុជចង្កៀងចាក់ប្រេងសាំងម៉ាស៊ីនកាណូតក្លាយជាអគ្គីភ័យឆេះផ្ទះបណ្តែតទឹក
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះផ្ទះបណ្តែតទឹកកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ កុម្ភៈ នៅភូមិត្អួររលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខណៈដែលស្ត្រីរូបនោះ អុជចង្កៀងបំភ្លឺដើម្បីយកប្រេងសាំងទៅចាក់ម៉ាស៊ីនកាណូត ហើយបណ្តាលឱ្យឆាបឆេះឡើង ។ តាមប្រភពពីលោកប៉ាល់ ជឿន អធិការស្រុកកំពង់លែង បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះហ៊ីង ជឿន អាយុ៥៣ឆ្នាំ បានរងរបួសឆេះរលាកខ្លួនមួយកំណាត់ត្រឹមចង្កេះចុះក្រោម និងមនុស្សពីរនាក់ទៀតបានរងរបួសស្រាល។ ចំណែកផ្ទះបណ្តែតទឹកនោះក៏បានឆេះអស់មួយកំណាត់ខាងក្រោយផងដែរ ។
លោកបានបញ្ជាក់ពីមូលហេតុនៃអគ្គីភ័យនោះថា នៅវេលាម៉ោងប្រហែល៨យប់ ស្ត្រីរងគ្រោះបានយកសាំងចំនួនពីរលីត្រដាក់ក្នុងដបទឹកក្រូច ហើយយកនៅចាក់ម៉ាស៊ីនកាណូតរបស់ខ្លួន។ ពេលចាក់នោះក៏បានយកចង្កៀងប្រេងកាតទៅបំភ្លឺផងដែរ ។ ភ្លាមនោះដោយសារសាំងនិងភ្លើងចង្កៀងនៅក្បែរគ្នាក៏បានបណ្តាលឱ្យឆាបឆេះធ្វើឱ្យស្ត្រីរូបនោះភ្ញាក់ដូចចាក់សាំងស្រោចខ្លួនឯងមួយកំណាត់ក្រោម និងរាលដាលឆេះដល់ផ្ទះបាយផ្នែកខាងក្រោយ ។ ភ្លាមនោះអ្នកជិតខាងរួមនឹងក្រុមគ្រួសារនាំគ្នាជួយពន្លត់បានទាន់ពេលវេលា តែទោះជាយ៉ាងណា ផ្ទះបណ្តែតទឹកបានឆេះអស់មួយកំណាត់ក្រោយទៅហើយ ចំណែកស្ត្រីរងគ្រោះត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តផងដែរ ៕
( ប្រាំមួយ+ឫទ្ធិសែន )
ចែករំលែកព័តមាននេះ