រាជធានីភ្នំពេញ ៖ រថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាលឯកជន បើកបើកឆ្លងផ្លូវកៀរម៉ូតូមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង នៅម្តុំអាងទឹកភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តសង្គ្រោះគ្លីនិកឯកជនម៉ាក ស្តារិច ពណ៌ស ជារថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាលឯកជន ដែលមានទីតាំងតាមបណ្តោយផ្លូវ២១៧ ស្ថិតនៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានបើកឆ្លងផ្លូវជើងទៅត្បូង ។ ឬឯម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BW-៩៥៦៨ បើកបរដោយយុវជន២នាក់ មិនស្គាល់ឈ្មោះ បើកបរក្នុងទិសដៅពីកើតទៅលិច ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសង្គ្រោះគ្លីនិកឯកជនមួយគ្រឿង បើកបរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម លុះបើកមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបើកឆ្លងផ្លូវដោយមិនស៊ីញ៉ូ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលឆ្លងផ្លូវបានបន្តិច ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៣ ដែលកំពុងតែបើកយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច បម្រុងបើកជែងរថយន្តសង្គ្រោះ តែជែងមិនផុត បានកៀរចំថ្ពាល់រថយន្តផ្នែកខាងឆ្វេង បណ្ដាលឲ្យកំពឹតរថយន្ត ឬឯម៉ូតូដួលអូសជាង១០០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវមិត្តភក្តិដឹកយកទៅព្យាបាល អ្នកដែលរងរបួសស្រាលបានសម្របសម្រួលជាមួយរថយន្តសង្គ្រោះគ្លីនិកឯកជន ដែលរថយន្តបង្កដោយខាងរថយន្តបង្កចេញថ្លៃព្យាបាល និងដឹកជនរងគ្រោះទៅមន្ទីរព្យាបាលរបស់ខ្លួន ចំណែកម៉ូតូ និងរថយន្តជួសជុលរៀងខ្លួន ៕
ចែករំលែកព័តមាននេះ