ខេត្តបន្ទាយមានជ័យ ៖ តាមតួលេខបានបង្ហាញថា នៅទូទាំងខេត្តបន្ទាយមានជ័យមានពលរដ្ឋស្លាប់ចំនួន១១នាក់ក្នុងនោះស្រី្ត២នាក់នៅក្នុងអំឡុងទឹកជំនន់នេះ ។ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបានថ្លែងថា នៅខេត្តបន្ទាយមានជ័យមានស្រុក-ក្រុងចំនួន៧រងគ្រោះដោយទឹកជំនន់ចាប់ពីថ្ងៃទី១៥ កញ្ញា រហូតដល់២៧ កញ្ញា តែពេលនេះស្រុក-ក្រុង៣បានស្រកហើយនិងបន្តលិច៤ស្រុក-ក្រុងនៅខាងក្រោមបណ្តាលឱ្យមានអ្នកស្លាប់នៅក្នុងអំឡុងទឹកជំនន់នេះរហូតដល់១១នាក់ក្នុងនោះមានស្ត្រី២នាក់ ។
លោកឧត្តមសេនីយ៍ត្រីស្នងការបានបន្តថា ជាក់ស្តែងនៅថ្ងៃទី២៦ កញ្ញា វេលាម៉ោង១និង៣០នាទីរសៀល ពលរដ្ឋម្នាក់ឈ្មោះជា ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំបានលង់ទឹកស្លាប់នៅចំណុចទឹកហូរដាច់ផ្លូវលំក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ តាមប្រពន្ធជនរងគ្រោះប្រាប់ថា នៅយប់ថ្ងៃទី២៤ កញ្ញា ប្តីគាត់បានចេញពីផ្ទះទាំងស្រវឹងដើម្បីទៅរកហូបចំណីនៅខាងក្រៅហើយក៏បាត់ខ្លួន ដើររកមិនឃើញរហូតដល់ថ្ងៃទី២៦ កញ្ញា វេលាម៉ោង១និង៣០រសៀល ទើបមានគេប្រទះឃើញសពអណ្តែតទឹកក្បែរផ្លូវទឹកហូរដាច់ ។ ប៉ូលិសសន្និដ្ឋានថា ជនរងគ្រោះជិះម៉ូតូឆ្លងកាត់ផ្លូវលិចទឹកក៏បណ្តាលឱ្យដួលលង់ទឹកស្លាប់ ។
ចំពោះអ្នករងគ្រោះដែលស្លាប់១១នាក់នោះគឺ ក្រុងប៉ោយប៉ែតលង់ទឹកស្លាប់២នាក់ ខ្សែភ្លើងឆក់ម្នាក់ ស្រុកម៉ាឡៃលង់ទឹកស្លាប់ម្នាក់ ស្រុកអូរជ្រៅលង់ទឹកស្លាប់២នាក់ ក្រុងសិរីសោភ័ណលង់ទឹកស្លាប់២នាក់ ខ្សែភ្លើងឆក់ម្នាក់ ស្រុកមង្គលបុរីលង់ទឹកស្លាប់ម្នាក់ ស្រុកស្វាយចេកលង់ទឹកស្លាប់ម្នាក់ ស្រុកថ្មពួកលង់ទឹកស្លាប់ម្នាក់ ។ ជាមួយគ្នានេះ ផលប៉ះពាល់លិចស្រូវមានចំនួន៤០.៥៩៩ហិកតា តែមន្ត្រីជំនាញអះអាងថា ស្រូវដែលលិចទឹកនោះមិនខូចទាំងស្រុងទេ ព្រោះទឹកស្រកលឿន។
លោកហួត សុធី អនុប្រធានមន្ទីរកសិកម្មខេត្តថ្លែងថា បើគិតពីថ្ងៃទី៩ កញ្ញា រហូតដល់ថ្ងៃ២៦ កញ្ញា មាន៧ស្រុក-ក្រុងដែលរងផលប៉ះពាល់ដោយទឹកជំនន់ បណ្តាលឱ្យលិចស្រូវសរុបចំនួន៤០.៥៩៩ហិកតា ដំឡូងមី២.៨៦០ហិកតា ពោតក្រហមចំនួន២៥ហិកតា សណ្តែកសៀង៨១ហិកតា ក្នុងនោះមានស្រុកម៉ាឡៃចំនួន៥.៩៧៣ហិកតា ស្រុកអូរជ្រៅចំនួន១០.៩៨៨ហិកតា ស្រុកព្រះនេត្រព្រះចំនួន៣.៧១៥ហិកតា ស្រុកភ្នំស្រុកចំនួន៣៨៥ហិកតា ស្រុកមង្គលបុរី៥.៣២៥ហិកតា ។ ស្រូវដែលលិចទឹករងផលប៉ះពាល់មានប្រភេទស្រូវស្រាលចំនួន៤.២២៤ហិកតា ស្រូវកណ្តាលចំនួន១៩.២៥៤ហិកតា ស្រូវធ្ងន់ចំនួន១១.៧៤៩ហិកតា និងស្រូវឡើងទឹកចំនួន៥.៣៧២ហិកតា ។ ក្រោយពីរងផលប៉ះពាល់ មន្ត្រីជំនាញបានចុះទៅពិនិត្យស្ថានភាពស្រូវដែលលិចទឹករកឃើញថា មិនទាន់ខូចខាតទាំងស្រុងនៅឡើយទេ ព្រោះស្ថានភាពទឹកស្រកលឿន ៕
ចែករំលែកព័តមាននេះ