ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​បុគ្គលិក​សួរ​រឿង​លុយ​ខ្ចី ទើប​ដឹង​ថា​គេ​លួច​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់​ដប​ង លោកស្រី ប៉ុក ច័ន្ទ​ធា​រី បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា នេះ…

ខេត្តបាត់ដំបង ៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់​ដប​ង លោកស្រី ប៉ុក ច័ន្ទ​ធា​រី បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា នេះ ក្រោយ​ពី​ដឹង​ថា អា​ខោ​ន «​ហ្វេ​ស​ប៊ុ​ក​» លោកស្រី​ដែល​មានឈ្មោះ «Teary chan» ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ចូល «hake» លេង​ឆាត​ខ្ជី​លុយ​គេឯង​ជាង​២០​នាក់ រហូត​មាន​អ្នកខ្លះ​ត្រូវ​អស់​លុយរាប់​រយ​ដុល្លារ ពិសេស​បុគ្គលិក​មន្ទីរ​ព័ត៌មាន​តែ​ម្ដង ។

យោង​តាម​បណ្ដឹង​របស់​លោកស្រី ប៉ុក ច័ន្ទ​ធា​រី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ឲ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​លោកស្រី ដែល​មានឈ្មោះ «Teary chan» ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ចូល​លេង (hake) កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ដោយ​ជន​មិន​ស្គាល់​មុខ​នេះ​បាន​លេង​ឆាត​ទៅ​ខ្ចី​លុយ​គេឯង​ជាង​២០​នាក់ ជា​ពិសេស​ឆាត​ទៅ​ខ្ចី​លុយ​មន្ត្រី​ព័ត៌មាន ដែល​ជា​បុគ្គលិក​របស់​លោកស្រី​តែ​ម្ដង ខណៈ​លោកស្រី​មិន​បានដឹង​អ្វី​សោះ ។ លោកស្រី ធា​រី បាន​និយាយ​នៅ​ក្នុង​បណ្ដឹង​ថា បុគ្គលិក​មន្ទីរ​ព័ត៌មាន​ម្នាក់​ឈ្មោះ ភី សុខ ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «savy sok» បាន​ផ្ញើ​លុយ​ចំនួន​៥០០​ដុល្លារ ទៅ​ឲ្យ​ជន​នោះ ក្រោយ​ពី​ជន hake នេះ​បាន​លួច​ចូល​អា​ខោ​ន​របស់​លោកស្រី ហើយ​ឆាត​ទៅ​ខ្ចី​លុយ​ចំនួន​៥០០​ដុល្លារ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ។

លោកស្រី ប៉ុក ច័ន្ទ​ធា​រី បាន​បញ្ជាក់​ថា ជន hake នេះ​បាន​ប្រើ​អា​ខោ​ន​លោកស្រី ឆាត​ទៅ​កាន់​មនុស្ស​ជាង​២០​នាក់ ដើម្បី​ខ្ចី​លុយ ចាប់តាំងពី​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត រហូត​ដល់​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង​ព័ត៌មាន ដែល​ជា​ហ្វ្រែ​ន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ។ ប៉ុន្តែ​សំណាងល្អ​គ្មាន​អ្នក​ខាតបង់ គឺ​មាន​តែ​លោក ភី សុខ ម្នាក់​ប៉ុណ្ណោះ ដែល​រង​គ្រោះ​អស់​៥០០​ដុល្លារ ។ ប្រធាន​មន្ទីរ​ព័ត៌មាន​រូប​នេះ បាន​បញ្ជាក់​ដែរ​ថា លោកស្រី​បានដឹង​រឿង​នេះ ក្រោយ​ពី​មាន​មន្ត្រី​នៅ​ក្រសួង​ព័ត៌មាន​ទូរស័ព្ទ​មក​សួរនាំ​អំពី​រឿង​លោកស្រី​«​ឆាត​» ខ្ចី​លុយ​គេ​ព្រោងព្រាត​នេះ ។ លុះ​លោកស្រី​បើក​ហ្វេ​ស​ប៊ុ​ក​មើល ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារ​ឃើញ​មាន​គេ​លួច​ចូល​លេង​ហ្វេ​ស​ប៊ុ​ក​លោកស្រី ហើយ​ឆាត​ទៅ​ខ្ចី​លុយ​គេឯង​ជាង​២០​នាក់ ។

ម្ចាស់​អា​ខោ​ន​ឈ្មោះ savy sok គឺ​លោក ភី សុខ ដែល​ជា​បុគ្គលិក​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​ខាតបង់​លុយ​អស់​៥០០​ដុល្លារ ដោយសារ​ចាញ់កល​ជន hake បាន​ប្រាប់​កោះសន្តិភាព​ថា ពេល​ឃើញ​អា​ខោ​ន​ឈ្មោះ Teary can ឆាត​មក​ខ្ចី​លុយ​៥០០​ដុល្លារ​នោះ លោក​មិន​បាន​គិត​ថា មាន​ជន​លួច​ចូល​អា​ខោ​ន​នេះ​ទេ ព្រោះ​លោក​ដឹង​ថា ជា​អា​ខោ​ន​របស់​លោកស្រី ប៉ុក ច័ន្ទ​ធា​រី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ហើយ​ពេល​ឃើញ​ដូច្នេះ លោក​ក៏​សួរនាំ​គាត់​ខ្លះ​ៗ​អំពី​រឿង​ខ្ចី​លុយ​នេះ ។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​សួរនាំ​ភ្លាម​ៗ​នោះ លោក​ក៏​បាន​ទៅ​ធនាគារ​ដក​លុយ​៥០០​ដុល្លារ ដើម្បី​ផ្ញើ​តាម​វី​ង​ទៅ​ឲ្យ​គាត់ ដោយ​បាន​ថតចម្លង​វិក្កយបត្រ ដែល​មាន​លេខ​កូដ (​លេខ​សម្ងាត់​) ដក​លុយ​ផង ផ្ញើ​តាម​ឆាត​នេះ​ដែរ ទៅ​ឲ្យ​គាត់​តែ​មិន​បាន​ទំនាក់ទំនង​បន្ថែម​តាម​ទូរស័ព្ទ​ទេ ព្រោះ​សំអាង​ថា គាត់​ជា​មេ​កើយ ។

ប៉ុន្តែ​លោក ភី សុក បាន​បញ្ជាក់​ថា ប្រហែល​២​ម៉ោង​ក្រោយ​ពី​លោក​បាន​ផ្ញើ​លុយ លោក​ក៏​បាន​ទូរស័ព្ទ​ទៅ​គាត់ (​លោកស្រី​ធា​រី​) សួរនាំ​អំពី​រឿង​លុយ​នេះ តើ​គាត់​បាន​ទទូ​លហើយ​ឬ​នៅ ? ស្រាប់តែ​លោកស្រី​ឆ្ងល់ ! សួរនាំ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្រប​ពេល​នោះ ក៏​មាន​មន្ត្រី​ក្រសួង​ព័ត៌មាន ទូរស័ព្ទ​មក​សួរ​គាត់​អំពី​រឿង​ឆាត​ខ្លី​លុយ​គេ​នេះ​ដែរ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ លុះ​ពេល​លោកស្រី​ទៅ​បើក​មើល​ហ្វែ​ស​ប៊ុ​ក ទើប​ដឹង​ថា មាន​គេ hake ចូល​ហ្វេ​ស​ប៊ុ​ក​គាត់​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត ។ លោក ភី សុក ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​លោក​ផ្ញើ​លុយ​៥០០​ដុល្លារ ទៅ​ឲ្យ​ប្រធាន​មន្ទីរ​នេះ គឺ​លោក​បាន​ដាក់​លេខ​ទូរស័ព្ទ​របស់​គាត់​សម្រាប់​ទៅ​ដក​លុយ​នោះ ។

លោក​ថា ក្រោយ​ពី​ដឹង​ថា​មាន​គេ​លួច​ចូល​ហ្វេ​ស​ប៊ុ​ក​បែប​នេះ រូប​លោក និង​លោកស្រី ប៉ុក ច័ន្ទ​ធា​រី បាន​ទំនាក់ទំនង​សួរនាំ​ទៅ​ក្រុមហ៊ុន វី​ង ហើយ​ខាង​ក្រុមហ៊ុន​វី​ង​ប្រាប់​ថា លុយ​ចំនួន​៥០០​ដុល្លារ​នោះ ត្រូវ​គេ​បើក​យក​ហើយ ខណៈ​ម្ចាស់​លេខ​ទូរស័ព្ទ គឺ​លោក ស្រី ច័ន្ទ​ធា​រី មិន​បានដឹង​ហើយ មិន​បាន​ទៅ​បើក​លុយ​នោះ​សោះ ។ លោក ភី សុខ បាន​ស្រង់​សម្ដី​ខាង​ក្រុមហ៊ុន វី​ង ថា ជា​ធម្មតា​ពេល​ទៅ​បើក​លុយ ភ្នាក់ងារ​វី​ង​នីមួយ​ៗ​ត្រូវ​ឆែក ឬ​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​អ្នក​ដែល​ត្រូវ​ទ​ទូល​លុយ លុះ​ឃើញ​ត្រឹមត្រូវ​ហើយ ទើប​អាច​បើក​លុយ​ឲ្យ​ទៅ​អតិថិជន​បាន ប៉ុន្តែ​ករណី​នេះ​ម្ចាស់​លេខ​មិន​បានដឹង ឬ​មិន​បាន​ទៅ​បើក​សោះ បែរជា​ភ្នាក់ងារ​វី​ង បើក​លុយ​នោះ​ឲ្យ​គេ​បាន​ដែរ ដែល​គេ​សង្ស័យ​ថា ជន hake និង​ភ្នាក់ងារ​វី​ង​នោះ អាច​ជា​ក្រុម​តែ​មួយ ហើយ​បើ​តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង គឺ​ទីតាំង​ភ្នាក់ងារ​វី​ង ដែល​បាន​បើក​លុយ​នោះ ស្ថិត​នៅ​ម្ដុំ​ផ្សារ​អូរ​ឬ​ស្សី រាជធានី​ភ្នំពេញ ។

លោកស្រី ប៉ុក ច័ន្ទ​ធា​រី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​បញ្ជាក់​ក្នុង​បណ្ដឹង​របស់​លោកស្រី​ថា ជុំវិញ​បញ្ហា​នេះ លោកស្រី​មិន​បានដឹង​អ្វី​ទាំងអស់ ហើយ​ពេល​នេះ​លោកស្រី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ ដើម្បី​ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ចាត់វិធានការ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ ដែល​លួច​ចូល​លេង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ។ ជាមួយ​គ្នា​នេះ លោក ភី សុខ ដែល​ចាញ់កល​ជន hake បាន​បញ្ជាក់​ចុង​ក្រោយ​ថា ក្រុមហ៊ុន​វី​ង​បាន​ចេញ​មុខ​ទ​ទូល​ខុស​ត្រូវ​បង់​សំណង​ចំនួន​៥០០​ដុល្លារ ជូន​លោក​វិញ ហើយ​ក្រុមហ៊ុន​ក៏​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ជាមួយ​សមត្ថកិច្ច​អំពី​ករណី​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ