ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលខេត្ត​បាត់ដំបង​ថ្មី

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​មានការ​ចូលរួម​ពី​អតីតៈ​អភិបាលខេត្ត​ទាំងអស់ និង​ខេត្ត​ផ្សេង​ៗ​ទៀត មន្ត្រីរាជការ…

ខេត្តបាត់ដំបង ៖ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​មានការ​ចូលរួម​ពី​អតីតៈ​អភិបាលខេត្ត​ទាំងអស់ និង​ខេត្ត​ផ្សេង​ៗ​ទៀត មន្ត្រីរាជការ កងទ័ព នគរបាល អាវុធហត្ថ​សរុប​រួម​១,២៧០​នាក់ បាន​មក​ចូលរួម​នៅ​ក្នុង​មហោស្រព​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ។

លោក ច័ន្ទ សុផល អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដែល​ត្រូវ​ចូល​និវត្តន៍​បាន​មាន​មតិ​ថា ឆ្លងកាត់​ការងារ​ពេញ​មួយ​ឆ្នាំ​២០១៧ ក្នុង​នាម​អភិបាលខេត្ត បាន​ជំរុញ​ដំណើរការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ក្រោម​ម្លប់​សុខ​សន្តិភាព សំខាន់​ជំរុញ​វិស័យ​កសិកម្ម ដំណាំ​ឧស្សាហកម្ម និង​ដំណាំ​រួម​ផ្សំ​សរុប​បាន​ចំនួន​១២៨,៥១៤​ហិ​កតា គិត​មក​ដល់​ខែកញ្ញា ឆ្នាំ​២០១៧ នេះ ហើយ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​រួម​មាន ផ្លូវថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ ប្រឡាយ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការ​ពង្រីក​ប្រព័ន្ធ​ទឹក​ស្អាត អគ្គិសនី ការ​បំពាក់​ភ្លើង​សាធារណៈ ភ្លើង​បញ្ចៀស​ចរាចរ រៀបចំ​សួន​សាធារណៈ និង​វិស័យ​នានា ដែល​ធ្វើ​ឲ្យ​ខេត្តបាត់ដំបង​កែប្រែ​សោភ័ណ​ភាព​ខុស​ប្លែក​ជា​ពី​មុន​យ៉ាងច្រើន ។

បន្ទាប់​មក​លោក អ៊ួ​ង ច​ន្ឋី ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​អាន​ព្រះរាជក្រឹត្យ អនុក្រឹត្យ ដោយ​តែងតាំង​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង លោក អ៊ុយ សុធា​វី អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ផ្លាស់​មក​ជា​អភិបាលរង​ខេត្តបាត់ដំបង លោក សឿ​ម ប៊ុ​ន​រិ​ទ្ឋ នាយខុទ្ទកាល័យ​សាលាខេត្ត តែងតាំង​ជា​អភិបាលរង​ខេត្តបាត់ដំបង ។ ក្រោយ​ពី​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រគល់​ត្រា​រដ្ឋបាល​ដោយ សម្តេច​ក្រឡាហោម ស ខេ​ង រួច​មក លោក ងួ​ន រតនៈ អភិបាលខេត្ត​ទើប​ឡើង​ថ្មី បាន​ឡើង​ធ្វើការ​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្តន៍​តាម​តួនាទី​ដឹកនាំ និង​រួម​សហការ​គ្នា​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ផលប្រយោជន៍​សង្គម​ជាតិ និង​រក្សា​សេចក្តីសុខ សណ្តាប់ធ្នាប់ និង​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ។

បន្ទាប់​មក សម្តេច​ក្រឡាហោម ស ខេ​ង បាន​ចាប់អារម្មណ៍​លើ​វត្តមាន​អតីតៈ​អភិបាលខេត្ត​បាត់ដំបង តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ដែល​បាន​បង្ហាញមុខ​នៅ​ទៅ​នេះ ដើម្បី​បញ្ជាក់​អំពី​ការ​ដឹកនាំ​សម័យ​មុន​ៗ​មក​នោះ គឺជា​បទ​ពិសោធន៍​ល្អ​មួយ​តាម​សម័យកាល តែ​អ្វី​ៗ​គឺ​មានការ​កែទម្រង់​ពី​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ឲ្យ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ សម្តេច​ក្រឡាហោម បាន​បញ្ជាក់​ទៀត​ថា ដោយ​មានការ​លើក​ពេល​ប្រកាស់​អភិបាលខេត្ត​កន្លង​មក​២​ឬ​៣​ដង ក៏​មាន​លេចឮ​ដំ​ណឺង​ពី​សារព័ត៌មាន​មួយ​ចំនួន ដែល​បាន​ផ្សាយ​ក្នុង​ការ​តែងតាំង​អភិបាលខេត្ត​ថ្មី​នេះ គឺជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​នឹង​ថវិកា​រាប់​សែន​ដុល្លារ តែ​តាម​ពិត​សុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​មួយ​នោះ​បង្ហាញ​ឯកសារ តឹកតាង សាក្សី ដែល​បាន​ផ្សាយ​ចោទប្រកាន់​នោះ​មក ព្រោះ​នេះ​គឺជា​ការ​កែទម្រង់​បន្ថែម​ទៀត​របស់​រាជរដ្ឋាភិបាល និង​បន្តវេន​ពី​មន្ត្រី​ចាស់​ដែល​ត្រូវ​ចូល​និវត្តន៍ ។

ចំពោះ​សភាពការណ៍​នយោបាយ សម្តេច​ក្រឡាហោម ស ខេ​ង បាន​បង្ហាញ​ឃ្លី​ប​វី​ដេ​អូ​របស់​លោក សម រង្សី ដែល​បាន​អំពាវនាវ ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​គ្នា​បំបែរ​កាណុង​កាំភ្លើង​ទៅ​ប្រឆាំង​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ត្រូវ​ចុះ​ចេញពី​តំណែង​នោះ គឺជា​សកម្មភាព​ក្បត់ជាតិ​ដូច​លោក កឹ​ម សុខា ដែរ​ហើយ ព្រោះ​រាជរដ្ឋាភិបាល​កើត​មាន​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​របស់​ប្រជាជន មិនមែន​កើតឡើង​ពី​ការ​បំផុសប្រជាជន​ឲ្យ​ធ្វើ​បាតុកម្ម បង្ក​ភាព​ញុះញង់ បង្កើត​បដិវត្តន៍​ពណ៌​ដូច​លោក សម រង្សី និង កឹ​ម សុខា ឡើយ ហើយ​រាជរដ្ឋាភិបាល​កំពុង​តែ​ត្រៀម​រូបភាព​ជា​តឹកតាង​ទាំងនោះ បង្ហាញ​ទៅ​អន្តរជាតិ​ឲ្យ​បាន​យល់​ដឹងផង​ដែរ ។ ជា​ចុង​ក្រោយ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ផ្តាំផ្ញើ​គ្រប់​មន្ត្រី​ទាំងអស់​ត្រូវ​មានការ​រួបរួមសាមគ្គី​គ្នា និង​បែងចែក​ការងារ​ឲ្យ​មានដំណើរ​ការ​ល្អ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ