ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​គរ​នៅ​ជុំវិញ​ផ្សារ បង្ក​ជា​ក្លិនស្អុយ​ផល​ប៉ះពាល់​អាជីវករ និង​ភ្ញៀវ​ទេសចរ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ គំនរ​សំរាម​ជា​ច្រើន ដែល​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី យក​ទៅ​ដាក់​បង្គរ​នៅ​ក្បែរ​ផ្សារ ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ គំនរ​សំរាម​ជា​ច្រើន ដែល​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី យក​ទៅ​ដាក់​បង្គរ​នៅ​ក្បែរ​ផ្សារ ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ បាន​បញ្ចេញ​ក្លិនស្អុយ​ខ្លាំង ធ្វើ​ឱ្យ​ម្នាក់​ៗ​ទ្រាំ​លែង​បាន ក៏​ខឹងសម្បារ​នឹង​ម្ចាស់​ក្រុមហ៊ុន ដែល​អត់​ឃើញ​យក​រថយន្ត​ចូល​ទៅ​ដឹក​សម្រាម​យក​ទៅ​ចោល ។

អាជីវករ​លក់ដូរ​នៅ​ក្បែរ​គំនរ​សំរាម​បានឱ្យ​ដឹង​ថា អស់​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដែល​មេការ​ក្រម​ហ៊ុន​អនាម័យ​ខេត្ត​ប៉ៃលិន អត់​បាន​យក​រថយន្ត​ដឹក​សម្រាម​យក​ទៅ​ចាក់ចោល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ការ​ដកដង្ហើម​របស់​ពួក​គាត់ ដែល​លក់ដូរ​នៅ​ក្បែរ​នោះ ហើយ​ក៏​ជះក្លិន​ស្អុយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្សារ​ផង​ដែរ ។ ប្រភព​បន្ត​ទៀត​ថា ដោយសារ​តែ​មាន​បញ្ហា​ក្លិនស្អុយ​ខ្លាំង​ពេក លំបាក​ក្នុង​ការ​លក់ដូរ ធ្វើ​ឱ្យ​ពួក​គាត់​មួយ​ចំនួន​បិទ​តូប​លក់ដូរ​ជា​បណ្តោះអាសន្ន រហូត​ដល់​ក្រុមហ៊ុន​យក​រថយន្ត​ទៅ​ដឹក​សំរាម​ចាក់ចោល ទើប​បើក​តូប​លក់​បន្ត​ទៀត ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ធ្វើ​ឱ្យ​ពួក​គាត់​ឈឺក្បាល​វិលមុខ មិន​អាច​ទ្រាំ​លក់ដូរ​នៅ​ក្បែរ សម្រាម​ដែល​ស្អុយ​នេះ​បាន​ទេ ហើយ​ចំណែក​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ទិញ​ម្ហូបអាហារ ក៏​មិន​ចង់ទៅ​ក្បែរ​កន្លែង​នោះ​ដែរ ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ទិញ​ម្ហូបអាហារ និង​អ្នកបើកបរ​ម៉ូតូ​តាម​ផ្លូវ​ក្បែរ​កន្លែង​គំនរ​សំរាម នេះ​ធ្វើការ​រិះគន់​ទៅ​លើ​អ្នក​មៅ​ការ​សំរាម​ថា ពិតជា​ធ្វេសប្រហែស​ក្នុង​ការ​ដឹក​សម្រាម​យក​ទៅ​ចាក់ចោល ធ្វើ​ឱ្យ​ជះក្លិន​ស្អុយ​ស្ទើរ​ពេញ​ផ្សារ លំបាក​ក្នុង​ការ​ដកដង្ហើម ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម និង​បង្ក​ទៅ​ជា​ជំងឺ​រោគា​ផង​ដែរ ។ ពួក​គាត់​ម្នាក់​ៗ មិន​ចង់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ទេ ព្រោះ​ស្អុយ​ខ្លាំង​រហូត​ដល់ ទ្រាំ​លែង​បាន​តែ​ម្តង ។

លោក ណុ​ប សា​លុ​ច មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ការ​រាំងស្ទះ​ក្នុង​ការ​ដឹក​សំរាម​យក​ទៅ​ចាក់ចោល ពិតជា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ផ្សារ​សាមគ្គី ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ ដូច្នេះ​សូម​ឱ្យ​ខាង​សារព័ត៌មាន ជួយ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​អនាម័យ​យកចិត្តទុកដាក់​ក្នុង​ការ​ប្រមូល​សំរាម​យក​ទៅ​បោះចោល​ឱ្យ​បាន​ទាន់​ពេលវេលា ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ថា ពី​មុន​ក្រុមហ៊ុន​ដឹក​សំរាម​មួយ​នេះ យកចិត្តទុកដាក់​ក្នុង​ការ​ប្រមូល​សំរាម យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បែរជា​ទុក​សំរាម​ចោល​បង្ក​ទៅ​ជា​ក្លិនស្អុយ ខាង​លោក​នឹង​ទាក់ទង​សួរនាំ ដើម្បី​ឱ្យ​យក​ទៅ​ចាក់ចោល​ជា​ប្រញាប់ កុំឱ្យ​បន្ត​ប៉ះពាល់​ដល់​ប្រជាប​ល​រដ្ឋ ។

ចំណែក​លោក សែ​ប សា​រ៉ា​ន់ ហៅ​ចិន ជា​មេការ​ក្រុមហ៊ុន​ដឹក​សំរាម​អនាម័យ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​តែងតែ​ដើរ​យក​សំរាម​ជាប់​ជា​និច្ច ប៉ុន្តែ​ដោយសារ​រថយន្ត​ដឹក​សំរាម​ខូច ទើប​ចូល​ទៅ​ដឹក​សំរាម​ក្នុង​ផ្សារ​អត់​ទាន់ ក៏​បណ្តាល​ឱ្យ​ស្អុយ​បែប​នេះ​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា ប្រហែលជា​នៅ​យប់​បន្តិច បន្ទាប់​ពី​ខាង​លោក​ជួសជុល​រថយន្ត​រួចរាល់ នឹង​ចូល​ទៅ​ប្រមូល​សំរាម​ដែល​នៅ​សេសសល់​ទាំង​អស់នោះ​ភ្លាម​ៗ មិន​ឱ្យ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ