រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៏ត្រី ទូច ណារ៉ុថ ត្រូវបានក្រសួងមហាផ្ទៃផ្លាស់ឲ្យទៅកាន់តំណែងជាប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃជំនួសលោឧត្តមសេនីយ៍ ជិន សារឿន បន្ទាប់ពីលោកទូច ណារ៉ុថ បានផ្ទេរពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង មកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញរយៈពេល៧ឆ្នាំកន្លងមក បន្សល់ទុករឿងជូរចត់ ចោរប្លន់ធំៗ ប្លន់ម៉ូតូច្រើនកន្លែងស្ទើររាប់មិនអស់ ប្លន់ទូមាស និងចូលប្លន់ដល់ក្នុងផ្ទះ គួរឱ្យព្រឺ គួរឱ្យភ័យខ្លាច ។
ប្រភពបានឲ្យដឹងទៀតថា តំណែងស្នងការនគរបាលស្តីទីរាជធានីភ្នំពេញ ត្រូវគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បន្ថែមលើតួនាទីបច្ចុប្បន្នរបស់លោកជាអគ្គស្នងការរងនគរបាលជាតិ ។ពិធីផ្ទេរតំណែងខាងលើនឹងត្រូវធ្វើនៅដើមសបា្តហ៍ក្រោយនេះ គឺនៅបន្ទាប់ពីព្រះមហាក្សត្រកម្ពុជាឡាយព្រះហស្តលេខាដំឡើងឋានន្តរស័ក្តិលោក ទូច ណារ៉ុថ ជាឧត្តមសេនីយ៍ទោរួចរាល់សិន ។ ក្រៅពីនេះ នៅមានការផ្លាស់ប្តូរមុខនាទីមន្ត្រីជាច្រើនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដូចជាលោកប៉ុល ភិធេយ្យ ស្នងការរងត្រូវដំឡើងទៅកាន់ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ, លោកជួន ណារិន្ទ បច្ចុប្បន្នប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រូវឡើងទៅកាន់ជាស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ