ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេតុង​ទីន​វេច​លុយ​2​ការុង​រត់​គេច​បាត់ កូន​ជាង​500​នាក់​ឆោឡោ​នាំ​គ្នា​ឡោ​មព័ទ្ធ​ផ្ទះ​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ប្រភព​ព័ត៌​មាន​បាន​រាយ​ការណ៍ថា​ ប្រជាពល​រដ្ឋ​ជាង​៥០០​នាក់​ នៅ​ភូមិ​អូរ​ ឃុំពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ដែល​សុទ្ធសឹង​ជា​អ្នក​លេង​​តុង​ទីន​ បានប្រមូល​ផ្ដុំគ្នាស្រែកទាមទារ​​សុំ​ជំនួយ​ពីសមត្ថកិច្ចអស់​រយៈ​ពេល៤​ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃទី​២៧​ កញ្ញា​ ​​ក្រោយ​ពីដឹង​ថា​ ស្រ្តី​មេតុងទីន​បាន​កើបប្រាក់​ច្រកជាង​២ការុង​ដឹក​តាម​រថយន្ត​តាក់​ស៊ីរត់​ចោល​ស្រុក ។

ខេត្ត​បាត់​ដំបង ៖ ប្រភព​ព័ត៌​មាន​បាន​រាយ​ការណ៍ថា​ ប្រជាពល​រដ្ឋ​ជាង​៥០០​នាក់​ នៅ​ភូមិ​អូរ​ ឃុំពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ដែល​សុទ្ធសឹង​ជា​អ្នក​លេង​​តុង​ទីន​ បានប្រមូល​ផ្ដុំគ្នាស្រែកទាមទារ​​សុំ​ជំនួយ​ពីសមត្ថកិច្ចអស់​រយៈ​ពេល៤​ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃទី​២៧​ កញ្ញា​ ​​ក្រោយ​ពីដឹង​ថា​ ស្រ្តី​មេតុងទីន​បាន​កើបប្រាក់​ច្រកជាង​២ការុង​ដឹក​តាម​រថយន្ត​តាក់​ស៊ីរត់​ចោល​ស្រុក ។

តាម​ការ​ផ្ដល់ព័ត៌​មាន​ថា​ ស្រ្តីមេតុង​ទីន​ដែល​វេច​ប្រាក់រាប់​រយលានរៀល​​​រត់ចោល​កូនៗ​នោះ​ឈ្មោះ​ឡោ​ ញ៉​ អាយុ៥៤ឆ្នាំ​ នៅភូមិអូរ​ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ។​ ​មេតុង​ទីន​រូប​នេះ​បាន​វេច​លុយរត់កាល​ពីវេលា​ម៉ោង​ជិត​៥ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា​​ ជាមួយនឹងកូន​ស្រីម្នាក់ ។​ មេតុងទីន​នេះ​ត្រូវ​​គេដឹង​ថា​ បានគេចខ្លួន​តាម​​​រថយន្ត​តាក់​ស៊ី​ ជា​មួយនឹងលុយ​ជាង​២ការុង​ រីឯលុយ​មួយ​ចំនួន​ទៀត​ត្រូវកូន​ស្រីម្នាក់ស្ពាយ​ចេញ​ពីផ្ទះ​តាម​ក្រោយ​ ហើយណាត់​ជួប​គ្នាតាម​ផ្លូវ​ រួច​ចេញ​ដំណើរ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ ទាំង​យប់​តែ​ម្ដង ។  កូនៗ​តុងទីន​បញ្ជាក់​ថា​ ដំបូងគ្មាន​អ្នក​ណា​បាន​ដឹងពីគម្រោង​មេតុង​ទីន​បោក​នេះ​ទេ​ លុះ​ព្រឹក​ថ្ងៃទី២៤ កញ្ញា ទើបមាន​ការ​ភ្ញាក់​ផ្អើល ដោយ​​សារ​ផ្ទះ​មេតុង​ទីនខាង​លើបិទ​ទ្វារ​មិន​ឃើញ​ម្ចាស់​នៅ ។

កូន​តុង​ទីន​ឈ្មោះ​សារ៉ាយ​ ចំរើន​ ភេទ​ប្រុស​ អាយុ៣៨ឆ្នាំ​ បាន​ប្រាប់កោះ​សន្តិភាព​ថា តុងទីន​នេះ​មាន​ច្រើន​ក្បាល​ ដោយ១ក្បាល​ត្រូវ​បង់​ប្រាក់​ចំនួន​១ម៉ឺន​រៀល​ជារៀង​រាល់​ថ្ងៃ​ ដោយ​ចាប់​ផ្ដើម​លេង​តាំង​ពីអំឡុង​ខែមេសា​ ឆ្នាំ២០១២ រហូតមក ​ដែលមាន​មេឈ្មោះ​ឡោ​ ញ៉​ ភេទស្រី​អាយុ៥៤ឆ្នាំ​ និងមានកូនៗ​សរុប​ចំនួន​៥៣៧​នាក់​ ។​ លោកសារ៉ាយ ​ចំរើន​ បន្តថា​ កាលចាប់​ផ្ដើម​លេង​​ប៉ុន្មាន​ខែដំបូង​ មេតុងទីនរូបនេះ​ហាក់ដូច​​បង្ក​ភាព​ងាយ​ស្រួលណាស់​ ទាំង​ការ​ប្រមូល​លុយ​ ទាំង​ការ​ដេញយក​លុយ គឺមិនដែល​ជំពាក់​កូន១​សេន​ទេ ទើបតែ​​​ដល់​ខែកញ្ញា​នេះ​ ស្រាប់​តែ​មេតុង​​ទីន​រូប​នេះ​រៀបចំគម្រោង​កើប​លុយ​រត់​ចោល​កូនៗ​តែ​ម្ដង ។​ គាត់​បញ្ជាក់​ថា​ ចាប់តាំង​ពីថ្ងៃទី១ កញ្ញា​ រហូត​ដល់​ថ្ងៃទី២៣ កញ្ញា  (ថ្ងៃ​មេ​រត់)​ មេតុង​ទីន​នេះបាន​ប្រមូល​លុយ​រហូត​តែពេល​កូនៗ​ដេញ​បានបែរ​ជាមិន​ប្រគល់​លុយ​នោះ​ឲ្យ​កូន​ដោយ​លើក​​ហេតុផល​បែប​បោក​ប្រាស់​​មិន​ចេះ​ចប់​ ហើយ​គ្រានោះកូនៗ​ក៏ចាប់  ផ្ដើ​មសង្ស័យ​រហូត​មក​ដែរ ។​ លុះនៅ​ល្ងាច​ថ្ងៃទី២៣ កញ្ញា​ ស្រាប់​តែ​ស្រ្តី​​មេតុងទីននេះ​វេចលុយ​រត់​មែន​​ធ្វើឲ្យមាន​ការភ្ញាក់​ផ្អើលពេញ​ស្រុកភ្នំព្រឹក ។​ លោកសារ៉ាយ ​ចំរើន​ បន្ត​ថា​ គាត់​លេងតុងទីន​ជាមួយមេបោក​ខាង​លើ​នេះ​ចំនួន៥ក្បាល​អស់​លុយ​​សរុបចំនួន៥​លាន​រៀល ។
រីឯ​ស្រ្តីម្នាក់​​ឈ្មោះ​សេង​ សុខ​ឃឿន​ អាយុ​២៦​ឆ្នាំ​ បានប្រាប់​ដែរ​ថា​ គាត់លេង​ចំនួន​៨ក្បាល​ ដែលត្រូវបង់​លុយ​១​ក្បាល​១ម៉ឺន​រៀល​ជា​ប្រចាំ​ថ្ងៃ​ ដោយចាប់​តាំង​ពីថ្ងៃ​ទី១​ ដល់​ថ្ងៃទី​២៣ កញ្ញា​​ គឺគាត់អស់លុយ​សរុប​ចំនួន៦​លាន​រៀល ។​ ចំណែក​ប្អូនស្រីគាត់​ក៏​​អស់៣​លាន​រៀល​ដែរ​ និង​មាន​កូនខ្លះ​ទៀត​អស់ពី១០​លានរៀល​ដល់​ជិត​២០​​លាន​រៀល​ក៏មាន​ ។

តាមការ​បញ្ជាក់ពី​កូនៗ​តុងទីន​ថា​ ក្នុងរយៈ​ពេល​២៣ថ្ងៃចុង​ក្រោយ​ក្នុង​ខែ​កញ្ញា​នេះ​ ដែល​មេតុងទីនខាង​លើកើបលុយរត់ មាន​ទឹកប្រាក់​សរុប​​ជាង១២៣​លានរៀល ។​ ពួក​គេនិយាយ​ថា កូន​តុង​ទីនរាប់រយ​នាក់បាន​ប្រមូល​ផ្ដុំគ្នានៅ​មុខ​ផ្ទះ​មេតុង​ទីនឈ្មោះ​ឡោ​ ញ៉​ ចាប់តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ កញ្ញា​ រហូតដល់ថ្ងៃទី២៧ កញ្ញា​ តែ​​គេមិន​ឃើញ​មានអាជ្ញាធរ​ ឬសមត្ថ​កិច្ចណា​មក​សួរ​នាំ​ទេ  ហើយក៏មិន​មក​ក្បែរ​ដែរ ។ ក្រុមអ្នក​លេង​តុងទីន​ទាំង​នោះ​បញ្ជាក់​ថា​ ពួកគេបាន​ចូល​ទៅ​ដាក់​ពាក្យ​​​បណ្ដឹង​នៅអធិការ​ដ្ឋា​ននគរ​​បាល​​ស្រុក​ភ្នំ​ព្រឹកដែរ​ តែ​គេមិន​ទទួល​ចាត់​ការ​ដោយសមត្ថ​កិច្ចដេញ​ឲ្យ​ពួក​គាត់ទៅ​ប្ដឹង​នៅតុលាការ​​វិញ​ ហើយ​​ពេល​នេះ​ពួក​គាត់នៅតែបន្តឡោម​ព័ទ្ធផ្ទះ​មេតុងទីន​នេះនៅ​ឡើយ ។

ទាក់ទិននឹង​ករណីនេះ​ អធិការ​នគរ​បាល​ស្រុក​ភ្នំព្រឹក​លោក​សុង​​ សុភ័ក្រ​្ត បាន​ប្រាប់​កោះ​សន្តិ​ភាពនៅព្រឹក​ថ្ងៃទី២៧ កញ្ញា ថា​ ក្រោយ​ពី​ស្រ្តីមេតុង​ទីន​នោះ​វេច​ប្រាក់​រត់ចោល​ស្រុក មាន​តំណាង​កូនៗតុងទីនជិត​១០មកដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​លោក​ដែរ​ តែដោយសារ​ល្បែង​តុង​ទីន​នេះពិបាកចាត់​ការ​ពេក​ និងគ្មាន​ឯក​សារ​ច្បាស់​លាស់​ផង​ ទើបលោកមិន​បាន​ទទូល​ តែបាន​ប្រាប់​ឲ្យ​ពួក​គាត់​ទៅប្ដឹង​នៅ​តុលាការ​វិញ​ ព្រោះ​អាច​ចាត់​ការលឿន​ជាង ។​ ប៉ុន្តែជាមួយ​គ្នានេះ​លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ជាថ្មី​ថា​ ឥឡូវ​បើ​អ្នកចាញ់បោក​លុយ​តុងទីន​ទាំងនោះ​មក​ដាក់​បណ្ដឹង​ជា​ថ្មី​លោក​នឹង​ទទួល​ចាត់​ការ​ តែបាន​ត្រឹម​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​តែប៉ុណ្ណោះ​ ព្រោះមេតុង​ទីនបាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។

ទោះ​ជា​​យ៉ាង​នេះក្ដី បើតាម​ក្រុមអ្នក​លេង​តុង​ទីន​ដដែល​ បាន​បន្ថែម​ថា​ ​មេតុង​ទីន​បោក​ឈ្មោះ​ឡោ ​​ញ៉​ នេះនៅមាន​កូនស្រី​ម្នាក់ទៀត​ឈ្មោះ​លីន​ អាយុប្រហែល​២៧​ឆ្នាំ​ ក៏ធ្វើ​មេតុង​ទីន​ ​ហើយ​ក៏កំពុងត្រៀម​វេចលុយ​រត់ដូច​ម្ដាយ​ដែរ ។ តាមសរុបទឹក​ប្រាក់​មាន​ជាង​២០០​លាន​រៀល​​ ដែលពេលនេះកូនៗ​ជាង៥០០​នាក់កំពុង​ឡោម​ព័ទ្ធផ្ទះ​ទារ​ប្រាក់​នេះវិញ​ ។​ ពួក​គេ​បញ្ជាក់ថា​ ក្រុម​អ្នក​តវ៉ាក៏បាន​ប្ដឹងសមត្ថ​កិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​មេតុង​ទីន​ឈ្មោះ​លីន​ ជាកូន​ស្រី​មេតុង​ទីន​ឈ្មោះ​ញ៉​ ដែរ​ តែសមត្ថ​កិច្ចមិន​បាន​អើ​ពើនឹង​បណ្ដឹង​នេះ​ទេ​ បើទោះជា​មេតុង​ទីន​ម្នាក់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទះ​ ហើយកូន​តុងទីន​រាប់​រយ​នាក់​កំពុង​ឡោម​ព័ទ្ធមិន​ឲ្យចេញ​ក្រៅផ្ទះ​នៅ​ឡើយ​ក្ដី ។

កោះ​សន្តិភាព មិនអាច​ស្វែងរកការ​បំភ្លឺពីស្រ្តី​មេតុង​ទីន​ឈ្មោះ​ឡោ​ ញ៉​ និងសាច់​ញាតិ​ណា​ម្នាក់​បាននៅ​ឡើយ​ទេ​ នៅព្រឹកថ្ងៃទី២៧ កញ្ញា​ ជុំវិញ​ការ​ចោទប្រកាន់​ពីកូន​ៗរាប់រយ​នាក់ខាង​លើនេះ។ ប៉ុន្តែតាម​ប្រភពព័ត៌​មាន​ថា​ មេតុងទីន​ឈ្មោះ​ញ៉ និង​ក្រុម​​គ្រួសារ​​កំពុងសម្ងំលាក់​ខ្លួននៅ​ភ្នំ​ពេញ លើក​លែង​តែកូន​ស្រីឈ្មោះ​លីន​ ដែលជា​មេតុង​ទីនដែរ​នោះកំពុង​ត្រូវអ្នក​ភូមិ​តាម​ស្ទាក់​ និង​ឃ្លាំ​មើល​ទាំង​យប់​ទាំង​ថ្ងៃ​ក្រែងវេចប្រាក់​ជាង​២០០​លានរៀល​ដោយឡែក​ផ្សេងទៀត​រត់ចោល​ស្រុក​ដែរ ៕