រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួននៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការរួមភេទជាមួយអនីតិជន ។
ជនសង្ស័យមានឈ្មោះ សន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.រ.ក អាយុ១២ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន ។
ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ស្គាល់គ្នាតាមរយះប្រព័ន្ធហ្វេសបុក រហូតឈានដល់ស្រលាញ់គ្នាបាន៦ខែ ក្នុងទំនាក់ទំនងជាសង្សារ ។ នៅវេលាយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យជាសង្សារបានណាត់ក្មេងស្រីរងគ្រោះចូលទៅរាំលេងក្លឹបកម្សាន្តមួយកន្លែង លុះរាំលេងកម្សាន្តរួច អ្នកទាំង២បានដឹកដៃគ្នាចូលទៅដេកផ្ទះសំណាក់មួយកន្លែងនៅម្តុំផ្សារសុវណ្ណា តាំងពីវេលាម៉ោង១០យប់រហូតទល់ភ្លឺតែម្តង ។
លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ឲ្យដឹងថា នៅវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែឆ្នាំដដែល អាណាព្យាបាលខាងស្រី បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ ។ ក្រោយទទួលពាក្យបណ្តឹងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា នេះ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យដល់បន្ទប់ផ្ទះជួលតែម្តង ។
ចម្លើយចំពោះមុខសមត្ថកិច្ច ជនសង្ស័យពិតជាបានរួមរ័ក្សជាមួយក្មេងស្រីជាសង្សារ ដែលជាអនីតិជនមិនទាន់គ្រប់អាយុប្រាកដមែន ។ យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធីតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ការរួមភេទជាមួយអនីតិជនដែលមិនទាន់គ្រប់អាយុ បើទោះបីជាមានការព្រមព្រៀងជាមួយគ្នាក៏ដោយ ក៏ជនដែលបានប្រព្រឹត្តិ ត្រូវទទួលទោសទណ្ឌចំពោះមុខផ្លូវច្បាប់ផងដែរ ៕



ចែករំលែកព័តមាននេះ