AFP បានផ្សាយថា មហាសេដ្ឋីជនជាតិហុងកុងនឹងផ្តល់ប្រាក់រង្វាន់ចំនួន៦៥លានដុល្លារ ដល់បុរសណាម្នាក់ មិនថាជាអ្នកមាន ឬអ្នកក្រីក្រទេ ដែលអាចឈ្នះកូនស្រីវ័យ៣៣ឆ្នាំ ជាអ្នកស្រឡាញ់ភេទដូចគ្នា ឱ្យបែរមកស្រឡាញ់ភេទផ្ទុយគ្នាវិញ ដើម្បីបង្កើតកូនចៅស្នងវង្សត្រកូល ។
សារព័ត៌មានឆៃណាម័រនីងប៉ុស្តិ៍ បានផ្សាយឱ្យដឹងថាមហាសេដ្ឋីសេស៊ីល ឆាវ ប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន៥០០លានដុល្លារហុងកុង ក្រោយពីលេចឮដំណឹងថា នាងគីគី ជាកូនស្រីបានរៀបការជាមួយគូស្នេហ៍ភេទដូចគ្នា នៅប្រទេសបារាំង កាលពីដើមឆ្នាំកន្លងមក ក្រោយពីសេពគប់គ្នាអស់រយៈពេលជាង៧ឆ្នាំ ។ ព័ត៌មានពីរឿងរៀបការនោះ លុះក្រោយមកទើបដឹងថាមិនពិត ។ ការរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នានៅហុងកុង មិនមានការទទួលស្គាល់ទេ ។
លោកឆាវមានអាយុ៧៦ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Cheuk Nang បានថ្លែងថា «ខ្ញុំមិនចាប់អារម្មណ៍ថា បុរសម្នាក់នោះមានទ្រព្យស្តុកស្តម្ភ ឬក្រីក្រទេ តែអ្វីដែលសំខាន់គ្រាន់តែចង់ឱ្យគេមានគំនិត និងជាមនុស្សល្អ ។ នាងគីគី ជាស្ត្រីដ៏ល្អម្នាក់ ទាំងផ្នែកទេពកោសល្យ និងរូបរាង ។ នាងបានផ្តល់ពេលវេលារបស់ខ្លួនដល់ក្រុមគ្រួសារ ជាមនុស្សមានទឹកចិត្តល្អ និងធ្វើការងារល្អផងដែរ» ។
លោកឆាវ ជាមនុស្សមានមុខមាត់នៅក្នុងហុងកុង និងតែងតែបង្ហាញខ្លួននៅក្នុងពិធីសាធារណៈនានា រួមជាមួយភរិយាជារឿយៗ ។ វាពិតជារឿងលំបាកមួយសម្រាប់បុរសដែលចង់បន្ទន់ចិត្តនាងគីគី ដោយសារតែនាងឃើញនារីភេទដូចគ្នា មិនខុសពីបុរសឃើញស្រីស្អាតនោះទេ ។ តើបុរសណាទៅមានវាសនាបាននាងជាគូគាប់ ហើយបាន៦៥លានដុល្លារថែមទៀតនោះ មានតែការតាមដានប៉ុណ្ណោះក្រោយការប្រកាសនេះ ៕
ចែករំលែកព័តមាននេះ