ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជនបរទេស​មាន​សិទ្ធិ​ទិញ​អចលនវត្ថុ​នៅ​កម្ពុជា​ដែរ​ឬទេ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មាន​ជនបរទេស​ស្ទើរ​ចម្រុះ​ជាតិ​សាសន៍​បាន​មក​រស់នៅ ធ្វើ​ការ និង​ប្រកប​របរ​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពួក​គេ​ទាំងនោះ​មួយ​ចំនួន​បាន​មក​រស់​នៅ​រយៈពេល​ខ្លី និង​ខ្លះ​ទៀត​បាន​ទិញ​លំនៅ​លំនៅ​ឋាន​រស់នៅ​ជួបជុំ​គ្រួសារ​ក្នុង​សង្គម​កម្ពុជា ដោយ​មាន​ទាំង​កូន…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មាន​ជនបរទេស​ស្ទើរ​ចម្រុះ​ជាតិ​សាសន៍​បាន​មក​រស់នៅ ធ្វើ​ការ និង​ប្រកប​របរ​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពួក​គេ​ទាំងនោះ​មួយ​ចំនួន​បាន​មក​រស់​នៅ​រយៈពេល​ខ្លី និង​ខ្លះ​ទៀត​បាន​ទិញ​លំនៅ​លំនៅ​ឋាន​រស់នៅ​ជួបជុំ​គ្រួសារ​ក្នុង​សង្គម​កម្ពុជា ដោយ​មាន​ទាំង​កូន ពូន​ជា​ចៅ​យ៉ាង​សុខសាន្ដ ។ តើ​ជនបរទេស​ទាំងនោះ​មាន​សិ​ទិ្ធ​ទិញ​អចលនវត្ថុ​នៅ​កម្ពុជា ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ដែរ​ឬទេ ?

បើ​តាម​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានឱ្យ​ដឹង​ថា ជនបរទេស​ពិតជា​មាន​សិទ្ធិ​លើ​កម្មសិទ្ធិ ប៉ុន្ដែ​ទៅ​លើ​អគារ​សហកម្មសិទ្ធិ​តែ​ប៉ុណ្ណោះ មិន​អាច​ទិញ​លំនៅ​ឋាន​ជាន់​ផ្ទាល់​ដី​បានជា​ដាច់ខាត ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់ លោក សេង ឡូត បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២០ តុលា ម្សិល​មិញ ថា ៖« ជនបរទេស​មាន​សិទ្ធិ​ទិញ​អចលនវត្ថុ​នៅ​កម្ពុជា​តែ​នៅ​លើ​អគារ​សហកម្មសិទ្ធិ ចាប់ពី​ជាន់​ទី​១​ឡើង​ទៅ » ។

លោក​បន្ដ​ថា ៖«​ការ​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​លើ​កម្មសិទ្ធិ​នេះ វា​បាន​ផ្តល់​ប្រយោជន៍​​ដល់​ការ​អភិវឌ្ឍ​នៃ​វិស័យ​សំណង់ ជា​ពិសេស លើ​ការ​សាងសង់​អគារ​សហកម្មសិទ្ធិ​នៅ​កម្ពុជា » ។

យោង​តាម​ច្បាប់​ស្តី​ពី​ការ​ផ្តល់​សិទ្ធិកម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ដល់​​ជនបរទេស ដែល​មាន​៨​ជំពូក និង​២៤​មាត្រា បាន​កំណត់​ថា អគារ​សហកម្មសិទ្ធិ គឺ​សំដៅ​ដល់​អគារ ឬ​សំណង់​ដែល​មានកម្ម​សិទ្ធិករ​ច្រើន​នាក់​រស់នៅ​។ អគារ​សហកម្មសិទ្ធិ​មាន​ចំណែក​ខ្លះ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​សហកម្មសិទ្ធិករ​នីមួយ​ៗ ហៅ​ថា «​ចំណែក​ឯក​ជន​» និង​មាន​ចំណែក​ខ្លះ​ជា​លំហ​រួម​សម្រាប់​ការ​ប្រើប្រាស់​រួម​របស់​សហកម្មសិទ្ធិករ​ទាំង​អស់ ហៅ​ថា «​ចំណែក​រួម​»​។ ការ​បង្កើត​ច្បាប់​នេះ​ឡើង សំដៅ​ទាក់ទាញ និង​សម្រួល​ដល់​ធុរកិច្ច​របស់​វិនិយោគិន​លើ​វិស័យ​សំណង់ ព្រមទាំង​ជួយ​ដល់ទី​ផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា។

យោង​តាម​មាត្រា​៦​នៃ​ច្បាប់​នេះ បាន​ចែង​ថា ជនបរទេស​មាន​សិទ្ធិកម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ ចាប់ពី​ជាន់​ទី​១ (​មួយ​)​ឡើង​ទៅ ។ ជាន់​ផ្ទាល់​ដី និង​ជាន់​ក្រោម​​ដី មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​សិទ្ធិកម្មសិទ្ធិ​ឡើយ ។

ក្នុង​មាត្រា​២២​នៃ​ច្បាប់​នេះ ក៏​បាន​ចែង​ដែរ​ថា ជនបរទេស​ណា​ដែល​បាន​ទទួល​ទិញ ឬ​ទទួល​ផ្ទេរ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​មុន​ច្បាប់​នេះ​ចូល​ជា​ធរមាន ហើយ​មិន​ស្រប​តាម​បញ្ញត្តិ​ទាំងឡាយ​ដូច​មាន​ចែង​ក្នុង​មាត្រា​៦​នៃ​ច្បាប់​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ដោះស្រាយ​ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​នេះ​ឡើង​វិញ ក្នុង​រយៈពេល​២ (​ពីរ​) ឆ្នាំ ។

ក្នុង​ករណី​ដែល​មិន​គោរព​តាម​កថាខណ្ឌ​ទី​១​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ប្ដឹង​ទៅ​តុលាការ ដើម្បី​លក់​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​នោះ​ដោយ​បង្ខំ ។

លោក ឡៅ ទិព្វ​សីហា មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​​ប្រសាសន៍​ថា បន្ទាប់​ពី​ច្បាប់​កម្ពុជា​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​ទិញ​អចលនវត្ថុ​ធ្វើ​ជា​កម្មសិទ្ធិ​មក​ឃើញ​ថា កំណើន​ចំនួន​ជនបរទេស​ទទួល​បាន​សិទ្ធិ​កើនឡើង ។

ជាក់ស្តែង នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ ជនបរទេស​ប្រមាណ​៧៧៨​នាក់​បាន​សិទ្ធិកម្មសិទ្ធិ​ចំណែក​ឯកជន​លើ​អគារ​សហកម្មសិទ្ធិ មិនមែន​ដីធ្លី ។

លោក​បន្ត​ថា ៖« ក្នុង​ឆ្នាំ​២០១៧​នេះ យើង​មិន​ទាន់​ធ្វើការ​ប្រៀបធៀប​នៃ​ចំនួន​ជនបរទេស​មាន​សិទ្ធិកម្មសិទ្ធិ​នៅឡើយ​ទេ តែ​ជា​រួម ការ​ទិញ​លក់​អគារ​សហកម្មសិទ្ធិ​សម្រាប់​ជន​បរទេស​នេះ​នៅ​តែ​មាន​សកម្មភាព​ខ្លាំងក្លា​នៅឡើយ ហើយ​នៅ​ដំណាច់ឆ្នាំ​នេះ ចំនួន​ជនបរទេស​បាន​សិទ្ធិកម្មសិទ្ធិ​នឹង​បន្ត​កើនឡើង​ថែម​ទៀត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ