រាជធានីភ្នំពេញ ៖ លោកចៅក្រម ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលើអង្គសវនាការសំណុំរឿងបាត់បង់ប្រាក់រាប់សិបលានដុល្លារមិនច្បាស់លាស់រវាងលោកឧកញ៉ា កុក អាន និងលោកស្រី ទេព កុលាប-ហេង ឈាង បានប្រកាសសាលដីកាកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៨ កញ្ញា ២០១២ នៅចំពោះមុខអ្នកចូលរួមរាប់សិបនាក់នៅខាងក្នុង និងរាប់រយនាក់នៅខាងក្រៅ ខណៈបញ្ចប់សវនាការជំនុំជម្រះថា លោកស្រី ទេព កុលាប ត្រូវបានលើកលែងការចោទប្រកាន់ទាំងស្រុង រីឯលោកហេង ឈាង ជាស្វាមីត្រូវបង្វិលសំណុំរឿងជូនសាលាឧទ្ធរណ៍បើកការស៊ើបអង្កេត និងជម្រះឡើងវិញ។
សូមបញ្ជាក់ថា ព្រឹកថ្ងៃទី២៨ កញ្ញា ២០១២ គេឃើញក្រុមនិស្សិត និងសាស្ត្រាចារ្យប្រមាណ៥០០នាក់ បានទៅកកកុញមុខតុលាការកំពូល (ខ្លះបានចូល និងខ្លះមិនបានចូលទៅខាងក្នុង) ដើម្បីរង់ចាំស្តាប់លទ្ធផលអង្គសវនាការជម្រះក្តីលោកហេង ឈាង-ទេព កុលាប និងលោកឧកញ៉ា កុក អាន ពាក់ព័ន្ធនឹងសំណុំរឿងបាត់ប្រាក់មិនច្បាស់លាស់ចំនួន៥៨លានដុល្លារ ក្រោមតំណក់គ្រាប់ភ្លៀង និងរលកខ្យល់រងាញាប់ញ័រអង្គប្រាណគ្រប់ៗគ្នា ។
គួរកត់សម្គាល់ផងដែរថា ខណៈសាលដីកាត្រូវបានប្រកាសភ្លាម សំឡេងហ៊ោកញ្ជ្រៀវអឺងអាប់បន្លឺនូវពាក្យជ័យឃោសលាន់ខ្ទរឡើងស្ទើរបែកបរិវេណតុលាការកំពូល និងជ្រែកបរិយាកាសសុសសាយគួរឱ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍… ស្នាមញញឹមលាយពេបខ្សឹកខ្សួល (សើចទាំងទឹកភ្នែក) បានរំលេចឡើងនៅលើផ្ទៃមុខយុវសិស្សប្រុស-ស្រីជាច្រើននាក់ដែលជ្រកក្រោមសំយាបដំបូលនៃអគារតុលាការកំពូលគេចពីតំណាក់គ្រាប់ភ្លៀង ហើយដៃរបស់គេលើកផាត់ទឹកភ្នែកយ៉ាងរហ័សបន្លំមិនឱ្យគេដឹងថា ពួកគេកំពុងតែរំភើបរហូតដល់ថ្នាក់យំបាននិយាយថា រំភើបណាស់! យុត្តិធម៌ត្រូវឈ្នះអយុត្តិធម៌… អំពើល្អត្រូវតែឈ្នះអំពើអាក្រក់… ។
អ្វីដែលគួរកត់សម្គាល់មួយទៀត គឺពេលបើកសវនាការនាព្រឹកនោះ ផ្ទៃមេឃបានបង្អុរភ្លៀងយ៉ាងខ្លាំងស្រោចស្រពលើរាជធានីភ្នំពេញ ហាក់លាងជម្រះភាពកខ្វក់នៅតាមទីសាធារណៈនានា និងហាក់ជាសញ្ញាទឹកភ្លៀងលាងជម្រះភាពកខ្វក់ដែលប្រឡាក់លោកស្រីទេព កុលាប-ហេង ឈាង យ៉ាងដូច្នោះដែរ ។ ក្រុមអ្នកច្បាប់លើកឡើងផងដែរថា ការចោទប្រកាន់មនុស្សមានកិត្តិយសក្នុងសង្គម ដោយខ្វះភស្តុតាងត្រឹមត្រូវ ការឃុំខ្លួនជិតមួយឆ្នាំនេះ តើមានអ្វីប៉ះប៉ូវសេចក្តីថ្លៃថ្នូរកិត្តិយស និងពេលវេលាខាតបង់របស់ជនជាប់សង្ស័យ (ហេង ឈាង-ទេព កុលាប) ដែរទេ?
សូមបញ្ជាក់ថា រឿងក្តីបាត់ប្រាក់ជាង៥៨លានដុល្លារ បានធ្វើឱ្យកក្រើករញ្ជួយប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ឆ្លងចូលស្ទើរពេញមួយឆ្នាំ២០១២នេះទៀត រវាងឧកញ៉ា កុក អាន និងលោកហេង ឈាង-លោកស្រីទេព កុលាប ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ។
រឿងដែលគួរឱ្យចាប់អារម្មណ៍នេះគឺមាននិស្សិត និងសាស្ត្រាចារ្យជាច្រើនពាន់នាក់សំណូមពរ និងលុតជង្គង់អង្វរសុំទៅសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតឱ្យជួួយធ្វើអន្តរាគមន៍រកយុត្តិធម៌ជូនលោកស្រីទេព កុលាប និងស្វាមី ។ ចំណែកខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញក៏ធ្លាប់ចេញលិខិត២ច្បាប់បង្គាប់ឱ្យលោកកាក់ កី ដែលជាសវនករឯករាជ្យឱ្យសរសេរលិខិតទៅជម្រាបតុលាការកុំឱ្យមានការយល់ច្រឡំ ព្រោះរបាយការណ៍របស់លោកកាក់ កី ដែលធ្វើឱ្យឧកញ៉ាកុក អាន ប្តឹងលោកស្រីទេព កុលាប និងស្វាមីដាក់ពន្ធនាគារជាង១ឆ្នាំនេះ គឺបង្ហាញតែប្រតិបត្តិការមួយចំហៀងតែប៉ុណ្ណោះ ។
លោកកាក់ កី មិនបានធ្វើតាមការណែនាំរបស់ស្ថាប័នអាណាព្យាបាលរបស់គាត់ឡើយ ទើបនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ក្រុមប្រឹក្សាជាតិគណនេយ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើលិខិតមួយច្បាប់ជូនទៅប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលដើម្បីពិចារណាធ្វើបដិសវនកម្មលើរបាយការណ៍របស់លោកកាក់ កី និងបញ្ជាក់ថា របាយការណ៍របស់លោកកាក់ កី ជារបាយការណ៍មិនប្រក្រតី និងមិនទាន់អាចប្រើបាននៅក្នុងរឿងក្តីនេះ ៕
ចែករំលែកព័តមាននេះ